ភ្នំពេញ៖ យុវជន៣នាក់ ត្រូវកម្លាំងសមត្ថកិច្ចខណ្ឌសែនសុខឃាត់ខ្លួនករណីរក្សាទុកនូវសារធាតុញៀន ខុសច្បាប់ជាប់នឹងខ្លួនកាលពីវេលាម៉ោង៦និង៤០នាទីល្ងាច ថ្ងៃទី ១៥ ខែតុលា ឆ្នាំ២០១៦ លើកំណាត់ផ្លូវសហព័ន្ធរុស្ស៊ី មុខវត្តទឹកថ្លា ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
សមត្ថកិច្ចប្រាប់ថា ជនសង្ស័យទី១ មានឈ្មោះ គីន ប៊ុនហុង ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរ កម្មកររោងចក្រ ស្នាក់នៅភូមិ បុរីកម្មករ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ។ ទី២ ឈ្មោះ លី សេងហួរ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរ កម្មកររោងចក្រ ស្នាក់នៅភូមិ បុរីកម្មករ ឃុំបែក ចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ។ ទី៣ ឈ្មោះ ជា រ៉ាវុធ ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរ មើលការខុសត្រូវកន្លែងស្តុកខ្សែកាបមួយកន្លែង ស្នាក់នៅ ភូមិកោះចិន ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល ។
ប្រភពឲ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យបានជិះម៉ូតូមួយគ្រឿងម៉ាក MSX ពណ៌ក្រហម អត់ស្លាកលេខ មានគ្នា៣នាក់ ក្នុងទិសដៅពីលិចទៅកើត ខណៈកំពុងជិះម៉ូតូ បានឃើញកម្លាំង សមត្ថកិច្ចចេញល្បាតតាមដងផ្លូវ ជនសង្ស័យម្នាក់បានហុចថ្នាំញៀនអោយទៅមិត្តភ័ក្តទុក ឃើញទិដ្ឋភាព ជាក់ស្តែងបែបនោះ សមត្ថកិច្ចបានហៅម៉ូតូអោយឈប់ និងត្រួតពិនិត្យ ក្នុងនោះឃើញមានក្រាម សថ្លា៣កញ្ចប់ ក្រោយត្រួតពិនិត្យឃើញថា យុវជនខាងលើមានរក្សាទុកនូវ គ្រឿងញៀនខុសច្បាប់ សមត្ថកិច្ច ក៏បាននាំខ្លួនមកកាន់ប៉ុស្តិ៍រដ្ឋបាលសង្កាត់ទឹកថ្លាដើម្បីសួរនាំ ។
នៅចំពោះមុខសមត្ថកិច្ច យុវជន ជា រ៉ាវុធ បានសារភាពថា ថ្នាំញៀនខាងលើខ្លួនបានយកចិញ្ជៀនមួយវង់ យកទៅដាក់ក្នុងតម្លៃ១០ម៉ឺននៅចំណុចភូមិបុរីកម្មករ និងទិញថ្នាំញៀនដាក់តាមខ្លួនទុកប្រើប្រាស់ ដោយថ្ងៃនេះ មានការប្រកួតបាល់ទាល់រវាងកម្ពុជា ឡាវ ខ្លួននិងមិត្តភក្តិ២នាក់ទៀតបាននាំគ្នាជិះម៉ូតូមួយគ្រឿង ទៅស្តាតអូឡាំពិក ខណៈវិលមកវិញបានពាក់កណ្តាលផ្លូវ ស្រាប់តែសមត្ថកិច្ចឃាត់ខ្លូនតែម្តង ។
បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាងកំពុងឃាត់ខ្លួននៅអធិការដ្ឋានខណ្ឌសែនសុខចាត់ការតាមផ្លូវច្បាប់ ៕ តុង សីហា