ព័ត៌មានទាន់ហេតុការណ៍៖

ណាហ្គាវើលបេះដូងសប្បុរសឧបត្ថម្ភអង្ករ៥០០គីឡូក្រាមប្រចាំខែដល់មណ្ឌលកុមារកំព្រាចំនួន៥

ចែករំលែក៖

ភ្នំពេញ៖ ណាហ្គាវើលបេះដូងសប្បុរស ដោយមានការគាំទ្រពីបុគ្គលិក និងថ្នាក់គ្រប់គ្រងរបស់ក្រុមហ៊ុនណាហ្គាវើល បានបន្តការឧបត្ថម្ភអង្ករប្រចាំខែរបស់ពួកខ្លួនដល់អង្គការចំនួន ៥ ដូចជា៖ អង្គការមូលនិធិបារាំងសម្រាប់កុមារកម្ពុជា អង្គការម៉ាកណា អង្គការបណ្តុះបណ្តាលកុមារកំព្រា យុវជនពិការ និងស្រ្តីក្រីក្រ អង្គការអភិវឌ្ឍន៍សហគមន៍ និងកុមារក្រីក្រ និងអង្គការខេមរា។ មានអ្នកទទួលផលប្រយោជន៍ជាង ២០០ នាក់ជាកុមារ និងស្រ្តីមេម៉ាយដែលស្នាក់នៅក្នុងអង្គការទាំងនេះ។

ការឧបត្ថម្ភអង្ករជាប្រចាំខែនេះ បានចាប់ផ្តើមតំាងពីដើមឆ្នាំ ២០១៥ នៅពេលដែលអង្គការទាំងនេះបានស្នើសុំការឧបត្ថម្ភអង្ករពីណាហ្គាវើលបេះដូងសប្បុរស។ បន្ទាប់ពីសិក្សាវាយតម្លៃ ណាហ្គាវើលបេះដូងសប្បុរស បានយល់ឃើញពីភាពចាំបាច់ក្នុងការផ្តល់អង្ករដល់អង្គការទាំង ៥ នេះ។

លោក James Ma នាយកផ្នែកទំនាក់ទំនងបុគ្គលិក និងការងារសង្គមណាហ្គាវើល បានមានប្រសាសន៍ថា ណាហ្គាវើលបេះដូងសប្បុរសបានយកចិត្តទុកដាក់យ៉ាងខ្លាំងលើសុខុមាលភាពរបស់កុមារ និងស្រ្តីមេម៉ាយ។ គាត់បានមានប្រសាសន៏ថា ការបំពេញនូវក្រពះរបស់ពួកគេ គឺជាការងារដំបូងបំផុត។

ប្រសិនបើមិនបំពេញនូវតម្រូវការចាំបាច់នេះមុនទេ គឺយើងមិនបាច់និយាយពីការអភិវឌ្ឍក្នុងវិស័យផ្សេងៗឡើយ។ ជារៀងរាល់ពេលដែលពួកយើងបានចុះសួរសុខទុក្ខកុមារ និងស្រ្តីមេម៉ាយទាំងនេះ យើងពិតជារីករាយដែលឃើញពួកគេរស់នៅដោយមានអាហារហូបចុកគ្រប់គ្រាន់ដែលយើងបានឧបត្ថម្ភ ។

បន្ថែមពីលើការឧបត្ថម្ភអង្ករដែលជាតម្រូវការចាំបាច់នេះ យើងបានរៀបចំកម្មវិធីអប់រំជាច្រើនជាមួយនិងកុមារផងដែរ។ យើងសង្ឃឹមថា ពួកគេនឹងអាចបន្តការសិក្សារបស់ពួកគេបានដូចកុមារដទៃទៀត បើទោះបីពួកគេជួបប្រទះនូវស្ថានភាពជាលំបាកយ៉ាងណាក៏ដោយ។

កុមារី សេង សុម៉ាលី អាយុ ១៤ ឆ្នាំ កំពុងសិក្សានៅកម្រិតអនុវិទ្យាល័យដែលស្នាក់នៅក្នុងអង្គការមួយក្នុងចំណោមអង្គការទាំងនេះ បាននិយាយថា “ខ្ញុំពិតជាថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងរីករាយជាខ្លាំងដែលទទួលបានការឧបត្ថម្ភអង្ករប្រចាំខែដល់អង្គការរបស់ខ្ញុំពីណាហ្គាវើលបេះដូងសប្បុរស។ មានកុមារកំព្រាជាច្រើនដែលកំពុងរស់នៅក្នុងបណ្ឌលកុមារកំព្រាទាំងនេះ ត្រូវការជំនួយពីសប្បុរសជនគ្រប់មជ្ឈដា្នន។ ជាមួយការឧបត្ថម្ភអង្ករជារៀងរាល់ខែនេះ ពួកយើងមិនចាំបាច់ព្រួយបារម្ភអំពីអាហារប្រចាំថ្ងៃរបស់យើងឡើយ។ ខ្ញុំសង្ឃឹងថា ណាហ្គាវើលបេះដូងសប្បុរស នឹងបន្តឧបត្ថម្ភអាហារសម្រាប់ពួកយើងទៀត។ ខ្ញុំសូមជូនពរឲ្យបុគ្គលិកណាហ្គាវើលទទួលបានជោគជ័យក្នុងមុខជំនួញ និងការងាររបស់ពួកគេ”៕ ស តារា

img_2783 img_2782


ចែករំលែក៖