ភ្នំពេញ ៖ យុវជន២នាក់ ត្រូវកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក ឃាត់ខ្លួន ខណៈដែលពួកគេជិះម៉ូតូឆ្លងកាត់គោលដៅសមត្ថកិច្ចកំពុងល្បាត ដោយមានការសង្ស័យកម្លាំងសមត្ថកិច្ចហៅឆែកឆេររកឃើញថ្នាំញៀនជាប់ខ្លួនមួយកញ្ចប់ ទើបឃាត់ខ្លួនតែម្តង ។
ករណីឃាត់ខ្លួនជនសង្ស័យទាំង២នាក់នេះ បានធ្វើឡើងកាលពីវេលាម៉ោង២២និង៣០នាទីយប់ ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៦ នៅចំណុចប្លុករោងចក្រឆ្នាំង សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ។
តាមប្រភពពីមន្រ្តីនគរបាលមូលដ្ឋាន បានឲ្យដឹងថា ជនសង្ស័យទាំង២នាក់នេះ ទី១ឈ្មោះ វល្លិ៍ ឡេង ភេទ ប្រុស ២២ឆ្នាំ ស្រុកកំណើត ភូមិជើងភ្នំ ឃុំជើងភ្នំស្រុកបាភ្នំ ខេត្ត ព្រៃវែង ស្នាក់នៅផ្ទះជួលផ្លូវលំសង្កាត់ទួលសង្កែ ខណ្ឌ ឬស្សីកែវ ;ទី២ ឈ្មោះ ម៉េង ម៉េត ភេទ ប្រុស អាយុ ២១ឆ្នាំ ស្នាក់នៅ ក្នុងការដ្ឋានសំណង់ក្នុងសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ ។ ចំណែកឯវត្ថុតាំងចាប់យកពីជនសង្ស័យមានថ្នាំញៀនប្រភេទម៉ាកទឹកកក ១កញ្ចប់តូច ។
មន្ត្រីដដែលបានបន្តទៀតថា នៅមុនពេលឃាត់ខ្លួនយុវជនទាំង២នាក់នេះគឺកម្លាំងបានដាក់គោកដៅដើម្បីពួនស្ទាក់ និងការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន ក្នុងខណៈនោះ ក៏បានឃើញជនសង្ស័យទាំង២នាក់ជិះម៉ូតូម៉ាក ស្មាសវី ពណ៌ ខ្មៅ ពាក់ស្លាកលេខ កណ្តាល ១N ២៤៩៣ ឆ្លងកាត់គោលដៅដោយមានការសង្ស័យ ទើបហៅឲ្យឈប់ដើម្បីត្រួតពិនិត្យ ហើយនៅពេលកម្លាំងឆែកឃើញថ្នាំញៀនជាប់ខ្លួនទើបឃាត់ខ្លួនតែម្តង។
បើតាមចម្លើយជនសង្ស័យឈ្មោះ វល្លិ៍ ឡេង បានឲ្យដឹងថា មុនពេលកើតហេតុ ក្រោយពីផឹកស្រាស្រវឹងហើយនោះ រូបគេបានជិះម៉ូតូឌុបជនសង្ស័យឈ្មោះម៉េង ម៉េត មករោងចក្រឆ្នាំង ដើម្បីទិញថ្នាំញៀនមកប្រើប្រាស់ ដោយក្នុងមួយកញ្ចប់តម្លៃ២ម៉ឺនរៀល ។
បច្ចុប្បន្នជនសង្ស័យ រួមនឹងថ្នាំញៀន ត្រូវបានបញ្ចូនទៅឃុំខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរ និងចាត់ការតាមច្បាប់ ៕ ស ដារ៉ា