ភ្នំពេញ : ប្រជាពលរដ្ឋជាអ្នកដំណើរ ក៏ដូចជាអ្នករស់នៅ អមសងខាងផ្លូវកៅស៊ូ មួយខ្សែនៅសង្កាត់បឹងកេងកងទី៣ បាន ខូចក្រហេងក្រហូង ដោយកន្លែងខ្លះខូចដូចថ្លុកក្របីហើយ សូមអាជ្ញាធរខណ្ឌចំការមន និងមន្ទីរសារធារណ:ការ និងដឹកជញ្ជូន ជួយចុះពិនិត្យមើលផង កុំទុកឲ្យផ្លូវមួយខ្សែនេះ ខូចធ្ងន់ធ្ងរបន្ថែមទៀត ។
បើយើងធ្វើដំណើរតាមផ្លូវលេខ៩៥ ចាប់ពីកែងផ្លូវលេខ៣១០រហូតមកដល់កែងផ្លូវលេខ៣៦០ស្ថិតនៅក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន នោះអ្នកធ្វើដំណើរនឹងបានឃើញផ្លូវខូចក្រហេងក្រហូងដោយកន្លែងមិនមិនខាន និងកន្លែងខ្លះខូចដូចថ្លុកក្របីទៅហើយ។
ប្រជាពលរដ្ឋបានលើកឡើងថា ផ្លូវមួយខ្សែនេះចាប់ខូចជាយូរមកហើយ ដោយកាលពីមុនមានក្រឡុកតូចទេ ឥឡូវនេះក្រឡុកចាប់រីកធំទៅៗដូចថ្លុកក្របីទៅហើយ ដូច្នេះប្រជាពលរដ្ឋ សំណូមពរដល់សាលារាជធានីភ្នំពេញ ជាពិសេសសាលាខណ្ឌចំការមន និងមន្ទីរសាធារណៈការមេត្តាចុះទៅពិនិត្យមើល និងធ្វើការជួសជុលផ្លូវនេះឡើងវិញផងកុំទុកឲ្យផ្លូវមួយខ្សែនេះខូចធ្ងន់ធ្ងរជាងនេះទៀត។
គួរបញ្ជាក់ផងដែរថា នាពេលកន្លងមក លោកប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានធ្វើការព្រមានត្រង់ៗទៅអភិបាលគ្រប់ខណ្ឌក្រោមឱវាទ គឺតម្រូវឲ្យមានការទទួលខុសត្រូវ ជាពិសេសលើការងារជួសជុល និងថែទាំប្រព័ន្ធផ្លូវថ្នល់ និងប្រព័ន្ធលូក្នុងភូមិសាស្ត្ររបស់ខ្លួន ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍ និងការរស់នៅរបស់ប្រជាពលរដ្ឋ បើការងារនេះ ធ្វើមិនបានទេ មានន័យថា អសមត្ថភាព ចឹងគួរដើរចេញតែម្តងទៅ ទុកឲ្យគេមានសមត្ថភាពធ្វើម្តង ៕ ជ្រោយពេជ្រ