ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្ត្រី​ការបរទេស​អ៊ីរ៉ង់៖ប្រសិនបើ​បញ្ឈប់​ការវាយប្រហារ​ នោះ ​ច្រកសមុទ្រ​ Hormuz ​នឹង​បើករយៈពេល​ពីរសប្តាហ៍​

ចែករំលែក៖

អន្តរជាតិ ៖ នៅព្រឹកព្រលឹម​ថ្ងៃទី៨ខែមេសា​តាមម៉ោង​ក្នុងតំបន់ ​លោក Abbas ​Araghchi ​រដ្ឋមន្ត្រី​ការបរទេស​អ៊ីរ៉ង់បាន​ថ្លែងថា ​ក្នុង​ន័យឆ្លើយតប​ចំពោះ​សំណូមពរ​របស់​ភាគី​ប៉ាគីស្ថាន ​លោក​តំណាង​ឱ្យ​ក្រុមប្រឹក្សា​សន្តិសុខ​ជាតិកំពូល​អ៊ីរ៉ង់ប្រកាសថា ​ប្រសិនបើសហរដ្ឋ​អាមេរិកនិង​អ៊ីស្រាអែល​បញ្ឈប់​ការវាយប្រហារ​លើអ៊ីរ៉ង់ ​នោះ​ កងទ័ពអ៊ីរ៉ង់​និងបញ្ឈប់​ការវាយប្រហារ​តបតវិញ ​។ ​ក្រោម​បុរេ​លក្ខខណ្ឌ​ដែលសម្រប​សម្រួល​ជាមួយ​កងទ័ពប្រដាប់អាវុធ​អ៊ីរ៉ង់ នៅ​អំឡុងពេល​ពីរសប្តាហ៍​ខាងមុខនេះ ​នាវាអាចធ្វើ​នាវាចរណ៍​ឆ្លងកាត់​ច្រកសមុទ្រ​ Hormuz ​ប្រកបដោយ​សុវត្ថិភាពក្នុង​លក្ខខណ្ឌ​អនុញ្ញាតដែល​មាន​កំហិតខាង​បច្ចេកទេស ។

កាលពីថ្ងៃ​ទី៧ខែមេសា​តាមម៉ោងក្នុងតំបន់ ​​លោកត្រាំ ​ប្រធានាធិបតី​អាមេរិក​បានបង្ហោះ​សារតាម​បណ្តាញ​ទំនាក់ទំនងសង្គមថា ​បន្ទាប់ពី​សន្ទនាតាម​ទូរស័ព្ទជាមួយ​ភាគី​ប៉ាគីស្ថាន ​ភាគីអាមេរិក​សម្រេចចិត្ត​ពន្យារពេលធ្វើ​ប្រតិបត្តិការ​យោធាទៅ​លើអ៊ីរ៉ង់​ដែលបាន​កំណត់​ពីមុន​ ។ ប៉ុន្តែ​បុរេ​លក្ខខណ្ឌ​​គឺអ៊ីរ៉ង់​ឯកភាពបើក​ច្រកសមុទ្រ​ Hormuz ​ទាំងស្រុង​និង​ប្រកបដោយ​សុវត្ថិភាព​ភ្លាមៗ ។

កាលពីថ្ងៃ​ទី៧ខែមេសា​តាមម៉ោង​ក្នុងតំបន់ ​មន្ត្រីជាន់ខ្ពស់​មួយរូបនៃ​សេតវិមានបាន​ទម្លាយ​ឱ្យដឹងថា ​អ៊ីស្រាអែលបាន​ឯកភាពចូលរួម​កិច្ចព្រមព្រៀង​ឈប់បាញ់​របស់អ៊ីរ៉ង់ដែល​​មាន​រយៈពេលពីរ​សប្តាហ៍ដែល​ប្រកាសដោយ​លោកត្រាំ​ ប្រធានាធិបតីអាមេរិក ៕

ប្រភព ៖ (CCFR)


ចែករំលែក៖