ភ្នំពេញ ៖ រដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក នេត្រ ភក្ដ្រា បានសម្រេចលុបសុពលភាពបណ្ណសម្គាល់សារព័ត៌មានចំពោះ បុគ្គលឈ្មោះ កៅ ពិសិដ្ឋ ហើយមិនអនុញ្ញាតឲ្យប្រកបអាជីពជាអ្នកសារព័ត៌មានតទៅទៀតនោះទេ។
បទបញ្ជារបស់លោក នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានធ្វើឡើងក្រោយអ្នកសារព័ត៌មានរូបនេះ បានប្រើឈ្មោះជាអ្នកកាសែតទៅទារលុយពីម្ចាស់សិប្បកម្មផលិតទឹកកកមួយកន្លែង នៅស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង។
ជាមួយគ្នានេះ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានបញ្ជាឲ្យអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ ប្រាប់ម្ចាស់អង្គភាព នៃសារព័ត៌មាននេះ ត្រូវណែនាំដល់បុគ្គលិក និងអ្នកយកព័ត៌មានរបស់ខ្លួនឲ្យគោរពតាមក្រមសីលធម៌ និងវិជ្ជាជីវៈក្នុងការប្រកបអាជីពជាអ្នកសារព័ត៌មាន ដើម្បីបញ្ចៀសរាល់សកម្មភាពទាំងឡាយប៉ះពាល់ដល់កិត្តិយស និងគុណតម្លៃនៃអ្នកសារព័ត៌មាន។
អ្នកលេងតាមបណ្តាញសង្គមបានបង្ហោះថា ៖ ឯណាទៅសីលធម៌អ្នកជា «អ្នកសារព័ត៌មាន» ? សកម្មភាពរបស់អ្នក ខុសទាំងស្រុងលើ ក្រមសីលធម៌ វិជ្ជាជីវៈ សេចក្តីថ្លៃថ្នូរ ទៅជាជនថោកទាបបំផុត !
មើលវីដេអូចុះ ! សូមសរសើរអ្នកសារព័ត៌មានយើងហើយ ចូលផ្ទះគេ សុំលុយគេ ហើយថតវីដេអូមកបង្ហោះទៀត។ សូមកុំធ្វើដូច្នោះបងប្អូន ខុសទាំងក្រមសីលធម៌វិជ្ជាជីវៈ ខុសទាំងសីលធម៌ជីវិត ខុសទាំងច្បាប់រដ្ឋ។ ពិសេសប៉ះពាល់ដល់កិត្តិយសអ្នកសារព័ត៌មាន ដែលត្រឹមត្រូវ ។
«សង្ឃឹមថា ៖ ខាងក្រសួងព័ត៌មាន នឹងមានវិធានការ» សូមអរគុណ 🙏❤️🙏
ជូនជាព័ត៌មាន ៖ រដ្ឋមន្រ្តី នេត្រ ភក្រ្តា សម្រេចលុបសុពលភាពបណ្ណសម្គាល់ព័ត៌មាន លើអ្នកព័ត៌មានម្នាក់ ដែលចុះទៅសុំស្រាបៀរពីម្ចាស់សិប្បកម្មទឹកកកមួយកន្លែងនៅស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ហើយ ! ៕
ដោយ ៖ សិលា

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច