ព័ត៌មានទាន់ហេតុការណ៍៖

លោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា៖ ចិនតែងជាដៃគូដ៏គួរឱ្យទុកចិត្តសម្រាប់ប្រទេសកម្ពុជា

ចែករំលែក៖

ខេត្តតាកែវ៖ លោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា បានថ្លែងថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦នេះថា នាពេលវេលាដ៏សំខាន់ក្នុងការអភិវឌ្ឍរបស់ប្រទេសកម្ពុជា ចិនតែងជាដៃគូដ៏គួរឱ្យទុកចិត្តសម្រាប់ប្រទេសកម្ពុជា។ កម្ពុជាបានផ្តល់ការគាំទ្រយ៉ាងរឹងមាំដល់ភាគីចិនលើអត្ថប្រយោជន៍ស្នូលរបស់ចិន រួមមាន បញ្ហាកោះតៃវ៉ាន់ តំបន់ស៊ីងជាំង និងដែនដីទីបេជាដើម ដែលធ្វើឱ្យកម្ពុជា-ចិន កា្លយជាប្រទេសគំរូក្នុងការទុកចិត្តគ្នា ហើយគាំទ្រគ្នាទៅវិញទៅមក។

ការថ្លែងបញ្ជាក់របស់លោកឯកអគ្គរដ្ឋចិនប្រចាំកម្ពុជាបែបនេះ ក្នុងឱកាសធ្វើជាសហអធិបតីជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោដំណាក់កាលទី២ ប្រវែង ១៥១,៦គីឡូម៉ែត្រ ចាប់ពីព្រែកពោធិ៍ខេត្តកណ្ដាលទៅដល់សមុទ្រខេត្តកែប នៅខេត្តតាកែវ នាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ ។

លោកឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជាបានគូសបញ្ជាក់ថា ភាគីចិននឹងគាំទ្រយ៉ាងមោះមុតដល់ភាពរុងរឿងឡើងវិញរបស់ប្រទេសកម្ពុជា ចិនរីករាយសហការជាមួយកម្ពុជា អនុវត្តន៍យ៉ាងហ្មត់ចត់ចំពោះលទ្ធផលដែលសម្រេចបានកាលពីដំណើរទស្សនកិច្ចជាផ្លូវរដ្ឋរបស់លោក ស៊ី ជិនពីង ប្រធានាធិបតីចិន មកកាន់កម្ពុជា ពង្រឹងកិច្ចសហប្រតិបត្តិការត្បូងពេជ្រដែលមានវិស័យអាទិភាពចំនួន៦ ពង្រឹងការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន នៅគ្រប់រដូវកាលក្នុងសម័យថ្មី ដើម្បីផ្តល់ផលប្រយោជន៍កាន់តែប្រសើរឡើងដល់ប្រជាជននៃប្រទេសទាំងពីរ។

នាឱកាសនោះដែថ លោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជាបានថ្លែងនូវការជូនពរចំពោះថ្នាក់ដឹកនាំ និងប្រជាជនកម្ពុជា សូមមានសុខភាពល្អ និងសម្រេចគ្រប់ភារកិច្ច ក្នុងឱកាសឆ្នាំថ្មី ប្រពៃណីជាតិ ខ្មែរ ដែលនឹងឈានមកដល់នាពេលដ៏ខ្លីខាងមុខនេះ៕

ដោយ៖តារា


ចែករំលែក៖