ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការពារជាតិ នៅថ្ងៃទី១៥ ខែមេសានេះ បានសម្តែងនូវការខកចិត្តយ៉ាងខ្លាំង និងសូមបដិសេធចំពោះព័ត៌មានដែលបានផ្សព្វផ្សាយតាមបណ្តាញសង្គម និងសារព័ត៌មានរបស់ថៃជាបន្តបន្ទាប់ ដែលថា «កម្ពុជាស្នើឱ្យបើកច្រកដឹកជញ្ជូនទំនិញសង្គ្រោះបន្ទាន់» ដោយនេះជាព័ត៌មានក្លែងក្លាយ និងផ្ទុយពីការពិតក្នុងចេតនា ដើម្បីបង្កការបំភ័ន្តសាធារណមតិជាតិ និងអន្តរជាតិ។
គួរបញ្ជាក់ផងដែរថា ថៃបានបិទច្រកព្រំដែនដោយឯកតោភាគី ដូច្នេះប្រសិនបើចង់បើកឡើងវិញ វាក៏ជាការទទួលខុសត្រូវរបស់ថៃក្នុងការបើកឡើងវិញជាឯកតោភាគីផងដែរ ហើយកម្ពុជាតែងតែបានត្រៀមខ្លួនរួចជាស្រេច ដើម្បីឆ្លើយតបដោយសមស្រប និងត្រឹមត្រូវ។
ក្នុងន័យនេះ សូមសាធារណជនទាំងអស់មេត្តាប្រុងប្រយ័ត្ន ចៀសវៀងការចាញ់បោកបញ្ឆោតព័ត៌មានមិនពិតនិងក្លែងក្លាយទាំងនេះ ដោយធ្វើការផ្ទៀងផ្ទាត់ប្រភពឱ្យបានច្បាស់លាស់៕

ដោយ៖ សិលា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច