ព័ត៌មានទាន់ហេតុការណ៍៖

មន្ត្រីយោធាម្នាក់ខឹងគេនិយាយឌឺដងផ្ទុះអាវុធ២គ្រាប់ដាក់អ្នកភូមិម្នាក់ រួចចូលសារភាពនៅសមត្ថកិច្ច

ចែករំលែក៖

ខេត្តកំពង់ស្ពឺ​ ៖ ជនសង្ស័យ​ជា​យោធា​ម្នាក់​ត្រូវ​កម្លាំង​នគរបាលស្រុក​ប​សេដ្ឋ​ធ្វើការ​ឃាត់​ខ្លួន​ក្រោយ​ពី​ធ្វើ​សកម្មភាព​យក​កាំភ្លើងខ្លី​បាញ់​លើ​ជន​រង​គ្រោះ​បណ្ដាល​ឲ្យ​បែក​ប្រអប់ជើង ព្រោះតែ​ខឹង​ជន​រង​គ្រោះ​និយាយ​ឌឺដង​ហើយ​និង​មាក់ងាយ​រូប​ខ្លួន​ជា​មន្ត្រី​យោធា​។

នគរបាល​ខេត្តកំពង់ស្ពឺ​បាន​និយាយ​ឱ្យដឹង​ថា មាន​ករណី​ហិង្សា​ដោយ​ចេតនា​ប្រើប្រាស់​អាវុធ​(​កាំភ្លើងខ្លី​កា​៥៩) បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៣​និង​៥០​នាទី​រសៀល​ថ្ងៃ​ទី​១៣ ខែមេសា ឆ្នាំ​២០២៦ នៅ​ចំណុច​ផ្ទះ​ម្តាយក្មេក​ជន​រង​គ្រោះស្ថិត​នៅ​ក្នុងភូមិ​វាល ឃុំ​ទួល​សាលា ស្រុក​ប​សេដ្ឋ ខេត្តកំពង់ស្ពឺ។

នគរបាល​ខេត្តកំពង់ស្ពឺ​បាន​បន្ត​ថា​ ជនសង្ស័យ​ដៃដល់​ដែល​បាន​ឃាត់ខ្លួន​ឈ្មោះ កង វិ​ឈិ​ន ភេទ​ប្រុស អាយុ​៤២​ឆ្នាំ មុខរបរ​ជា​មន្ត្រី​យោធានៅភូមិ​វាល ឃុំ​ទួល​សាលា ស្រុក​ប​សេដ្ឋ ខេត្តកំពង់ស្ពឺ ។ ចំណែក​ជន​រង​គ្រោះ​ឈ្មោះ អាន រ៉ា​វុ​ធ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ រស់នៅ​ក្នុងភូមិ​វាល ឃុំ​ទួល​សាលា ស្រុក​ប​សេដ្ឋ ខេត្តកំពង់ស្ពឺដែរ ។

នគរបាល​ខេត្តកំពង់ស្ពឺ​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា នៅ​មុន​ពេល​កើតហេតុ​ជនសង្ស័យបានឈ្លោះប្រកែក​គ្នា​ជាមួយ​ជន​រង​គ្រោះ​ឈ្មោះ អាន រ៉ា​វុ​ធ រស់នៅ​ក្នុងភូមិ​-​ឃុំ​ជាមួយ​គ្នា លុះមួយសន្ទុះ​ក្រោយមកស្រាប់តែ​ជន​រង​គ្រោះ​(​អាន រ៉ា​វុ​ធ​) បាន​ដើរ​ចូល​ទៅ​រក​ជនសង្ស័យ​ឈ្មោះ​(​កង វិ​ឈិ​ន​) ហើយកង វិឈិនក៏​បាន​ផ្ទុះអាវុធ​(​កាំភ្លើងខ្លី​ម៉ាក​កា​៥៩) ចំនួន​០២​គ្រាប់ គ្រាប់​ទី​១​បាន​បាញ់​ឡើង​លើ,គ្រាប់​ទី​០២បាញ់​ត្រូវ​ប្រអប់ជើង​ខាង ឆ្វេង​ជនរងគ្រោះបណ្តាល​ឱ្យរង​របួស​បញ្ជូន​ទៅ​មន្ទី​រពេទ្យ​ព្រះ​កុសុមៈ(​ហៅ​ពេទ្យ​លោកសង្ឃ​) នៅ​ឯ​ភ្នំពេញ ។ ក្រោយ​ពី​ធ្វើ​សកម្មភាព​រួច ជនសង្ស័យ​

(​កង វិ​ឈិ​ន​) បាន​ចូល​មក​ប្រគល់​ខ្លួន​ជូន​សមត្ថកិច្ច រួម​នឹង​វត្ថុ​តាងកាំភ្លើងខ្លី​ម៉ាកកា​៥៩មួយដើមនិងគ្រាប់​ចំនួន​៣​គ្រាប់ ។

នគរបាល​ខេត្តកំពង់ស្ពឺ​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា លុះ​មកដល់វេលា​ម៉ោង​០៤​និង​២០​នាទី​រសៀល​ថ្ងៃ​ទី​១៣ ខែមេសា ឆ្នាំ​២០២៦ ឈ្មោះ ក​យ វ​ណ្ណា​ក់ ភេទ​ស្រី អាយុ​២៧​ឆ្នាំ​(​ជា​ប្អូន​ជន​រង​គ្រោះ​) បាន​ដាក់​ពាក្យ​បណ្តឹងសុំ​ឱ្យ​សមត្ថកិច្ច​ជួយ​អន្តរាគមន៍​។ ក្រោយ​ពី​ទទួល​ពាក្យបណ្តឹងហើយ កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ​ស្រុក​បាន​សហការ​ជាមួយ​ប៉ុស្តិ៍នគរបាល​រដ្ឋបាលទួល​សាលា​ចុះ​ដល់​កន្លែង​កើតហេតុ​ឃាត់​ខ្លួនជនដៃដល់និងកសាង​សំណុំ​រឿងតាម​នីតិវិធី ។

យោង​តាម​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​ឈ្មោះ​កង វិ​ឈិ​ន និយាយ​ថា ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​យក​កាំភ្លើងខ្លី​ម៉ាក​កា​៥៩(K59)​បាញ់​ចំនួន​២​គ្រាប់​បណ្តាល​ឱ្យ​១​គ្រាប់ត្រូវ​ជន​រង​គ្រោះ​(​អាន រ៉ា​វុ​ធ​)​ប្រាកដ​មែន និង​បាន​ឆ្លើយ​បន្ថែម​ថា គ្រាន់តែ​បាញ់​គំរាម​ទេ ហើយមូលហេតុ​ដែលឈាន​ទៅ​ដល់​បាញ់ ដោយសារ​ជន​រង​គ្រោះ​ឈ្មោះ​(​អាន រ៉ា​

វុ​ធ) និយាយ​ឌឺដងនិង​ប្រើ​ពាក្យ​សម្តីមើលងាយ​លើ​រូបខ្លួន(​កង វិ​ឈិ​ន​) ទើប​បណ្តាល​ឱ្យ​កើតហេតុ​ផ្ទុះអាវុធ​តែ​ម្ដង​ទៅ។

នគរបាល​ខេត្តកំពង់ស្ពឺ​បាន​បញ្ជាក់​ថា ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ​ដៃដល់​ជា​យោធា រួម​ជាមួយនឹង​វត្ថុ​តាង​កាំភ្លើងខ្លី​មួយ​ដើម​មក សមត្ថកិច្ចជំនាញបានកសាង​សំណុំរឿង​បញ្ជូនទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ​ដើម្បី​បន្ត​តាម​ផ្លូវច្បាប់​ ៕

ដោយ៖ សូរិយា


ចែករំលែក៖