ខេត្តបាត់ដំបង ៖យ៉ាងហោចណាស់មនុស្សប្រុសស្រីក្មេងចាស់ចំនួន ២១នាក់ បានរងរបួសធ្ងន់ស្រាលនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងគោយន្តកន្ត្រៃនិងម៉ូតូនៅវេលាម៉ោង ១៥និង០០នាទី រសៀល ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៦ នៅចំណុចទំនប់ដូនទ្រី ស្ថិតក្នុងក្រុមទី៧ ភូមិបុស្សដូង ឃុំបាសាក់ ស្រុករុក្ខគីរី ខេត្តបាត់ដំបង។
ប្រភពពីប្រជាពលរដ្ឋបានឱ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងរវាងគោយន្តកន្រ្តៃ ម៉ាកគូបូតាRTពណ៌ក្រហមសណ្តោងរ៉ឺម៉ក០១គ្រឿង បើកបរដោយឈ្មោះ ភាន់ ស្រួច ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិ ខ្នាចអំពរ ឃុំព្រែកជីក ស្រុករុក្ខគីរី ខេត្ត បាត់ដំបង ដឹកអ្នកដំណើរជាច្រើននាក់ ចុះពីលើភ្នំមកក្រោម ទិសដៅពីត្បូងទៅជើង។ បន្ទាប់មកក៏ក្រឡាប់ជ្រុលទៅប៉ះម៉ូតូ០១គ្រឿងម៉ាក ហុងដាឌ្រីមពណ៌ខ្មៅ ពាក់ផ្លាកលេខ បាត់ដំបង 1AN-6020 បើកបរដោយឈ្មោះ ធូ ថាន់ ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិស្រះគុយ ឃុំមុខរាហ៍ ស្រុករុក្ខគីរី ខេត្តបាត់ដំបង និងអ្នករួមដំណើរជាប្រពន្ធម្នាក់ ទិសដៅពីជើងទៅត្បូង (ពីក្រោមទៅលើ)បណ្តាលអោយរបួស ២១នាក់ ក្នុងនោះធ្ងន់ ២នាក់។
ក្រោយពេលកើតហេតុ កម្លាំងនគរបាលរួមទាំងមន្ត្រីរដ្ឋបាលស្រុកឃុំ បានចុះទៅដឹកបញ្ជូនអ្នករងរបួសទៅកាន់មណ្ឌលសុខភាពព្រែកជីក ចំណែកមធ្យោបាយទាំងពីរត្រូវបានយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលបាសាក់ដើម្បីរងចាំដោះស្រាយតាមផ្លូវច្បាប់៕

ដោយ៖ សូរិយា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច