ព័ត៌មានទាន់ហេតុការណ៍៖

លោក ជា ធីរិទ្ធ អ្នកនាំពាក្យសម្តេចតេជោ ប្រតិកម្មលើការផ្សាយព័ត៌មានរបស់វិទ្យុបារាំងអន្តរជាតិ RFI និងស្នើឲ្យកែតម្រូវបន្ទាន់

ចែករំលែក៖

ភ្នំពេញ៖ អ្នកនាំពាក្យសម្តេចតេជោ ហ៊ុន សែន លោក ជា ធីរិទ្ធ បានចេញសេចក្តីបញ្ជាក់ច្រានចោលការចុះផ្សាយរបស់វិទ្យុបារាំងអន្តរជាតិ RFI ខ្មែរ ដែលបានអះអាងថា សម្តេចតេជោបានលុបសារមួយពីទំព័រហ្វេសប៊ុកផ្លូវការ។

ក្នុងសេចក្តីថ្លែងការណ៍នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៦ លោកបានបញ្ជាក់ថា ខ្លឹមសារដែលវិទ្យុ RFI បានផ្សាយ គឺមិនត្រឹមត្រូវនឹងការពិតទេ ហើយអាចបណ្តាលឲ្យសាធារណជនមានការភ័ន្តច្រឡំ។

អ្នកនាំពាក្យបានលើកឡើងថា សារដែលសម្តេចតេជោបានបង្ហោះនៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦ តាមបណ្តាញសង្គមហ្វេសប៊ុក ដើម្បីពន្យល់ដល់ប្រជាពលរដ្ឋអំពីការរៀបចំពិធីបុណ្យចូលឆ្នាំខ្មែរ មិនបានលុបចោលឡើយ ហើយនៅតែមាននៅលើទំព័រផ្លូវការដដែល។

លោក ជា ធីរិទ្ធ ក៏បានអំពាវនាវឲ្យវិទ្យុ RFI ធ្វើការកែតម្រូវព័ត៌មាននេះជាបន្ទាន់ ដើម្បីជៀសវាងការបន្តបង្កការភាន់ច្រឡំក្នុងសាធារណៈ។

ជាមួយគ្នានេះ អ្នកនាំពាក្យបានបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន មិនមានទម្លាប់លុបសារដែលលោកបានបង្ហោះដើម្បីបំភ្លឺ និងពន្យល់ដល់ប្រជាពលរដ្ឋនោះទេ៕ 

ដោយ ៖ សិលា


ចែករំលែក៖