ព័ត៌មានទាន់ហេតុការណ៍៖

រាជរដ្ឋាភិបាលបញ្ចេញរថយន្តក្រុងសាធារណៈរហូតដល់ជាង ៩០០គ្រឿង ដែលលើសផែនការរំពឹងទុកត្រឹមតែ ៦០០គ្រឿងប៉ុណ្ណោះ

ចែករំលែក៖

ភ្នំពេញ ៖ ក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរកន្លងទៅថ្មីៗនេះ រាជរដ្ឋាភិបាល តាមរយៈសាលារាជធានីភ្នំពេញ បានបញ្ចេញរថយន្តក្រុងសាធារណៈរហូតដល់ជាង ៩០០គ្រឿង លើសផែនការរំពឹងទុកត្រឹមតែ ៦០០គ្រឿងប៉ុណ្ណោះ។ គិតចាប់ពីថ្ងៃទី១២ ដល់១៧ ខែមេសា មានពលរដ្ឋ កម្មករ-កម្មការិនី ប្រមាណជិត ១២ ម៉ឺននាក់ បានប្រើប្រាស់សេវារថយន្តក្រុងដោយឥតគិតថ្លៃក្នុងការធ្វើដំណើរទៅលេងស្រុកកំណើត ទាំងទៅទាំងមក ពីរាជធានីភ្នំពេញទៅកាន់បណ្តាខេត្តទូទាំងប្រទេស និងក្នុងរាជធានីភ្នំពេញ។ 

ជាមួយគ្នានេះ ប្រជាពលរដ្ឋមានក្តីសប្បាយរីករាយដែលបានប្រើប្រាស់សេវារថយន្តក្រុងដោយមិនគិតថ្លៃក្នុងការធ្វើដំណើរទៅលេងស្រុកកំណើតដែលនេះជាការរួមចំណែកសម្រាលបន្ទុករបស់បងប្អូនប្រជាពលរដ្ឋ ហើយឆ្លៀតក្នុងឱកាសនេះដែរ ប្រជាពលរដ្ឋបានថ្លែងអំណរគុណ​ដល់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានឱ្យរដ្ឋបាល​រាជធានីភ្នំពេញ រៀបចំ​រថយន្តក្រុងសាធារណៈ សម្រាប់​ផ្តល់ជូនប្រជាពលរដ្ឋ និងកម្មករ កម្មការិនី នូវការ​ធ្វើដំណើរ​ប្រកប​ដោយ​ផាសុខភាព សុវត្ថិភាព ជាពិសេសទៅលេងស្រុក​កំណើត និង​ត្រឡប់​មក​រាជធានីភ្នំពេញវិញ ដោយ​ឥតគិតថ្លៃ។

គួរបញ្ជាក់ថា បងប្អូនប្រជាពលរដ្ឋ កម្មករ កម្មការិនី ជិះរថយន្តក្រុង ដោយមិនគិតថ្លៃ មានចំនួនច្រើនខ្លាំងជាងបណ្តាឆ្នាំមុនៗ ព្រោះពួកគាត់មានជំនឿជឿជាក់លើរាជរដ្ឋាភិបាល ហើយម្យ៉ាងទៀត ការជិះរថយន្តក្រុងនេះ មានផាសុខភាព សុវត្ថិភាព សម្រាប់បងប្អូនប្រជាពលរដ្ឋ៕

ដោយ ៖ សិលា

 


ចែករំលែក៖