ភ្នំពេញ៖ ហេតុការណ៍កាច់កម៉ូតូ១គ្រឿងបានកើតឡើងកណ្ដាលថ្ងៃ បង្កការភ្ញាក់ផ្អើល និងព្រួយបារម្ភដល់ប្រជាពលរដ្ឋ នៅក្នុងបុរីរិទ្ធ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ កាលពីវេលាម៉ោងប្រមាណ ២:១៥នាទីរសៀល ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦។
តាមព័ត៌មានបឋមបានឲ្យដឹងថា ជនរងគ្រោះជាម្ចាស់បានចតម៉ូតូម៉ាក Nex ពណ៌ទឹកប្រាក់ ទុកនៅមុខផ្ទះដូចធម្មតា ប៉ុន្តែក្រោយមក មានជនសង្ស័យចំនួន ២ នាក់ ជិះម៉ូតូម៉ាក Zoomer X ពាក់ផ្លាកលេខ ត្បូងឃ្មុំ 1F-7929 មកធ្វើសកម្មភាពកាច់កម៉ូតូយកទៅបាត់ក្នុងរយៈពេលខ្លី។
ហេតុការណ៍នេះបង្ហាញឲ្យឃើញថា បញ្ហាសន្តិសុខនៅតាមតំបន់លំនៅដ្ឋាន នៅតែជាបញ្ហាដែលត្រូវការយក ចិត្តទុកដាក់បន្ថែម ទោះបីជាកើតឡើងនៅពេលថ្ងៃក៏ដោយ។ ប្រជាពលរដ្ឋមួយចំនួនបានបង្ហាញការព្រួយបារម្ភ និងអំពាវនាវឲ្យអាជ្ញាធរពាក់ព័ន្ធ បង្កើនការចុះល្បាត និងត្រួតពិនិត្យ ដើម្បីទប់ស្កាត់បទល្មើសប្រភេទនេះឲ្យមានប្រសិទ្ធភាព។
ជាមួយគ្នានេះ សាធារណជនបានលើកឡើងថា ម្ចាស់យានយន្ត ត្រូវបន្ថែមការប្រុងប្រយ័ត្នខ្ពស់ ដោយប្រើ ប្រាស់ឧបករណ៍ការពារ បន្ថែម និងជៀសវាងការចតទុកដោយគ្មានការត្រួតពិនិត្យ ជាពិសេសនៅតំបន់ដែលមិនមានប្រព័ន្ធសុវត្ថិភាពគ្រប់គ្រាន់។
មកទល់ពេលនេះ សមត្ថកិច្ចមូលដ្ឋានមិនទាន់បានចេញសេចក្តីបំភ្លឺលម្អិតអំពីករណីនេះនៅឡើយទេ ខណៈការ ស្រាវជ្រាវត្រូវបានរំពឹងថាកំពុងដំណើរការ ដើម្បីស្វែងរកជនពាក់ព័ន្ធ និងយកមកទទួលខុសត្រូវតាមច្បាប់៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច