ខេត្តកំពត÷គ្រាន់តែកែវស្រាអត់ទឹកកកសោះ មន្ត្រីនគរបាលម្នាក់យកកែវស្រា គប់ស្ត្រីជាអ្នកស៊ីឈ្នួលចាប់ទឹកកកតាមកម្មវិធីម្នាក់ បែកក្បាលនិងចំក្រោមភ្នែក ពេលនេះស្នងការខេត្តកំពត បញ្ជាឲ្យនាំខ្លួនមកអនុវត្តតាមច្បាប់ ដោយគ្មានការលើកលែង ទោះជាជនរងគ្រោះមិនទាន់បានទៅដាក់ពាក្យបណ្ដឹងក៏ដោយ ។
រឿងហួសចិត្តមួយកើតឡើងកាលពីវេលាម៉ោង១១យប់ ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ ស្ថិតក្នុងភូមិអណ្ដូងខ្មែរ សង្កាត់អណ្ដូងខ្មែរ ក្រុងកំពត ខេត្តកំពត ដោយស្ត្រីម្នាក់ដែលមានឈ្មោះថា ទិត្យធូ ជាអ្នកសុីឈ្នួលចាប់ទឹកកកឲ្យភ្ញៀវតាមកម្មពិធីផ្សេងៗ ត្រូវបានមន្ត្រីនគរបាលម្នាក់ដែលគេស្គាល់ថា បំរើការងារ នៅអធិការដ្ឋាននគរបាលក្រុងកំពត ឈ្មោះ ទេព សុខផេង បានគប់កែវស្រាចំកណ្ដាលមុខ បណ្ដាលឲ្យរងរបួស ត្រូវបានក្រុមកាងារបញ្ជូនទៅសង្រោះបន្ទាន់ភ្លាមៗ ។
ប្រភពបានឲ្យដឹងថា ជនរងគ្រោះបានមកចាប់ទឹកកកសុីឈ្នួលក្នុងកម្មពិធីមួយស្ថិតនៅបុរីកុសល្យមុីរៀលអុីស្ទេត ឯ.ក ដែលមហាជនស្គាល់ថា ម្ចាស់បុរីជារបស់ឪពុក ម្ដាយជនបង្កតែម្ដង ស្ថិតក្នុងភូមិអណ្ដូងខ្មែរ សង្កាត់អណ្ដូងខ្មែរ ក្រុងកំពត ខេត្តកំពត។ នៅពេលជិតចប់កម្មពិធីទៅហើយ ស្រាប់តែជនសង្ស័យ ខឹងកែវស្រារបស់ខ្លួន អស់ទឹកកក ហៅជនរងគ្រោះមកចាប់ទឹកកកឲ្យយូរពេក បែរជាយកកែវស្រាគប់ចំកណ្ដាលមុខតែម្ដង បណ្ដាលរបួសបែកក្បាលហូរឈាមពេញមុខ និងត្រូវក្រោមភ្នែកខាងឆ្វេង សំណាងល្អដែលមិនត្រូវភ្នែក ទើបក្រុមការងារបញ្ជូនទៅកាន់មន្ទីរពេទ្យ ។
ប្រភពបន្តទៀតថា ជុំវិញរឿងនេះ ភាគីជនរងគ្រោះត្រូវជនបង្កសម្របសម្រួល ឱ្យជនរងគ្រោះទទួលសំណងដើម្បីបញ្ចប់រឿង ចំនួន ២លាន ៥០មុឺនរៀលដែរ តែខាងជនរងគ្រោះមិនព្រមនោះទេ ។
ជាមួយគ្នាជុំវិញរឿងនេះ នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦នេះ គេឃេីញលោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកំពត បានបង្ហោះលេី ទំព័រហ្វេសប៊ុកផ្លូវការរបស់លោកថា ករណីមន្ត្រីនគរបាលយកកែវគប់មកលេីប្រជាពលរដ្ឋបែកក្បាល ខ្ញុំបានបញ្ជាឲ្យអធិការក្រុងកំពត នាំខ្លួនមកអនុវត្តតាមច្បាប់ ដោយគ្មានការលើកលែង ករណីខាងលេីជនរងគ្រោះមិនបានមកដាក់ពាក្យបណ្ដឹងនោះទេ
ទេីបមានការយឺតយ៉ាវក្នុងការទទួលព័ត៍មាន ៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច