សារព័ត៌មានBBC បានផ្សព្វផ្សាយពីស្ថានភាពទឹកជំនន់បង្កឡើងដោយភ្លៀងធ្លាក់ខ្លាំងស្ថិតនៅតំបន់ភាគកណ្តាលប្រទេសវៀតណាម ។
នៅក្នុងអត្ថបទ ដែលបណ្តាញព័ត៌មាន BBC បានផ្សព្វផ្សាយនោះ គ្រោះទឹកជំនន់នៅភាគកណ្តាលបានសម្លាប់មនុស្ស ២១នាក់ និងផ្ទះរាប់សិបពាន់ខ្នង ត្រូវលិចលងក្នុងទឹកជំនន់ ។ ពលរដ្ឋរាប់សិបពាន់នាក់ ស្ថិតនៅក្នុងខេត្តចំនួន៤ នៅភាគកណ្តាល ស្ថិតនៅក្នុងស្ថានភាពលំបាក់យ៉ាងខ្លាំង ។
ខេត្តក្វាងនីញ គឺជាកន្លេងរងការបំផ្លាញខ្លាំងជាងគេបំផុត ដោយសារគ្រោះទឹកជំនន់ ។ បច្ចុប្បន្ន ខេត្តក្វាងនីញ មានអ្នកស្លាប់ដោយទឹកជំនន់១១នាក់ ផលដំណាំទាំងឡាយរងការបំផ្លាញ សត្វចិញ្ជឹមត្រូវទឹកកួចទៅបាត់ និងផ្ទះជាង ៧ម៉ឺនខ្នងត្រូវលិចលង់ ។
ទន្ទឹមនឹងនោះ ទឹកជំនន់បានប៉ះពាល់យ៉ាងខ្លាំងដល់ខេត្ត ហាទិញ ផងដែរ ដោយនៅទីនោះ មានផ្ទះជាង២៥ពាន់ខ្នងត្រូវលិចលង់ ។ ផ្ទៃដីកសិកម្មរាប់ពាន់ហិកតាត្រូវទឹកជនលិច ហើយផ្លូវដែក តភ្ជាប់ពីតំបន់ខាងត្បូង និងខាងជើងត្រូវផ្អាក់ ។
មូលហេតុបណ្តាលឲ្យមានទឹកជំនន់ខាងលើកើតឡើង ដោយសារតែភ្លៀងធ្លាក់ខ្លាំងពេក ទន្ទឹមនឹងនោះ ការប្រលលែងទឹកនៅតាមទំនប់វារីអគ្គិសនី កាន់តែធ្វើឲ្យទឹកជំនន់កើនឡើងយ៉ាងឆាប់រហ័ស ។
ការខូចខាតដោយគ្រោះទឹកជំនន់នៅខេត្តទាំង៤ ភាគកណ្តាលមិនទាន់បានប្រកាសជាផ្លូវការនៅឡើយ ។
តាមព័ត៌មានពីមជ្ឈមណ្ឌុលព្យាករណ៍អាកាសធាតុវៀតណាម ព្យុះ Sarika នឹងបក់បោកចូលដីគោកអាចធ្វើឲ្យប៉ះពាល់ខ្លាំងជាងនេះ ។
សារព័ត៌មានBBC បានផ្សាយថា កាលពីថ្ងៃអាទិត្យកន្លងមក ព្យុះ Sarikaបានបោកបក់ចូលដីគោកហ្វីលីពីន បណ្តាលឲ្យមនុស្ស២នាក់ស្លាប់ និងជាង១៥០ពាន់នាក់រងផលប៉ះពាល់ ។ ពលរដ្ឋរាប់សិបពាន់នាក់ត្រូវភៀសខ្លួនទៅកាន់ទំបន់មានសុវត្ថិភាព។ ព្យុះបានបង្កឲ្យមានការខូចខាតយ៉ាងខ្លាំង ៕ ម៉ែវ សាធី