ព័ត៌មានទាន់ហេតុការណ៍៖

បទល្មើសនេសាទ ឈ្នក់ កើតឡើងដោយសារមេភូមិ និងមន្រ្តីសហគមន៍នេសាទ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ ប្រភពព័ត៌មានពីប្រជានេសាទលក្ខណៈគ្រួសាររាយការណ៍មកថា បទល្មើសនេសាទប្រភេទឧបករណ៍រួមផ្សំដោយភ្លើងអំពូល ពណ៌ ឬបោះនុយ(ឈ្នក់) កើតមានច្រើនរាប់រយកន្លែង ឬអំពូលនៅឃុំរាំងទិល ដោយសារមន្រ្តីសហគមន៍នេសាទ និងមេភូមិតែម្តង ចំណែកមន្តី្រស្ថាប័នពាក់ព័ន្ធ ពិសេសជំនាញកំពុងប្រមូលប្រយោជន៍ រីឯស្ថាប័នខ្លះនៅកំពុងលិបលរៗនៅឡើយ និងកំពុងរាប់ចំនួន គេសង្កេតមិនទាន់ឃើញបង្រ្កាបឲ្យមានប្រសិទ្ធភាព តាមសរាចរណ៍ណែនាំរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ និងនេសាទនៅឡើយនោះទេ ។

ប្រភពព័ត៌មានខាងលើរាយការណ៍បន្តថា បទល្មើសនេសាទប្រភេទឧករណ៍រួមផ្សំ(ឈ្នក់)នេះ គេសង្កេតឃើញកើតមានតាំងពីក្នុងរដូវបិទនេសាទមកម្ល៉េះនៅបឹងទន្លេសាប ស្ថិតក្នុងភូមិចារុះ, ភូមិព្រែក, ភូមិកោះកែវ, ភូមិរាំងទិល និងភូមិកោះក្អែក ឃុំរាំងទិល ស្រុកកណ្ដៀង ខេត្រពោធិ៍សាត់ ហើយបទល្មើសនេសាទប្រភេទនេះ អ្នកប្រព្រឹត្តផ្ទាល់ ឬនៅពីក្រោយខ្នងភាគច្រើនប្រធាន និងអនុប្រធានសហគមន៍នេសាទព្រមទាំងមេភូមិនៅតំបន់នោះតែម្តង ហើយពួកគេប្រមូលផលនេសាទពីឧបករណ៍ខុសច្បាប់ស្ដីពីជលផលនេះ បានរាប់តោនក្នុង១ថ្ងៃៗ ឬ១យប់ៗ មិនថា ត្រីតូចឬធំនោះទេ ហើយត្រីចម្រុះដែលពួកគេចាប់ដោយឧបករណ៍ខុសច្បាប់ស្តីពីជលផលខាងលើនេះ គេយកទៅធ្វើជាចំណីត្រីចិញ្ចឹមដូចជាត្រីរ៉សឬត្រីឆ្តោជាដើម ខណៈឆ្នាំនេះក្រសួងកសិកម្មរក្ខាប្រមាញនិងនេសាទអនុញាតឲ្យចិញ្ចឹម ដូច្នេះហើយទន្ទឹមនឹងការអនុញាតនេះដែរ កំណើនក្នុងការចិញ្ចឹមត្រីទាំងពីរប្រភេទនេះ មានកើនឡើងគួរឲ្យកត់សម្គាល់ បញ្ហានេះហើយនាំឲ្យពូជមច្ឆជាតិរលាយហិនហោច ។

សូមបញ្ជាក់ទៀតថា បទល្មើសនេសាទប្រភេទនេះ កើតមានច្រើនជាងគេនៅភូមិកោះក្អែក ហើយជនប្រព្រឹត្តទ្រង់ទ្រាយធំៗជាងគេ និងនៅពីក្រោយខ្នងនោះ គឺប្រធាន, អនុប្រធានសហគមន៍នេសាទភូមិកោះក្អែកនេះតែម្តង (ជនជាតិវៀតណាម) ឈ្មោះ ចាន់ ចាវ, អាវ៉េ, អាយ៉ុង, និងអាថន ការដែលបទល្មើសប្រភេទនេះ ប្រព្រឹត្តទៅបានដោយសារតែជាប់ពាក់ព័ន្ធដូចបានរាបរាប់ខាងលើនេះឯង ហើយមានការឃុបឃិតគ្នាជាលក្ខណៈប្រព័ន្ធនេះហើយ ។

ករណីខាងលើនេះ លោក គឹម សំអ៊ែល មេឃុំរាំងទិលបានឲ្យដឹងតាមទូរស័ព្ទនៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៦ថា ការដែលបទល្មើសនេសាទខុសច្បាប់ស្តីពីជលផល(ឈ្នក់) កើតមានច្រើន ហើយជាប់ពាក់ព័ន្ធអាជ្ញាធរភូមិ(មេភូមិ)និងសហគមន៍នេសាទនេះ ត្រង់ចំណុចមេភូមិលោកក្តាប់មិនសូវបានទេ ប៉ុន្តែវាធម្មតាទេ ក្តាមនៅស្រែណា វាកាត់ស្រូវស្រែនោះហើយ តែលោកនឹងមានវិធានការដោយមិនឲ្យមានការជាប់ពាក់ព័ន្ធជាមួយបទល្មើសជាដាច់ខាត ចំណែកបញ្ហាមន្រ្តីសហគមន៍នេសាទលោកបញ្ជាក់ខុសសំណួរបន្តិច តែពួកគេគ្មានលទ្ធភាព និងចំណូលឈានដល់ការបង្រ្កាបនោះទេ ដោយឡែកលោក ភុំ វិមល នាយខណ្ឌរដ្ឋបាលជលផលពោធិ៍សាត់ បានឲ្យដឹងដែរថា ករណីនេះមានផលលំបាកក្នុងការបង្រ្កាបបន្តិច ព្រោះខុសពីនៅ(ឃុំកំពង់លួង)ដោយពួកគេបោះបង្គោលនិងចងខ្សែទុកចោល លុះនៅពេលយប់ទើបគេនាំគ្នាចាប់ភ្លើងអំពូល ហើយនៅពេលកម្លាំងឆ្មក់ចូលទៅបង្រ្កាបបានត្រឹម ៤ទៅ ៥អំពូលឬអាគុយ គេពន្លត់ភ្លើងរកមិនឃើញនោះឡើយ ប៉ុន្តែលោកនៅតែសហការគ្នាបន្តធ្វើការបង្រ្កាបជានិច្ច ។

ករណីកើតមានបទល្មើសនេសាទប្រភេទឧបករណ៍ រួមផ្សំដោយភ្លើងអំពូលឬបោះនុយ(ឈ្នក់)នេះដែរ គេសង្កេតឃើញមិនទាន់មានចំណាត់ការពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទពោធិ៍សាត់នៅឡើយនោះទេ បន្ទាប់ពីខណ្ឌរដ្ឋបាលជលផល និងខណ្ឌរដ្ឋបាលព្រៃឈើ នៅក្រោមការគ្រប់គ្រងក្រសួង និងមន្ទីរនោះ ដូច្នេះហើយធ្វើឲ្យមន្រ្តីថ្នាក់ក្រោមមានភាពច្របូកច្របល់ និងមានឱកាសរកប្រយោជន៍ ៕ ប៉ឹម ពិន

as-3 as as-1 as-2


ចែករំលែក៖