ភ្នំពេញ ៖ ឧបនាយករដ្ឋមន្ត្រី លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានសំណូមពរដល់សាលាជម្រះក្តី និងអង្គការអយ្យការអមសាលាជម្រះក្តីទាំងអស់ ត្រូវពង្រឹងភាពម៉ឺងម៉ាត់ក្នុងការអនុវត្តច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)។
ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បានណែនាំយ៉ាងដូច្នេះ ក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយអំពីច្បាប់ស្ដីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដល់មន្ត្រីអនុវត្តច្បាប់ក្នុងវិស័យយុត្តិធម៌ នៅទូទាំងប្រទេស នាថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ម្សិលមុិញនេះ។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់លោកបណ្ឌិត ជីវ កេង ប្រធានតុលាការកំពូល, លោកស្រី ជា លាង អគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមតុលាការកំពូល,លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្ត្រីនៃក្រសួងយុត្តិធម៌, សមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ថ្នាក់ដឹកនាំ និងមន្ត្រីនៃអគ្គលេខាធិការដ្ឋានឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម, ថ្នាក់ដឹកនាំនៃសាលាជម្រះក្តី និងអង្គការអយ្យការអមសាលាជម្រះក្តី ព្រមទាំងចៅក្រម ព្រះរាជអាជ្ញា ព្រះរាជអាជ្ញារង ក្រឡាបញ្ជី និងមន្ត្រីតុលាការនៅតាមសាលាជម្រះក្ដី និងអង្គការអយ្យការអមសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់នៅទូទាំងប្រទេសប្រមាណជិត ៣០០០ រូប។
កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងតាមប្រព័ន្ធ Zoom ដើម្បីចូលរួមសន្សំសំចៃ និងកាត់បន្ថយជាអតិបរមានូវការចំណាយរបស់សាលាជម្រះក្តី និងអង្គការអយ្យការអមសាលាជម្រះក្តីលើការធ្វើដំណើរមកចូលរួមដោយផ្ទាល់ ក៏ដូចជា ដើម្បីអនុញ្ញាតឱ្យចៅក្រម ព្រះរាជអាជ្ញា ព្រះរាជអាជ្ញារង ក្រឡាបញ្ជី និងមន្ត្រីទាំងអស់ដែលបម្រើការងារនៅតាមសាលាជម្រះក្តី និងអង្គការអយ្យការអមសាលាជម្រះក្តីទាំងអស់ អាចចូលរួមស្តាប់អំពីការផ្សព្វផ្សាយច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
កិច្ចប្រជុំផ្សព្វផ្សាយនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងធានាឱ្យបាននូវការឯកភាពគ្នា ទាំងលើគោលជំហរ ទាំងលើទស្សនៈ និងខ្លឹមសារ នៅក្នុងចំណោមចៅក្រម ព្រះរាជអាជ្ញា ព្រះរាជអាជ្ញារង ក្រឡាបញ្ជី និងមន្ត្រីនៅតាមតុលាការទាំងអស់ សំដៅលើកកម្ពស់ប្រសិទ្ធភាពនៃការអនុវត្តច្បាប់ថ្មីនេះ។
សូមគូសរំលេចជូនថា ច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាត្រូវបានប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០៤២៦/០០៦ ចុះថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦។ ច្បាប់នេះមានគោលបំណងកំណត់អំពីវិធានផ្នែកព្រហ្មទណ្ឌដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា សំដៅចូលរួមថែរក្សាការពារសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ ព្រមទាំងលើកកម្ពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មនេះ។
ដើម្បីធានាដល់ប្រសិទ្ធភាពនៃការអនុវត្តច្បាប់នេះ, ឧបនាយករដ្ឋមន្ត្រី បានសំណូមពរដល់សាលាជម្រះក្ដី និងអង្គការអយ្យការអមសាលាជម្រះក្តីទាំងអស់ ត្រូវពង្រឹងភាពម៉ឺងម៉ាត់ក្នុងការអនុវត្តច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា តាមរយៈ៖
ទី១-ការផ្ដល់កិច្ចសហការពេញលេញ និងគ្រប់ជ្រុងជ្រោយដល់អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធនឹងប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ព្រមទាំងការអនុវត្តច្បាប់ឱ្យបានត្រឹមត្រូវ និងម៉ឺងម៉ាត់។
ទី២-ព្រះរាជអាជ្ញា ព្រះរាជអាជ្ញារងត្រូវត្រៀមលក្ខណៈ និងពង្រឹងតួនាទីគន្លឹះក្នុងការដឹកនាំ និងសម្របសម្រួលប្រតិបត្តិការ ប្រកបដោយភាពហ្មត់ចត់ ម៉ឺងម៉ាត់ និងត្រឹមត្រូវស្របតាមច្បាប់ និងនីតិវិធីជាធរមាន។
ទី៣-ត្រូវពង្រឹងភាពម៉ឺងម៉ាត់ក្នុងការអនុវត្តច្បាប់ស្ដីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ទាំងលើការផ្ដន្ទាទោសជនល្មើសឱ្យបានតឹងរ៉ឹង ទាំងលើការប្រមូល និងរឹបអូសទ្រព្យសម្បត្តិកើតចេញពីបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដើម្បីចូលរួមចំណែកក្នុងការអនុវត្តយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលជារបៀបវារៈគោលនយោបាយ និងជាការប្ដេជ្ញាចិត្តឥតដកថយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។
ច្បាប់ស្តីពី «ការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» (Online Scams) ត្រូវសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៦ បានចេញព្រះរាជក្រមប្រកាសឱ្យប្រើប្រាស់ជាផ្លូវការ បន្ទាប់ពីរដ្ឋសភា និងព្រឹទ្ធសភាបានអនុម័តរួចរាល់ ហើយបានចូលជាធរមាននៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦។
ច្បាប់ស្តីពី «ការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» (Online Scams) មាន ៥ជំពូក និងមាន២៤មាត្រា។
ច្បាប់នេះកំណត់អំពីវិធានផ្នែកព្រហ្មទណ្ឌដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា សំដៅចូលរួមថែរក្សាការពារសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងលើកកម្ពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មនេះ។
បទល្មើសទាំងនេះ បានកំណត់ប្រឈមនឹង ការជាប់ពន្ធនាគារខ្ពស់បំផុតដល់ ១ជីវិត និង ពិន័យជាប្រាក់ដល់ទៅ ១ ពាន់លានរៀល (១០០០លានរៀល) ហើយថែមទាំងរឹបអូស ទ្រព្យសម្បត្តិរបស់ជនល្មើសផងដែរ៕
ដោយ : សិលា

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច