ភ្នំពេញ ៖ស្រ្តីមេម៉ាយម្នាក់ ថែមទាំងមានកូនមួយ បានលង់ស្នេហ៍បុរសសម្បូរស្នេហ៍ ដែលមានប្រពន្ធកូនរួចមកហើយ ដោយមិនបានដឹង ហើយក៏ព្រមរួមរស់នៅជាមួយគ្នា បានរយៈពេលជាង២ឆ្នាំ ទើបបែកការណ៍ ដឹងថា ខាងប្រុសមានប្រពន្ធ និងកូន មិនត្រឹមតែដឹងហេតុការណ៍ទាំងនោះទេ ស្ត្រីដែលជាប្រពន្ធរបស់បុរសនោះ បានមកសុំឲ្យនាងឈប់ទាក់ទងប្ដីរបស់ខ្លួនថែមទៀតផង ។ ដោយសារតែគិតថា ចិត្តជាមនុស្សស្រីដូចគ្នា មិនចង់អោយការឈឺចាប់ និងបែកបាក់ប្រពន្ធកូនគេព្រោះតែស្នេហាត្រីកោណ ទើបសម្រេចចិត្តដកខ្លួនចេញ ទាំងការឈឺចាប់ ប៉ុន្តែជាថ្នូរនឹងសេចក្ដីសុខរៀងខ្លួន ។
ក្រោយពីដឹងរឿងរាវអស់ហើយ នាង ក៏សុំបែកដើម្បីប្រគល់បុរសនោះទៅអោយប្រពន្ធកូនគេវិញ តែបែរជាខាងប្រុសមិនបានយល់ព្រមនោះឡើយ និងនៅតែតាមសុំស្នេហ៍នាង រីឯនាងម្នាក់នោះ បានព្យាយាមគេចវេះរហូតមិនព្រមយកវិញទេ រហូតដល់វេលាម៉ោង៤និង៣០នាទីល្ងាច ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៦ ខណៈដែលនាងកំពុងតែដើរលេងជាមួយមិត្តភក្ដិ២នាក់ទៀត នៅតាមផ្លូវម្ដុំ មុខក្លោងទ្វារវត្តពោធិ៍ចិនតុង ស្ថិតក្នុងភូមិប៉ប្រកខាងជើង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ស្រាប់តែបុរសនោះបានជិះម៉ូតូ១គ្រឿងទៅដល់ឃើញ ក៏បានហៅនាងឲ្យត្រឡប់ទៅជាមួយខ្លួនវិញ និងឈប់ឲ្យនាងដើរលេងជាមួយនឹងមិត្តភក្ដិរបស់នាងទាំងពីរនាក់នោះទៀត ប៉ុន្តែនាងមិនព្រមឡើយ ទើបបង្កឲ្យមានទំនាស់គ្នាកើតឡើងមួយប្រ៉ាវ បង្កឲ្យមានការភ្ញាក់ផ្អើលដល់នគរបាល ប៉ុស្ដិ៍កាកាបបានចុះទៅអន្តរាគមន៍បានហៅអ្នកទាំងពីរ ទៅកាន់ប៉ុស្ដិ៍កាកាប ដើម្បីសួរនាំឲ្យដឹងសាច់រឿង និងធ្វើការអប់រំពួកគេ។
នគរបាលបានឲ្យដឹងថា គូស្នហ៍ខាងលើនោះ ខាងប្រុសឈ្មោះ ជួង ប៉ែត អាយុ៣០ឆ្នាំ អះអាងថា គាត់ជាអ្នកសារព័ត៌មាន សំឡេងប្រជាជន មានស្រុកកំណើតនៅក្នុងភូមិសំរោង ឃុំត្រពាំងធំ ស្រុកត្រាំកក់ ខេត្តតាកែវ និងស្នាក់នៅផ្ទះជួល ក្នុងភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។ ចំណែកនាងជាគូស្នេហ៍នោះឈ្មោះ ហ៊ឹម ចន្ធូ អាយុ២៨ឆ្នាំ ជាស្រីមេម៉ាយកូនមួយ មានស្រុកកំណើតនៅក្នុងភូមិត្បាល់ ឃុំមានជ័យ ស្រុកឈូក ខេត្តកំពត និងស្នាក់នៅផ្ទះជួលជាមួយគ្នា ។
ប្រភពដដែលបានបន្តថា រយៈពេលជាង២ឆ្នាំកន្លងមកហើយ ដែល បុរសនោះបានប្រាប់ថា ខ្លួនអត់មានប្រពន្ធទេ ទើបនាងព្រមស្រលាញ់យ៉ាងស្ម័គ្រស្មោះអស់ពីដួងចិត្ត និងរួមរស់នៅជាមួយគ្នាដូចប្រពន្ធប្តី ។ តែមិននឹកស្មានអ្វីដែលហួសចិត្តនោះរឿងរ៉ាវទាំងអស់ គឺជាការកុហកបោកប្រាស់ដោយខាងប្រុសមានប្រពន្ធ និងកូនរួចទៅហើយ។
ប្រភពខាងលើបានបន្តថា មិនតែប៉ុណ្ណោះប្រពន្ធដើមរបស់បុរសនោះ ក៏បានដឹងពីទំនាក់ទំនងស្នេហា របស់ពួកគេដែរ ហើយបានព្រមានសុំឲ្យនាងឈប់ទាក់ទងប្ដីរបស់ខ្លួនតទៅទៀត ហើយដោយសារតែមានមូលហេតុបែបនេះ ទើបនាងសម្រេចចិត្តឈប់ទាក់ទងជាមួយបុរសនោះទៀត ព្រោះខ្លាចមានគ្រោះថ្នាក់ ព្រោះតែស្នេហាត្រីកោណបែបនេះ។
ដោយឡែកបុរសនោះហាក់មិនដាច់អាល័យជាមួយនាងឡើយ និងបានតាមនាងរហូត ប៉ុន្តែនាងដាច់ខាតឈប់ត្រឹមនឹងតែម្ដង លុះដល់វេលាកើតហេតុខាងលើ នៅក្នុងខណៈដែលនាងកំពុងដើរលេងជាមួយមិត្តភក្ដិពីរនាក់ទៀត នៅតាមផ្លូវមុខផ្សារពោធិ៍ចិនតុង ស្រាប់តែបុរសនោះបានជិះម៉ូតូទៅដល់ឃើញបានហាមឃាត់មិនឲ្យនាងដើរលេង និងបានហៅឲ្យត្រឡប់ទៅផ្ទះជាមួយខ្លួនវិញ។ ប៉ុន្តែនាងមិនទៅទើបបង្កឲ្យមានទំនាស់គ្នា តាមដងផ្លូវបង្កឲ្យមានការភ្ញាក់ផ្អើល ដល់អ្នកផងទាំងពួង ហើយកម្លាំងនគរបាល បានចុះទៅកាន់កន្លែងកើតហេតុ នាំពួកគេទៅកាន់ប៉ុស្ដិ៍ ធ្វើការសាកសួរ និងឲ្យធ្វើកិច្ចសន្យាបញ្ចប់វិវាទ ហើយចែកផ្លូវគ្នា ដោយបុរសនោះសន្យាថា ឈប់រករឿង និងប្រើអំពើហិង្សាទៅលើនាងនោះទៀតហើយ ៕ សុខាសែនជ័យ