ខេត្តស្វាយរៀង: កម្លាំងស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ដឹកនាំបញ្ជាដោយលោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្ត បានបើកប្រតិបត្តិការបង្ក្រាបទីតាំង Online Scams នៅចំណុចផ្ទះសំណាក់ និងម៉ាស្សា (OMG) ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ដោយឃាត់ខ្លួនមនុស្សចំនួន៩៦នាក់ និងដកហូតវត្ថុតាងប្រព្រឹត្តបទល្មើសជាច្រើនទៀត។
ប្រតិបត្តិការនេះ ធ្វើឡើងនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ ដោយលោកវរសេនីយ៍ឯក គឹម ឡៃ ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ បានដឹកនាំកម្លាំងជំនាញព្រហ្មទណ្ឌខេត្ត សហការជាមួយកម្លាំងជំនាញអន្តោប្រវេសន៍ កម្លាំងការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា កម្លាំងវរនគរបាលការពារព្រំដែនលេខ ៦០៩ នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងបាវិត និងកម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត ដោយមានការសម្របសម្រួលនីតិវិធីពីលោក ចាន់ វណ្ណៈ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង។
ក្នុងកិច្ចប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យសរុបចំនួន៩៦នាក់ ស្រី ២២នាក់ក្នុងនោះ ជនជាតិចិនចំនួន៧នាក់, ជនជាតិវៀតណាមចំនួន៧៨នាក់ ស្រី១៨នាក់, ជនជាតិខ្មែរចំនួន១១នាក់ ស្រី៤នាក់។ ដកហូតសម្ភារវត្ថុតាងដូចជា៖ រថយន្តចំនួន២គ្រឿង, ម៉ូតូចំនួន៥គ្រឿង, កុំព្យូទ័រលើតុសរុបចំនួន២៤៩គ្រឿង, កុំព្យូទ័រ Laptop ចំនួន៣គ្រឿង, ធុង CPU ចំនួន១២គ្រឿង, ទូរស័ព្ទដៃចម្រុះចំនួន៧០៦គ្រឿង និងដំបក់ឆក់១ដើម។
បន្ទាប់ពីធ្វើការត្រួតពិនិត្យរួច ក្រុមការងារចម្រុះបានសម្រេចបិទទីតាំងខាងលើជាបណ្តោះអាសន្ន ដើម្បីបន្តតាមច្បាប់។

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច