ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ពាក់ព័ន្ធ ករណីប៉ុនប៉ងឃាតកម្ម ( ប្រើកាំបិតបុ័ងតោកាប់ប្រពន្ធបណ្តាលឱ្យរងរបួសធ្ងន់ធ្ងរ និងដុតផ្ទះ )កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង០៥និង៥០នាទី ត្រង់ចំណុចផ្ទះគ្មានលេខ ផ្លូវបេតុង ស្ថិតនៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ ត្រូវបានកម្លាំងសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ ចាប់ឃាត់ខ្លួន និងកសាងសំណុំរឿងបញ្ចូនទៅសាលាដំបូងរាជធានីភ្នំពេញ ដេីម្បីផ្ដន្ទាទោសតាមច្បាប់ នាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦នេះ ។
ជនរងគ្រោះឈ្មោះ ស៊ឹម គឹមរស់ ភេទស្រី អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ មានទីលំនៅផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ចំណែកជនសង្ស័យឈ្មោះ ប៉ែន ស៊ីណាត ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងកញ្ចក់ មានទីលំនៅផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
សម្ភារខូចខាត៖ ១/ ម៉ូតូម៉ាកHONDA DREAM C១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ១JG-៤២០៦ ចំនួន០១គ្រឿង ២/សម្ភារៈប្រើប្រាស់មួយចំនួន ។ រីឯវត្ថុតាងចាប់យក៖ ១/ កាំបិតបុ័ងតោ ចំនួន០១ ។
សមត្ថកិច្ចបានបញ្ជាក់ថា ៖ កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោងប្រហែល១៤និង៣០នាទី ជនសង្ស័យឈ្មោះ ប៉ែន ស៊ីណាត ភេទប្រុស អាយុ៤០ឆ្នាំ កំពុងធ្វើការជាជាងកញ្ចក់ នៅម្តុំផ្សារទួលគោក ហើយសង្ស័យក៏បានទូរសព្ទទៅជាជនរងគ្រោះឈ្មោះ ស៊ឹម គឹមរស់ ភេទស្រី អាយុ៣៦ឆ្នាំ ដែលជាប្រពន្ធរបស់ខ្លួន(ជនសង្ស័យ) ដើម្បីសួរនាំនិយាយគ្នាលេង ប៉ុន្តែទាល់តែទូរសព្ទទៅច្រើនដងទើបជនរងគ្រោះលើកទូរសព្ទ រួចជនរងគ្រោះក៏បានប្រាប់ថា «គាត់(ជនរងគ្រោះ) កំពុងរវល់ ហើយជនរងគ្រោះក៏បានចុចបិទទូរសព្ទ រួចជនសង្ស័យក៏បានទូរសព្ទទៅជនរងគ្រោះជាច្រើនដងទៀត ប៉ុន្តែជនរងគ្រោះមិនលើកទូរសព្ទឡើយ ធ្វើឱ្យជនសង្ស័យមានអារម្មណខឹងនឹងជនរងគ្រោះយ៉ាងខ្លាំង។ ដល់វេលាម៉ោង១៨និង១០នាទី ជនសង្ស័យចេញពីធ្វើការក៏បានមកដល់ផ្ទះស្ថិតនៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ បានមួយសន្ទុះជនរងគ្រោះក៏បានមកដល់ផ្ទះដែរ ប៉ុន្តែជនសង្ស័យមិនបានសួរនាំដេញដោលទៅលើជនរងគ្រោះអ្វីទាំងអស់ ។ បន្ទាប់មកហូបបាយរួចក៏បាននាំគ្នាចូលសម្រាក ដោយជនសង្ស័យនិងជនរងគ្រោះព្រមទាំងកូនឈ្មោះ ពិសិដ្ឋ សុជាតា ភេទស្រី អាយុ០២ឆ្នាំ (ជាកូនរបស់ជនរងគ្រោះនិងប្រពន្ធ ជាមួយនឹងប្តីទី២) ដេកនៅជាន់ផ្ទាល់ដី ចំណែកឈ្មោះ កុល បញ្ញា ភេទស្រី អាយុ១៩ឆ្នាំ (ជាកូនរបស់ជនរងគ្រោះ ជាមួយប្តីទី១) និងគូរដណ្តឹងឈ្មោះ វ៉ាន់ លីន ដេកនៅក្នុងបន្ទប់ជាន់ផ្ទាល់ដី ។ ដល់វេលាម៉ោង០៥និង៥០នាទី ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ ជនសង្ស័យក៏បានភ្ញាក់ពីដេកស្រាប់តែមានអារម្មណ៍នឹកឃើញខឹងនឹងជនរងគ្រោះ ដែលសង្ស័យលួចទាក់ទងជាមួយអតីតប្តីទី២នោះ ទើបជនសង្ស័យបានសម្រេចចិត្តថាសម្លាប់ជនរងគ្រោះ រួចនឹងធ្វើអត្តឃាតសម្លាប់ខ្លួនឯងតាមក្រោយ ភ្លាមៗជនសង្ស័យក៏បានដើរទៅយកកាំបិតបុ័ងតាដែលនៅផ្ទះបាយយកកាប់ចិញ្រ្ចាំទៅលើជនរងគ្រោះដែលកំពុងតែដេកលក់ជាច្រើនកាំបិតបណ្តាលឱ្យរងរបួសធ្ងន់ធ្ងរ ហើយជនរងគ្រោះក៏បានស្រែកឆោឡា រួចឈ្មោះ កុល បញ្ញា និងឈ្មោះ វ៉ាន់ លីន ក៏បានភ្ញាក់ចេញពីបន្ទប់មកឃាត់ជនរងគ្រោះ ហើយជនសង្ស័យក៏ដើរទៅទាញផ្តាច់ទុយោបេនសាំងម៉ូតូដែលនៅក្នុងផ្ទះបង្ហូរសាំងចេញ រួចយកដែកកេះដុតបណ្តាលឱ្យឆាបឆេះម៉ូតូ និងសម្ភារៈដែលនៅក្នុងផ្ទះ ផ្អើលដល់អ្នកជិតខាងចេញមកជួយធាក់ទ្វារផ្ទះដែលចាក់សោពីខាងក្នុង រួចអ្នកជិតខាងក៏បាននាំគ្នាជួយបាញ់ទឹកពន្លត់ភ្លើង ហើយឈ្មោះ គុល បញ្ញ និងឈ្មោះ វ៉ាន់ លីន ក៏បាននាំជនរងគ្រោះព្រមទាំងឈ្មោះ ពិសិដ្ឋ សុជាតា ចេញមកខាងក្រៅ រួចយកជនរងគ្រោះមកសង្រ្គោះនៅមន្ទីរពេទ្យមិត្តភាព ខ្មែរ-សូវៀត ហើយទូរសព្ទរាយការណ៍ប្រាប់សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ ឲ្យជួយអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យយកមកធ្វើការសាកសួរតាមនីតិវិធីច្បាប់ ។ ភ្លាមៗសមត្ថកិច្ចក៏បានចុះទៅអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យត្រង់ចំណុចផ្ទះកើតហេតុ រួមនិងវត្ថុតាង៖ ១/កាំបិតបុ័ងតោ ចំនួន០១ យកមកប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ ធ្វើការសាកសួរតាមនីតិវិធីច្បាប់ ។
ក្រោយពីធ្វើការសាកសួរជនសង្ស័យបានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថា រូបខ្លួន(ជនសង្ស័យ) ពិតជាបានយកកាំបិតបុ័ងតោកាប់ទៅលើជនរងគ្រោះជាច្រើនកាំបិតបណ្ដាលឱ្យរងរបួសធ្ងន់ធ្ងរ ហើយបានបង្ហូរសាំងចេញពីម៉ូតូយកដែកកេះដុតបណ្តាលឱ្យឆាបឆេះផ្ទះ ក្នុងគោលបំណងឱ្យស្លាប់ទាំងអស់គ្នា ប្រាកដមែន ៕ ដោយ ៖ ភារ៉ា ដង្កោ

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច