ភ្នំពេញ៖ បើយោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា កម្ពុជានាំចេញទៅកាន់ប្រទេសសមាជិកសហភាពអឺរ៉ុប សម្រេចបានជាង ១,១ ពាន់លានដុល្លារ នៅក្នុងត្រីមាសទី១ ២០២៦ កើនឡើង ៨,៣២% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា នៅក្នុងឆ្នាំ គិតចាប់ពីខែមករា ដល់ខែមីនា ២០២៦ ការដោះដូរទំនិញរវាងកម្ពុជា និងសហភាពអឺរ៉ុប មានទំហំ ១,៣៧ ពាន់លានដុល្លារ កើនឡើង ៧,៨០% ក្នុងនោះ កម្ពុជានាំចេញទៅសហភាពអឺរ៉ុប សម្រេចបានជាង ១,១៩ ពាន់លានដុល្លារ កើនឡើង ៨,៣២% ចំណែកឯ សហភាពអឺរ៉ុបនាំចូលមកវិញមានតម្លៃ ១៧៥ លានដុល្លារ កើន ១,៨៨%។
ទីផ្សារនាំចេញសំខាន់ៗរបស់កម្ពុជា នៅក្នុងសហភាពអឺរ៉ុបគឺ ប្រទេសបែលហ្ស៊ិក បារាំង អាល្លឺម៉ង់ ហូឡង់ និងប្រទេសអេស្ប៉ាញ ហើយទំនិញសំខាន់ៗរបស់កម្ពុជា មានដូចជា សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ។
បើតាមលោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា ទំហំពាណិជ្ជកម្មកម្ពុជាមានកំណើន ឆ្លុះបញ្ចាំងថា កម្ពុជានៅរក្សាបានទីផ្សារសំខាន់ៗរបស់ខ្លួន ដែលជាទីផ្សារពិភពលោក ធានារនូវការផ្គត់ផ្គង់ បង្កើតសក្ដានុភាពកម្ពុជា ក្នុងខ្សែច្រវាក់តម្លៃ និងខ្សែច្រវាក់ផ្គត់ផ្គង់ និងរក្សាបាននូវជំនឿចិត្តពីអ្នកបញ្ជាទិញ និងទីផ្សាររបស់ខ្លួន។
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានព្យាករថា កំណើនសេដ្ឋកិច្ចកម្ពុជានឹងសម្រេចបាន ៤,៥% នៅក្នុងឆ្នាំ ២០២៦ ប្រសិនបើការរំខានដល់ទីផ្សារទំនិញសកល ដែលបង្កឡើងដោយជម្លោះនៅមជ្ឈិមបូព៌ា មិនត្រូវបានអូសបន្លាយយូរ។
វិស័យកម្មន្តសាល នឹងនៅតែជាក្បាលម៉ាស៊ីនកំណើនសំខាន់របស់សេដ្ឋកិច្ច សម្រាប់ឆ្នាំ២០២៦ ខណៈដែលទិន្នផលឧស្សាហកម្មត្រូវបានរំពឹងថានឹងកើនឡើង ៧,៣% ដោយសារការបញ្ជាទិញសម្លៀកបំពាក់ច្រើនគួរសម និងកំណើននៃការរួមចំណែកពីវិស័យកម្មន្តសាលក្រៅពីវាយនភណ្ឌ ដែលរួមមានគ្រឿងបង្គុំអគ្គិសនី សំបកកង់ និងគ្រឿងសង្ហារឹម។
យោងតាមក្រសួងពាណិជ្ជកម្ម នៅក្នុងឆ្នាំ ២០២៥ ការដោះដូរទំនិញរវាងកម្ពុជា និងសហភាពអឺរ៉ុប មានទំហំ ៥,៨៧ ពាន់លានដុល្លារ កើន ១០,២០% ធៀបនឹងឆ្នាំ ២០២៤ ក្នុងនោះកម្ពុជានាំចេញទៅសហភាពអឺរ៉ុប សម្រេចបាន ៥ ពាន់លានដុល្លារ កើនឡើង ១៣,៥៥% ចំណែកឯ សហភាពអឺរ៉ុបនាំចូលមកវិញមានតម្លៃ ៨៦៣ លានដុល្លារ ធ្លាក់ចុះ ៥,៨៨%៕


ដោយ៖តារា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច