ព័ត៌មានទាន់ហេតុការណ៍៖

លោកអភិសន្តិបណ្ឌិត ស សុខា បានផ្ដល់គោលការណែនាំទៅកាន់អង្គភាពចំណុះក្រសួងមហាផ្ទៃ បង្កើតទំព័រហ្វេសប៊ុកដាច់ដោយឡែកពីទំព័រហ្វេសប៊ុកផ្លូវការរបស់អង្គភាពខ្លួន 

ចែករំលែក៖

ភ្នំពេញ ៖ ក្នុងកិច្ចប្រជុំមួយ នាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦នេះ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានផ្ដល់គោលការណែនាំទៅកាន់អង្គភាពចំណុះក្រសួងមហាផ្ទៃ បង្កើតទំព័រហ្វេសប៊ុកដាច់ដោយឡែកពីទំព័រហ្វេសប៊ុកផ្លូវការរបស់អង្គភាពខ្លួន ដើម្បីត្រៀមលក្ខណៈឆ្លើយត ប និងធ្វើបច្ចុប្បន្នភាពដំណឹង ឬផ្ដល់ព័ត៌មាន ជូនបុគ្គលពាក់ព័ន្ធ ឬសាធារណជន ក្នុងករណីកើតមានរឿងហេតុណាមួយ។

រដ្ឋបាលរាជធានី ខេត្ត និងស្នងការដ្ឋាននគរបាលក៏ដូចគ្នាដែរ គឺប្រសិនបើពុំទាន់មានផេកដូចបានបញ្ជាក់ខាងលើទេនោះ ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី បានណែនាំឱ្យរៀបចំបង្កើតឡើងជាមួយគ្នានឹងក្រុមការងារទទួលបន្ទុកឆ្លើយតបឱ្យបានលឿនជូនសាធារណជន។ ការរៀបចំយ៉ាងដូច្នេះ គឺដើម្បីបង្កើតភាពច្បាស់លាស់ ដាច់ដោយឡែកពីផេករបស់អង្គភាពដែលផ្សាយព័ត៌មានទូទៅ។ លោកអភិសន្តិបណ្ឌិត ចាត់ទុកផេក និងក្រុមការងារនេះ ថាជាក្រុមជួរមុខ ជួយសម្រាល និងបញ្ចប់ក្ដីមន្ទិលអ្នកពាក់ព័ន្ធ ឬសាធារណជន ពេលកើតមានរឿងហេតុណាមួយ ក្នុងសង្គម ជាពិសេសពេលសាធាណមតិផ្ទុះការចាប់អារម្មណ៍ខ្លាំង៕

ដោយ ៖ សិលា


ចែករំលែក៖