ព័ត៌មានទាន់ហេតុការណ៍៖

វិភាគព័ត៌មានអន្តរជាតិ៖ ប្រធានាធិបតី ឌុយទែរតេ បញ្ជាក់ថាមានតែចិនប៉ុណ្ណោះដែលអាចជួយហ្វុីលីពីនបាន

ចែករំលែក៖

ប្រធានាធិបតីហ្វុីលីពីនលោក ឌុយទែរ តេ បានសរសើរដល់ជនជាតិចិនដែលរស់នៅក្នុងប្រទេសរបស់ខ្លួនក៏ដូចរដ្ឋាភិបាលចិនថា មានតែចិនទើបអាចជួយហ្វុីលីពីន បាន។

លោក Duterte និយាយទៅកាន់បណ្តាញ ព័ត៌មានស៊ីនហួមុនពេលទស្សនកិច្ចទៅកាន់ ប្រទេសចិនរយៈពេល៤ថ្ងៃគឺចាប់ពីថ្ងៃទី១៨ ខែតុលានេះ ដោយលោកបានបញ្ជាក់ថា «ជីតារបស់លោកគឺជាជនជាតិចិន ហើយ មានតែចិនទើបអាចជួយយើងបាន»។

ប្រធានាធិបតីហ្វុីលីពីនបញ្ជាក់ថា អ្វី ដែលលោកត្រូវការនាពេលនេះគឺនិយាយគ្នានិងចាប់ដៃជាមួយមន្ត្រីចិន។ លោក ឌុយ ទែរតេ បន្តថា «ខ្ញុំនឹងនិយាយថា ពលរដ្ឋ ហ្វុីលីពីនយើងខ្ញុំនឹងសហការជាមួយលោក អ្នកសូមជួយយើងខ្ញុំកសាងសេដ្ឋកិច្ចប្រទេស ជាតិឲ្យរឹងមាំ»។

មេដឹកនាំវ័យ៧១ឆ្នាំរបស់ហ្វុីលីពីនបន្តទៀតថា គម្រោងសាងសង់ហេដ្ឋារចនា សម្ព័ន្ធកំពុងតែខ្វះដើមទុន។ លោក ឌុយ ទែរតេ ចង់ក្លាយជាផ្នែកមួយនៃគម្រោងធំ របស់ចិននិងអាស៊ីទាំងមូល ពិសេសនៅក្នុង តំបន់អាស៊ីភាគអាគ្នេយ៍តាមរយៈការជួយពីចិន។

លោក ឌុយទែរតេ បន្ថែមថា លោកនឹងមិនលើកឡើងពីវិវាទដែនសមុទ្រចិនភាគខាងត្បូងមកនិយាយនោះឡើយដោយលោកបញ្ជាក់ថា គោលដៅគឺបង្កើតមិត្តភាពសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចនិងជំនួញ។ ទាំងនោះមានភាពល្អប្រសើរជាងពិភាក្សាពីវិវាទដែលធ្វើឲ្យយើងមិនអាចឆ្ពោះទៅរកការរីកចម្រើន។

ប្រធានាធិបតីហ្វុីលីពីនបញ្ជាក់ទៀតថា កិច្ចពិភាក្សារវាងចិននឹងហ្វុីលីពីនគឺមិនចាំបាច់មានភាគីទី៣ជាអាជ្ញាកណ្តាលនោះឡើយ ។

ជាមួយគ្នានេះដែរ លោក ឌុយទែរតេ បានលើកឡើងថា ហ្វុីលីពីននឹងមិនមានការ ធ្វើសមយុទ្ធរួមជាមួយអាមេរិកឡើយ ដែលជាប្រទេសបានផ្តល់សម្ភារយោធាជាច្រើនដល់ហ្វុីលីពីន ហើយក៏គ្មានទីតាំងយោធាអាមេរិកនៅទីនេះដែរ។ ផ្ទុយទៅវិញលោក ឌុយទែរតេ មានបំណងចង់ធ្វើសមយុទ្ធរួមជាមួយចិននិងរុស្ស៊ីវិញម្តង។

លោក ឌុយទែរតេ បញ្ជាក់ថា ហ្វុីលីពីន នឹងងាកទៅរកចិនប្រសិនបើឥរិយាបថរបស់ អាមេរិក និងលោកខាងលិចមិនមានការផ្លាស់ ប្តូរចំពោះរដ្ឋាភិបាលរបស់លោកនោះ។ លោកបន្តទៀតថា ប្រទេសមួយចំនួនបានដឹកងថាយើងកំពុងតែខ្វះលុយ ប៉ុន្តែមិនព្រម ជួយឡើយបែរជារិះគន់ទៅវិញ។

ចៅក្រមតុលាការកំពូលហ្វុីលីពីនលោក Antonia Carpio បានអំពាវនាវដល់រដ្ឋាភិបាល បន្តសកម្មភាពយាមល្បាតជាមួយអាមេរិកឡើងវិញនៅសមុទ្រចិនភាគខាងត្បូង។

ការអំពាវនាវរបស់តុលាការកំពូលកើតឡើងក្រោយពេលដែលហ្វុីលីពីនបាន ប្រកាសលុបចោលការធ្វើសមយុទ្ធរួមនិង យាមល្បាតនៅសមុទ្រចិនភាគខាងត្បូង។ នៅក្នុងសេចក្តីប្រកាសរបស់តុលាការកំពូល បញ្ជាក់ថា ប្រធានាធិបតី ឌុយទែរតេ គួរតែបានមើលឃើញសារសំខាន់របស់អាមេរិកនៅសមុទ្រចិនភាគខាងត្បូង និងជំរុញរដ្ឋាភិបាលយ៉ាមល្បាតជាមួយអាមេរិកឡើង វិញ នៅក្នុងតំបន់ដែលមានវិវាទ។

លោក Antonia Carpio បានបញ្ជាក់នៅ ក្នុងពិធីបញ្ចប់ការធ្វើសមយុទ្ធរួមជាមួយ អាមេរិកថា មានតែប្រទេសមហាអំណាចតែមួយគត់ទើបអាចរារាំងចិនឈ្លានពាន តំបន់សេដ្ឋកិច្ចប្រទេសជិតខាងនោះគឺអាមេរិក។

កន្លងមកហ្វុីលីពីនបានប្រកាសថា កង ទ័ពហ្វុីលីពីនបានព្យួរសកម្មភាពល្បាតផ្លូវទឹករួមគ្នាជាមួយអាមេរិកនៅសមុទ្រចិនភាគ ខាងត្បូង។ រដ្ឋមន្ត្រីការពារជាតិហ្វុីលីពីនលោក ឌែលហ្វ៊ីន ឡូរេនហ្សាណា បាន ប្រកាសថា បានជូនដំណឹងនេះជាផ្លូវការទៅអាមេរិករួចហើយស្របតាមបញ្ជារបស់ប្រធានាធិបតី ឌុយទែរតេ ។

ប្រមុខការពារជាតិហ្វុីលីពីនលោក ឌែល ហ្វ៊ីន ឡូរេនហ្សាណា ( Delfin Lorenzana ) បានប្រកាសប្រាប់អ្នកសារព័ត៌មានថា សកម្ម ភាពល្បាតផ្លូវទឹកនៅសមុទ្រចិនខាងត្បូង ដែលហ្វុីលីពីនត្រូវធ្វើរួមគ្នាជាមួយអាមេរិកត្រូវបានព្យួរទុកសិននៅពេលនេះ ហើយ អាមេរិកក៏បានដឹងរឿងនេះដែរ។ ប្រមុខការ ពារជាតិហ្វុីលីពីនប្រាប់ទៀតថា លោកបានជូនដំណឹងនេះទៅមេបញ្ជាការកងទ័ពជើងទឹកអាមេរិកប្រចាំនៅប៉ាស៊ីហ្វិករួចហើយ។

ប្រតិបត្តិការល្បាតជើងទឹករួមគ្នាជាមួយ អាមេរិកនេះជាផែនការរបស់ហ្វុីលីពីននិងអាមេរិកតាំងពីក្នុងអាណត្តិរដ្ឋាភិបាលរបស់ លោក អាគីណូ ម្លេ៉ះ។ ហ្វុីលីពីនចង់ពង្រឹង វត្តមានយោធាអាមេរិកក្នុងតំបន់ដើម្បី ប្រឈមនឹងចិនដែលមានជម្លោះដែនទឹក ជាមួយខ្លួន។

ប៉ុន្តែតាំងពីលោក ឌុយទែរតេ ឡើងកាន់ អំណាចមកលោកបានកែប្រែហ្វុីលីពីនឲ្យងាក ទៅសហប្រតិបត្តិការជាមួយចិនវិញ។ ចំណែកទំនាក់ទំនងរវាងអាមេរិកនឹងហ្វុីលីពីនវិញបានធ្លាក់ចុះជាលំដាប់ ពិសេសក្រោយពវវវវវវេលក្រុងវ៉ាស៊ីនតោនរិះគន់នយោបាយលោក ឌុយទែរតេ ក្នុងការកម្ចាត់ ឧក្រិដ្ឋជនគ្រឿងញៀនដោយមិនឆ្លងកាត់ ការកាត់ទោសតាមច្បាប់។ រហូតដល់ពេល នេះនយោបាយកម្ចាត់ឧក្រិដ្ឋជនគ្រឿងញៀនបានសម្លាប់មនុស្សជាង៣.៣០០ នាក់នៅហ្វុីលីពីន។

ការស្នើឲ្យតភ្ជាប់ឡើងវិញនូវការយាមល្បាតរួមរបស់ចៅក្រមតុលាការកំពូលគឺជារឿងដ៏សំខាន់សម្រាប់អនាគតរបស់ហ្វុីលីពីន។ ការឈប់យាមល្បាតរួមឬបណ្តេញទាហានអាមេរិកចេញនោះនឹងធ្វើឲ្យហ្វុីលីពីនបាត់បង់ផលប្រយោជន៍ជាច្រើននៅ ក្នុងតំបន់សមុទ្រចិនភាគខាងត្បូង។

កន្លងមកចិនបានឡើងគម្រោងគ្រប់ គ្រងតំបន់សមុទ្រចិនភាគខាងត្បូងជាមួយក្រុមយន្តហោះគ្មានមនុស្សបើកដើម្បីតាមដានរាល់សកម្មភាពនៅក្នុងតំបន់សមុទ្រដែលមានវិវាទនៅសមុទ្រចិនភាគខាងត្បូង និងសមុទ្រចិនខាងកើត។

នៅពេលនេះចិនម ានសមត្ថភាពគ្រប់គ្រាន់ក្នុងការផលិតនិងដាក់ពង្រាយយន្តហោះគ្មានមនុស្សបើកនៅគ្រប់ទិសទីក្នុង តំបន់សមុទ្រចិនភាគខាងត្បូងនិងភាគខាង កើតដែលកំពុងតែមានវិវាទរវាងចិននឹង ប្រទេសជិតខាង៕ ម៉ែវ សាធី

 

ces


ចែករំលែក៖