ខេត្តសៀមរាប ៖ ដើម្បីជាការរឹតចំណងមិត្តភាព និងជំរុញកំណើនភ្ញៀវទេសចរ ក្រសួងទេសចរណ៍កម្ពុជា សហការជាមួយស្ថានទូតចិន នឹងរៀបចំ “មហោស្រពក្បាច់គុនចម្រុះ” នាថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ ខាងមុខនេះ នៅបរិវេណខាងជើងប្រាសាទបាយ័ន នៃរមណីយដ្ឋានអង្គរ ជាមួយនឹងការបង្ហាញពីវត្តមានក្រុមសិល្បគុនខ្មែរ និងព្រះសង្ឃសៅលីង របស់ប្រទេសចិន។
យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងទេសចរណ៍ ក្នុងក្របខ័ណ្ឌនៃការអនុវត្តយុទ្ធនាការ “ឆ្នាំទេសចរណ៍ កម្ពុជា-ចិន” សម្រាប់ឆ្នាំ២០២៦ ក្រសួងទេសចរណ៍ សហការជាមួយស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា នឹងរៀបចំ “មហោស្រពក្បាច់គុនចម្រុះ កម្ពុជា-ចិន” ដោយមានការសម្ដែងរួមគ្នារវាងក្រុមសិល្បករក្បាច់គុនល្បុក្កតោ យុទ្ធគុនខម និងប្រដាល់ខ្មែរ ជាមួយក្បាច់គុនកុងហ្វូ សៅលីង និងថៃជី របស់ព្រះសង្ឃដែលនិមន្តមកដោយផ្ទាល់ពីវត្តសៅលីង ប្រទេសចិន ដោយរំពឹងថានឹងមានភ្ញៀវជាតិ-អន្តរជាតិ ចូលរួមទស្សនាដោយផ្ទាល់ និងដោយសេរី យ៉ាងច្រើនកុះករ។
ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនេះ រៀបចំឡើងដើម្បីបន្តអនុវត្តយុទ្ធនាការ “ឆ្នាំទេសចរណ៍កម្ពុជា-ចិន” ក៏ដូចជាផ្សព្វផ្សាយទេសចរណ៍វប្បធម៌ កម្ពុជា-ចិន ព្រមទាំងផ្សព្វផ្សាយអំពីការអនុវត្តសាកល្បងការលើកលែងទិដ្ឋាការសម្រាប់ពលរដ្ឋចិន ដែលកាន់លិខិតឆ្លងដែននៃសាធារណរដ្ឋប្រជាមានិតចិន (PRC) ទាំងអស់ ចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ ឱ្យកាន់តែទូលំទូលាយដល់សាធារណជន និងប្រជាពលរដ្ឋចិន។
សូមរំលឹកថា កាលពីឆ្នាំ២០២៤ ក្រសួងទេសចរណ៍កម្ពុជា និងរដ្ឋបាលខេត្តសៀមរាប បានសហការជាមួយស្ថានទូតចិន បានប្រារព្ធរួមគ្នាជាលើកទី១ នូវព្រឹត្តិការណ៍ “ពិព័រណ៍វប្បធម៌ទេសចរណ៍ និងការសម្ដែងក្បាច់គុនសៅលីញ និងគុនល្បុក្កតោ” នៅក្រុងអង្គរធំ។ ព្រឹត្តិការណ៍នេះ បានជួយផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយនូវវប្បធម៌ ប្រពៃណី និងសក្ដានុពលទេសចរណ៍របស់ប្រទេសទាំងពីរ កម្ពុជា-ចិន ខណៈប្រជាជនចិន និងប្រជាជនកម្ពុជាមានភាពស្រដៀងគ្នា និងពាក់ព័ន្ធខាងផ្នែកប្រវត្តិសាស្ត្រជាមួយគ្នាច្រើន ដូចជាប្រពៃណី ទំនៀមទម្លាប់ និងវប្បធម៌ជាដើម៕

អត្ថបទ៖ លោកស្រី ហែម បូរ៉ានី
រូបភាព៖ លោក អ៊ុន ណារាជ្យ
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច