ព័ត៌មានទាន់ហេតុការណ៍៖

ចោរស្រីលូកហោប៉ៅដៃស្អិតប្រចាំផ្សារកំពង់ថ្មត្រូវសមត្ថកិច្ចចាប់ខ្លួន

ចែករំលែក៖

ខេត្តកំពង់ធំ៖ ចោរស្រីដែលធ្លាប់តែលូកកាបូប លូកហោប៉ៅ នៅផ្សារកំពង់ថ្មនោះ ឥឡូវនេះបានអស់ល័ក្ខណ៍ហើយ ដោយសារតែត្រូវសមត្ថកិច្ចចាប់ក្របួចជាប់នៅនឹងកន្លែងកាលពីព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៦ វេលាម៉ោង១១និង ១០នាទី នៅផ្សារកំពង់ថ្ម ដែលស្ថិតក្នុង ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានប្រាប់ថា ករណីចោរលួច (លូកយកកាបូបលុយ)នេះ ជនសង្ស័យតែងតែប្រព្រឹត្តជាច្រើនដង់រួចមកហើយ ប៉ុន្តែសមត្ថកិច្ចតាមមិនទាន់ ទើបពុំមានភស្ដុតាងឈានដល់ការឃាត់ខ្លួន ។ លុះមកដល់វេលាម៉ោង១១និង១០នាទី ថ្ងៃ ខែកើតហេតុខាងលើ អាជីវករបានឃើញសកម្មភាពលូកយកកាបូបលុយអ្នកលក់ដូរនៅផ្សារកំពង់ថ្មជាក់ស្តែងពីស្ត្រីសង្ស័យ ក៏ចាប់បានហើយប្ដឹងសមត្ថកិច្ចឲ្យចាប់ខ្លួនតែម្ដង ។

ប្រភពបន្តថា ជនសង្ស័យឈ្មោះ សុខ វី ភេទស្រី អាយុ ៤៥ ឆ្នាំ មានទីលំនៅមិនពិតប្រាកដ ដោយដកហូតបានវត្ថុតាងរួមមាន៖ អត្តសញ្ញាណប័ណ្ណ ចំនួន៣សន្លឹក រូបខុសគ្នា និងឈ្មោះខុសគ្នា ដោយសមត្ថកិច្ចសង្ស័យថា ជារូបដែលជនសង្ស័យធ្លាប់លូកយកកាបូបគេកាលពីមុន ។

ក្រោយមក សមត្ថកិច្ចបញ្ជូលជនសង្ស័យទៅសួរនៅអធិការដ្ឋាននគរបាលស្រុកបារាយណ៍ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕ ប៊ុន រិទ្ធី

srd-1 srd


ចែករំលែក៖