ខេត្តកំពង់ឆ្នាំង ៖ គ្រាប់បេប្រភេទB81មួយគ្រាប់ ត្រូវបានក្រុមជាងសំណង់ប្រទះឃើញនៅក្នុងមន្ទីរពេទ្យ នៅពេលដែលកំពុងជីកដីសម្រាប់ធ្វើបង្គន់អនាម័យ ។
ហេតុការណ៍នេះបានប្រទះឃើញកាលពីវេលាម៉ោងជាង១០ព្រឹក ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៦ នៅក្នុងមន្ទីរបង្អែកខេត្តកំពង់ឆ្នាំង ។
ក្រុមជាងសំណង់ ដែលជីកនៅទីនោះបានឲ្យដឹងថា នៅមុនដំបូង ពួកគាត់បានវាស់ដី ដើម្បីជីករណ្តៅគ្រឹះសម្រាប់បង្គន់អនាម័យនៅក្នុងមន្ទីរពេទ្យបង្អែកខេត្ត នៅពេលដែលជីក ទើបបាន២ទៅ៣ចបប៉ុណ្ណោះ ក៏កាប់ក្បាលគ្រាប់បេ B81 ពេលឃើញដូច្នេះ ក្រុមជាងបានរាយការណ៍ទៅថ្នាក់ដឹកនាំមន្ទីរពេទ្យ និង បានរាយការណ៍ទៅសមត្ថកិច្ចដើម្បី មកពិនិត្យមើល ។
ក្នុងពេលនោះសមត្ថកិច្ចនគរបាលក្រុងកំពង់ឆ្នាំង បានចុះមកពិនិត្យភ្លាមៗផងដែរ និង បានរាយការណ៍ទៅមន្រ្តីស៊ីម៉ាកខេត្តកំពង់ឆ្នាំងឲ្យចុះមកយកគ្រាប់ ។
មន្រ្តីស៊ីម៉ាកខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា គ្រាប់បេ ដែលជាងសំណង់ជីកប្រទះឃើញនេះ ជាបេប្រភេទ B81 ផលិតនៅប្រទេសអាមេរិក នៅសល់តាំងពីជំនាន់សម័យសង្គ្រាម ហើយគ្រាប់នៅមានគុណភាពអាចផ្ទុះបាន ទោះបីជាមានសភាពច្រេះយ៉ាងណាក៏ដោយ ។ ក្រោយពីពិនិត្យរួច មន្រ្តីស៊ីម៉ាកបានយកគ្រាប់បេនេះ យកទៅមជ្ឈមណ្ឌលស៊ីម៉ាកដើម្បីទុកកម្ទេចចោល ៕ ចន្ថា