ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមIS នឹងប្រើប្រាស់អាវុធគីមីដើម្បីរក្សាទីក្រុង Mosul ពីការដណ្តើមរបស់ទាហានអីរ៉ាក់

ចែករំលែក៖

កម្លាំងអន្តរជាតិ និងទាហានអីរ៉ាក់ បានបើកការវាយប្រហារ ទៅលើទីតាំងរបស់ក្រុម IS និងដណ្តើមគ្រប់គ្រងទីក្រុងធំទីពីររបស់អីរ៉ាក់ ។ ប៉ុន្តែក្រុម IS មិនអាចឲ្យបាត់បង់ទីក្រុង ដែលខ្លួនធ្លាប់គ្រប់គ្រងដោយងាយនោះឡើយ គឺក្រុមនេះអាចប្រើគ្រប់វិធីសាស្ត្រ ក្នុងនោះយកពលរដ្ឋធ្វើជារនាំង និងប្រើប្រាស់អាវុធគីមីក្នុងការវាយបកវិញ ។

កាលពីថ្ងៃទី១៨ ខែតុលា សង្គ្រាមវាយប្រហារដណ្តើមទីក្រុង Mosul ជាទីតាំងចុងក្រោយរបស់ក្រុមIS នៅក្នុងប្រទេសអីរ៉ាក់ឈានចូលថ្ងៃទី២ហើយ ។ សារព័ត៌មានរ៉យទ័របានផ្សាយថា កម្លាំងទាហានអីរ៉ាក់ និង ក្រុមទាហានជនជាតិឃឺត ដោយមានការគាំទ្រពីប្រទេសលោកខាងលិច បានវាយប្រហារឆ្ពោះទៅមុនគួរឲ្យកត់សម្គាល់ ។ ប៉ុន្តែប្រភពព័ត៌មានពីកម្លាំងទាហាន IS បានបញ្ជាក់ថា ក្រុមIS បានត្រៀមលក្ខណៈសម្រាប់សង្គ្រាមរយៈពេលយូរ ហើយអាចនឹងប្រើប្រាស់អាវុធគីមី ប្រសិនបើទីក្រុងនេះប្រឈមនឹងការបាត់បង់នោះ ។

សារព័ត៌មាន The Guardian កាលពីថ្ងៃទី១៨ ខែតុលា បានផ្សាយថា ពលរដ្ឋនៅទីក្រុង Mosul ទទួលបានបទបញ្ជាពីក្រុមISឲ្យត្រៀមលក្ខណៈធ្វើសង្គ្រាមយូរអង្វែង ។ តាមប្រភ័ពព័ត៌មាន ក្រុម IS ពេលនេះបានលាយលំជាមួយពលរដ្ឋ ដើម្បីវាយឆ្មក់ទៅលើកម្លាំងទាហានអីរ៉ាក់។ លើសពីពីនេះទៅទៀតក្រុមIS បានលាក់អាវុធនៅក្នុងផ្ទះពលរដ្ឋចៀសវាយការវាយប្រហារកម្ទេចឃ្លាំងអាវុធរបស់ពួកគេ ។

អ្វីដែលគ្រោះថ្នាក់នោះ គឺខ្មាន់កាំភ្លើងមួយរូបរបស់ក្រុម IS ដែលបានរត់ចេញពីក្រុមកាលពីខែកញ្ញា បានបញ្ជាក់ថា ក្រុមនេះ បានរក្សាទុកឃ្លាំងអាវុធគីមីជាទ្រង់ទ្រាយធំនៅក្នុងទីក្រុង ។ មិនតែប៉ុណ្ណោះ ក្រុមនេះបានរក្សាស្បៀងអាហារជាច្រើនទុកសម្រាប់ធ្វើសង្គ្រាមរយៈពេលវែងទៀតផង។

ចំពោះស្ថានភាពខាងលើ អង្គការជនភៀសខ្លួនអន្តរជាតិ IOM បានប្រកាសថា អង្គការបានខិតខំប្រមូលរបាំងមុខ ដើម្បីចែកចាយ ដល់ពលរដ្ឋនៅក្នុងតំបន់ សមរភូមិ ។ កម្លាំងទាហានរដ្ឋាភិបាល និងក្រុមទាហានជនជាតិឃឺត បានត្រៀមលក្ខណៈទប់ស្កាត់នឹងជាតិគីមី ដែលអាចវាយប្រហារពីទាហានរដ្ឋាភិបាល ។

ប្រធានអង្គការ IOM ប្រចាំនៅក្នុងប្រទេសអីរ៉ាក់ លោក Thomas Weiss បានប្រកាសថា លោកមានការព្រួយបារម្ភអំពីពលរដ្ឋនៅក្នុងទីក្រុង Mosul អាចក្លាយទៅជារនាំការពារក្រុមIS ។ ជាមួយគ្នានោះ ក្រុមIS បានឡោមព័ទ្ធទីក្រុងមិនឲ្យពលរដ្ឋភៀសខ្លួនចេញពីក្រុងបានឡើយ ។ ក្រុមIS បានប្រកាសថា នឹងបាញ់សម្លាប់ពលរដ្ឋណាព្យាយាមចាកចេញពីទីក្រុង ។

ពេលនេះ អង្គការសហប្រជាជាតិបានត្រៀមលក្ខណៈជួយដល់ជនភៀសខ្លួនចេញពីសង្គ្រាមនោះ។

តាមការសន្និដ្ឋាននឹងមានពលរដ្ឋប្រមាន ជាង១លាននាក់នៅក្នុងប្រទេសអីរ៉ាក់និងត្រូវភៀសខ្លួន និងរាប់ពាន់នាក់ទៀតអាចក្លាយទៅជារនាំងការពារ គ្រាប់របស់ក្រុមIS ក្នុងពេលដែលកម្លាំងទាហានអីរ៉ាក់បើកការវាយប្រហារដណ្តើមទីក្រុងដ៏សំខាន់ខាងលើ។

តាមការប្រកាសរបស់អង្គការសហប្រជាជាតិ ពលរដ្ឋនៅទីក្រុងMosul នឹងជួបគ្រោះថ្នាក់ ។ សង្គ្រាមវាយប្រហារជាទ្រង់ទ្រាយធំនោះ នឹងបង្កការខាត់បង់អាយុជិវិត្តជាច្រើន ។ ទីក្រុងខាងលើស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមIS ចាប់តាំងពីឆ្នាំ២០១៤មក ក្រោយកម្លាំងទាហានអីរ៉ាក់បានដកចេញពីទីនោះ។

នៅពេលនេះអង្គការសហប្រជាជាតិ បានបង្កើតទីតាំងជួយដល់ជនភៀសខ្លួននៅ ជិតទីក្រុង Erbil ដោយបានបោះជំរំបណ្តោះអាសន្នចំនួន ១០,០១៤កន្លែង អាចឲ្យពលរដ្ឋស្នាក់នៅបណ្តោះអាសន្នបាន៦០,០៨៤នាក់។ លើសពីនេះទៅទៀត ក៏បានឡើងគម្រោងបន្ថែមសាងសង់ជំរំជាង៤០មឺនទៀតសម្រាប់ជនភៀសខ្លួន ។

កាកបាទក្រហមអន្តរជាតិ ក៏បានប្រកាសឲ្យដឹងផងដែរថាកាលពីថ្ងៃទី១៧ខែតុលាអង្គការនេះ បានត្រៀមលក្ខណៈជួយដល់ជនភៀសខ្លួនប្រមាណ៣សែននាក់ ។

កម្លាំងទាហានអីរ៉ាក់ជាង៣ម៉ឺននាក់ រួមទាំងទាហាន ក្រុមជនជាតិឃឺត បានបើកការវាយប្រហារទៅលើក្រុមIS ដណ្តើមទីក្រុងដ៏សំខាន់នោះមកវិញ ៕ ម៉ែវ សាធី

aes aes-2


ចែករំលែក៖