ព័ត៌មានទាន់ហេតុការណ៍៖

ដើរទាក់ឆ្កែពេលយប់ ត្រូវនគរបាលចាប់បានម្នាក់ រត់រួចម្នាក់

ចែករំលែក៖

ភ្នំពេញ ៖ អ្នកទាក់ឆ្កែពេលយប់ម្នាក់ ក្នុងចំណោមបក្ខពួកពីរនាក់ ត្រូវបាននគរបាល ស្ទឹងមានជ័យឃាត់ខ្លួនបានកាលពីវេលារំលងអធ្រាត្រឈានចូលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៦ នៅលើស្ពានអាកាសស្ទឹងមានជ័យ ក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ បន្ទាប់ពីឃើញឆ្កែពីរក្បាលដែលគេទើបទាក់បានច្រកក្នុងបាវមួយ រួមមានទាំងអន្ទាក់ផងដែរ ។

មន្រី្តនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យបានឲ្យដឹងថា ជនសង្ស័យជាអ្នកទាក់ឆ្កែដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនបានឈ្មោះ ចិន ចាន់ណារី អាយុ១៥ឆ្នាំ មុខរបរអ្នករើសអេតចាយនិងទាក់ឆ្កែយកទៅលក់ ស្នាក់នៅផ្ទះជួលគ្មានលេខក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន។ចំណែកបក្ខពួកដែលរត់គេចខ្លួនមានឈ្មោះ អាយ៉ា ភេទប្រុស អាយុ៣០ឆ្នាំ ស្នាក់នៅសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ។

ប្រភពដដែលឲ្យដឹងទៀតថា មុនពេលកើតហេតុកម្លាំងនគរបាលអន្តរាគមន៍រាជធានីភ្នំពេញនិងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យកំពុងតែល្បាតនៅក្នុងមូលដ្ឋានរបស់ខ្លួនហើយខណៈមកដល់ផ្លូវលំក្បែរសាលាមតេយ្យស្ទឹងមានជ័យ ស្រាប់តែប្រទះឃើញជនសង្ស័យ២នាក់ជិះម៉ូតូវីវ៉ា ពណ៌ខ្មៅមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1W-8650 កំពុងធ្វើសកម្មភាពលួចទាក់ឆ្កែប្រជាពលរដ្ឋតាមផ្លូវសាធារណៈបានសម្រេចហើយបម្រុងជិះយកទៅលក់នៅម្តុំវត្តពោធិ៍ញាណក៏ត្រូវសមត្ថកិច្ចជិះម៉ូតូដេញតាមរហូតដល់លើស្ពានអាកាសស្ទឹងមានជ័យទើបចាប់បានជនសង្ស័យជាអ្នកបើកម៉ូតូ និងម៉ូតូវីវ៉ា១គ្រឿង ចំណែកជនសង្ស័យជាអ្នកធ្វើសកម្មភាពទាក់ឆ្កែដែលអង្គុយខាងក្រោយបានរត់គេចខ្លួនបាត់ ។ ក្នុងនោះដែរសមត្ថ កិច្ចរកឃើញអន្ទាក់ឆ្កែមួយ និងឆ្កែពីរក្បាលដែលជនទាំងពីរនាក់ទើបទាក់បាន រួចបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌមានជ័យចាត់ការតាមច្បាប់ ៕ ប្រាថ្នា

q32


ចែករំលែក៖