ខេត្តកណ្តាលៈ មុខសញ្ញាជួញដូរគ្រឿងញៀនម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលក្រុងតាខ្មៅល្បាតចាប់ខ្លួនបាន កាលពីវេលាម៉ោង២៣ និង៣០នាទី ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៦ លើកំណាត់ផ្លូវជាតិលេខ១០៧ ស្ថិតក្នុងភូមិតាខ្មៅ សង្កាត់-ក្រុងតាខ្មៅ ដកហូតថ្នាំញៀនប្រភេទមេតំហ្វេតាមីន ហៅម៉ាទឹកកកចំនួន០៣កញ្ចប់ និងសម្ភារៈពាក់ព័ន្ធមួយចំនួនទៀត ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ។
មន្ត្រីនគរបាលក្រុងតាខ្មៅបានឲ្យដឹងថា មុខសញ្ញាដែលត្រូវបានចាប់ខ្លួននោះឈ្មោះ ពេជ្រ សារី ភេទប្រុស អាយុ៥០ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅភូមិក្រពើហាកើត សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ។
ជាមួយនឹងការចាប់ខ្លួន សមត្ថកិច្ចរឹបអូសវត្ថុតាងរួមមាន៖ ថ្នាំញៀនប្រភេទមេតមហ្វេតាមីន ហៅម៉ាទឹកកកចំនួន០៣កញ្ចប់, ប្រាក់ដុល្លារក្លែងក្លាយចំនួន៦៥ដុល្លារ, កាបូបដាក់លុយចំនួន០១ និងម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១០ ពាក់ស្លាកលេខ ភ្នំពេញ ១AO-៩៨៤៧ ។
ប្រភពដដែលបន្តថា នៅវេលាយប់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៦ សមត្ថកិច្ចនគរបាលក្រុងតាខ្មៅ សហការជាមួយនគរបាលប៉ុស្តិ៍ចេញល្បាតតាមគោលដៅងាយរងគ្រោះ ដើម្បីរក្សាសន្តិសុខសណ្តាប់ធ្នាប់ជួនប្រជាពលរដ្ឋ ខណៈល្បាតដល់ចំណុចកើតហេតុខាងលើនេះ ក៏បានប្រទះឃើញជនសង្ស័យកំពុងអង្គុយលើម៉ូតូ ។
ភ្លាមៗនោះសមត្ថកិច្ចបានសុំត្រួតពិនិត្យលើខ្លួនជនសង្ស័យ រហូតរកឃើញវត្ថុតាងជាក់ស្តែងចាប់ខ្លួន ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕ ស្អាងជ័យ