ភ្នំពេញ ៖ ពាក់ព័ន្ធនឹងចម្ងល់ថា ! តើឡានដែលជួលឲ្យចិន មានឯកសារឡាន និងលិខិតជួលត្រឹមត្រូវ ពេលសមត្ថកិច្ចចុះបង្ក្រាបបទល្មើស Scam Online, ឡានទាំងនេះត្រូវប្រគល់ជូនម្ចាស់វិញ ឬដកហូតជាសម្បត្តិរដ្ឋ? ជាចម្ងល់អ្នកជួលឡានឲ្យចិន!
អ្នកនាំពាក្យ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី៥ ខែឧសភានេះ បានបញ្ជាក់ថា ៖ សូមគោរពជូនជ្រាប ក្នុងកិច្ចប្រជុំកាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៦ ម្សិលមិញនេះ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំក្រុមប្រតិបត្តិការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាទាំងអស់ ក្នុងករណី ប្រជាពលរដ្ឋខ្មែរបានជួលរថយន្តឱ្យ ជនបរទេស ហើយជនបរទេស ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពាក់ព័ន្ធបទល្មើស ដោយមានទាំងរថយន្តជួលនោះផង គឺសមត្ថកិច្ចយើង ត្រូវរៀបចំបែបបទប្រគល់រថយន្តនោះ ឱ្យទៅម្ចាស់រថយន្តវិញ ក្នុងករណីមានឯកសារជួល និងឯកសារកម្មសិទ្ធិរថយន្តច្បាស់លាស់ ស្របតាមច្បាប់។ លោកអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ក៏បានសង្កត់ធ្ងន់ដែរថា ដាច់ខាត មិនត្រូវឱ្យមានការគាបសង្កត់ទាមទារប្រាក់ជាថ្នូរនឹងការបំពេញបែបបទប្រគល់រថយន្តជូនទៅប្រជាពលរដ្ឋដែលជាម្ចាស់រថយន្ត៕

ដោយ ៖ សិលា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច