ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់បេីករថយន្ដ Prius ក្នុងល្បឿនលឿនមិនប្រយ័ត្នក៏ជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវរងការខូចខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ​ ៖​ បុរសម្នាក់បានបើករថយន្តម៉ាក Toyota Prius មួយគ្រឿងក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នក៏រ៉េចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់ចំនួនមួយកង់ចំណែករថយន្តខូចខាតមួយកំណាត់មុខយ៉ាងដំណំ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរបានកើតឡើងកាលពីវេលាម៉ោង១២:៥០នាទី រំលងអធ្រាត្រឈានចូល ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៦ ស្ថិតតាមបណ្ដោយផ្លូវព្រះមុនីវង្ស សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។ 

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា​ នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់បានបើករថយន្តបង្កម៉ាកToyota Prius ពណ៌ទឹកប្រាក់មួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2BQ-6848 ធ្វើដំណើរតាមបណ្ដោយផ្លូវព្រះមុនីវង្សទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿនលុះពេលបើកមកដល់ចំណុចកើតហេតុខាងលើខ្វះការប្រុងប្រយ័ត្នក៏រ៉េចង្កូតជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់ចំនួន១ កង់ចំណែករថយន្តបង្កខូចខាតផ្នែកខាងមុខយ៉ាងដំណំ សំណាងល្អមិនបង្ករឲ្យមានគ្រោះថ្នាក់ដល់មនុស្សហើយភ្លាមនោះដែរតៃកុងរថយន្តក៏បានគេចចេញពីកន្លែងកើតហេតុបាត់ស្រមោល។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានសហការជាមួយមន្ត្រីជំនាញចរាចរណ៍ចុះមកវាស់វែងស្ទូចយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជំនាញផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំការដោះស្រាយនៅពេលក្រោយ៕

ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖