ខេត្តស្វាយរៀង៖ កម្លាំងសមត្ថកិច្ចខេត្តស្វាយរៀង បានចុះត្រួតពិនិត្យករណីជនបរទេសស្នាក់នៅប្រមូលផ្តុំដោយខុសច្បាប់ និងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ចំនួន ៣ទីតាំង នៅក្រុងបាវិត ដោយឃាត់ខ្លួនជនសង្ស័យសរុប ៨៩នាក់ និងវត្ថុតាងមួយចំនួនធំ។
សមត្ថកិច្ចនគរបាលខេត្តស្វាយរៀង បានឱ្យដឹងថា ទីតាំងទី១ នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ១២:០០នាទី ក្រោមការបញ្ជាផ្ទាល់ពីលោក ខាំ សុផារី ព្រះរាជអាជ្ញានៃអយ្យការសាលាដំបូងខេត្តស្វាយរៀង បានចាត់បញ្ជាឱ្យលោក ឡាយ ជុងហេង ព្រះរាជអាជ្ញារង ដឹកនាំសម្របសម្រួលនីតិវិធីជាមួយកម្លាំងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀង គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងបាវិត និងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបាវិត ចុះត្រួតពិនិត្យផ្ទះវីឡាជួល ស្ថិតនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ដែលពាក់ព័ន្ធនឹងករណីខាងលើ។ ជាលទ្ធផល បានឃាត់ខ្លួនជនសង្ស័យ ១០នាក់ និងវត្ថុតាងមួយចំនួនធំ។
ទីតាំងទី២ នៅថ្ងៃដដែល វេលាម៉ោង ១៣:៣០នាទី កម្លាំងសមត្ថកិច្ចដូចខាងលើ បានចុះត្រួតពិនិត្យផ្ទះវីឡាជួលមួយកន្លែង ស្ថិតនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ដែលពាក់ព័ន្ធនឹងករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ជាលទ្ធផល ឃាត់ខ្លួនជនសង្ស័យជាជនជាតិចិន ១២នាក់ និងវត្ថុតាងមួយចំនួនធំ។ ផ្ទះនេះមានជាន់ផ្ទាល់ដី ១បន្ទប់ និងកន្លែងទទួលភ្ញៀវ ១ ហើយជាន់ទី១ មាន ៥បន្ទប់។
ទីតាំងទី៣ នៅថ្ងៃដដែល វេលាម៉ោង ១៦:៣០នាទី កម្លាំងសមត្ថកិច្ចបានចុះត្រួតពិនិត្យបន្ទប់ជួលមួយកន្លែង ស្ថិតនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ដែលពាក់ព័ន្ធនឹងករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ជាលទ្ធផល ឃាត់ខ្លួនជនសង្ស័យ ៦៧នាក់ ជាជនជាតិវៀតណាម (ស្រី ១៣នាក់) និងវត្ថុតាងមួយចំនួនធំ។ ទីតាំងនេះមានបន្ទប់សរុប ១២បន្ទប់។
បច្ចុប្បន្ន សមត្ថកិច្ចជំនាញបាននាំយកជនសង្ស័យ និងវត្ថុតាងទៅកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀង ដើម្បីសាកសួរ និងបន្តនីតិវិធីច្បាប់។ ចំពោះទីតាំងទាំងនេះ ត្រូវបានសម្រេចបិទជាបណ្តោះអាសន្នផងដែរ៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច