ព័ត៌មានទាន់ហេតុការណ៍៖

បង្ក្រាបករណីប្លន់ប្រដាប់អាវុធនៅការាសសាំង PTT ក្រុងប៉ោយប៉ែត ដែលជនល្មើសជិះរថយន្ដមកប្លន់, ជនដៃដល់ជាជនជាតិប៉ាគីស្ថានពីរនាក់ត្រូវបានចាប់ខ្លួន

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានបង្ក្រាបករណីប្លន់ប្រដាប់អាវុធនៅការាសសាំង PTT ក្រុងប៉ោយប៉ែត ដែលជនល្មើសជិះរថយន្ដមកប្លន់, ជនដៃដល់ជាជនជាតិប៉ាគីស្ថានពីរនាក់ត្រូវបានចាប់ខ្លួន។

កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង៤៖១៧នាទីទៀបភ្លឺ មានករណីលួចមានស្ថានទម្ងន់ទោស (ប្លន់ប្រដាប់អាវុធ) មួយបានកើតឡើងនៅចំណុចការាសសាំង PTT ស្ថិតក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយជនសង្ស័យមួយក្រុមជិះរថយន្ត១គ្រឿងម៉ាក TOYOTA PRIUS ពណ៌ស ផ្លាកលេខ 2BR-8282 មកធ្វើសកម្មភាពយកអាវុធខ្លីភ្ជង់និងបាញ់គំរាមហើយឆក់យកកាបូបស្ពាយពីជនរងគ្រោះឈ្មោះ ទូច សុវណ្ណឧត្តម ភេទប្រុសអាយុ២៧ឆ្នាំ មុខរបរជាបុគ្គលិកលក់សាំង។ សម្ភារបាត់បង់រួមមាន៖ កាបូបស្ពាយចំនួន១  ក្នុងនោះមានលុយសរុបជិត៣០០០ដុល្លារ។

ក្រោយពីមានហេតុការណ៍ខាងលើ កើតឡើងដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កម្លាំងជំនាញដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន, វរសេនីយ៍ឯក ហែម បូណា និងវរសេនីយ៍ឯក ឆាន់ គីមលី អនុប្រធាននាយកដ្ឋាន បានដឹកនាំកម្លាំងទៅសហការជាមួយស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យនិងខេត្តព្រះសីហនុ ធ្វើការស្រាវជ្រាវតាមនីតិវិធីនិងជំនាញ រហូតកំណត់បានអត្តសញ្ញាណរបស់ក្រុមជនសង្ស័យខាងលើ។

លុះមកដល់ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង១៤និង៣០នាទី កម្លាំងជំនាញបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ រួមមាន៖

១-ឈ្មោះ NOMAN MUHAMMAD ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិប៉ាគីស្ថាន

២-ឈ្មោះ ALI HASSAN ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិប៉ាគីស្ថាន ដោយ ឃាត់ខ្លួននៅត្រង់ចំណុចផ្លូវទំនប់កប់ស្រូវ ភូមិចែងម៉ែង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ក្រុមជនសង្ស័យខាងលើបានសារភាពថា កាលពីថ្ងៃទី ២៧ ខែមេសា ឆ្នាំ២០២៦ ពួកខ្លួនមានគ្នាចំនួន៣នាក់ ពិតជាបានធ្វើសកម្មភាពយកអាវុធខ្លីចំនួន១ដើមភ្ជង់ជនរងគ្រោះយកកាបូបលុយនៅចំណុចការាសសាំង PTT ស្ថិតក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ប្រាកដមែន។

បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ កសាងសំណុំរឿងតាមនីតិវីធី និងកំពុងស្រាវជ្រាវរកជនសង្ស័យម្នាក់ទៀតដែលបានរត់គេចខ្លួន៕


ចែករំលែក៖