ព័ត៌មានទាន់ហេតុការណ៍៖

អធិការរងទទួលផែនសណ្ដាប់ធ្នាប់ស្រុកកោះកុង និងនាយប៉ុស្ដិ៍ព្រែកខ្សាច់ នៃអធិការដ្ឋាននគរបាលស្រុកគិរីសាគរ ត្រូវផ្អាកការងារបណ្ដោះអាសន្ន ដើម្បីស៉ើបអង្កេតករណីដោះលែងជនបង្កគ្រោះថ្នាក់ចរាចរណ៍

ចែករំលែក៖

ខេត្តកោះកុង ៖ អធិការរងទទួលផែនសណ្ដាប់ធ្នាប់ នៃអធិការដ្ឋាននគរបាលស្រុកកោះកុង និងនាយប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំព្រែកខ្សាច់ នៃអធិការដ្ឋាននគរបាលស្រុកគិរីសាគរ ខេត្តកោះកុង ត្រូវផ្អាកការងារបណ្ដោះអាសន្ន ដើម្បីស៉ើបអង្កេតករណីដោះលែងជនបង្កគ្រោះថ្នាក់ចរាចរណ៍ ដែលបើកកិនមនុស្សស្លាប់។

ការសម្រេចផ្អាកការងារបណ្ដោះអាសន្ននេះ ធ្វើឡើងក្រោយលោក ខឹម ច័ន្ទដារ៉ា អាយុ៣៨ឆ្នាំ មុខរបរយោធិន សូមអន្ដរាគមន៍ពីលោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចុះថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ ពាក់ព័ន្ធនឹងបណ្តឹងបរិហារករណីភាពមិនប្រក្រតី ក្នុងការចុះអនុវត្តច្បាប់ដោយបានចោទប្រកាន់ថា មន្ត្រីនគរបាលបានដោះលែងជនបង្កដែលបានបុកកិនប្អូនថ្លៃស្រីរបស់គាត់ស្លាប់ នៅចំណុចផ្លូវគ្រួសក្រហម ចម្ងាយពីស្ពានខ្លែងពែង ស្ថិតនៅឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង កាលពីល្ងាចថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៦។

ក្នុងន័យនេះដើម្បីធានាបាននូវតម្លាភាព និងយុត្តិធម៌ដល់គ្រប់ភាគីពាក់ព័ន្ធ ស្នងការដ្ឋាននគរបាលខេត្តកោះកុង សម្រេចផ្អាកការងារជាបណ្ដោះអាសន្ន ចំពោះលោកវរសេនីយ៍ទោ ដុំ ដា អធិការរងទទួលផែនការងារសណ្តាប់ធ្នាប់ នៃអធិការដ្ឋាននគរបាលស្រុកកោះកុង និងលោកវរសេនីយ៍ត្រី សំ តារា នាយប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកខ្សាច់ នៃអធិការដ្ឋាននគរបាលស្រុកគិរីសាគរ ដើម្បីទទួលការស៊ើបអង្កេតបន្ត ក្នុងករណីខាងលើនេះ ។ 

ម្ចាស់ Facebook ឈ្មោះ Khoeum Chan Dara បានសរសេរផងដែរថា ៖ ខ្ញុំបាទសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដែលលោកបានជ្រាបជាព័ត៌មាននិងជួយអន្តរាគមន៍ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះ និង អរគុណដល់  លោកស្នងការដ្ឋាននគបាលខេត្តកោះកុង ដែលបានចេញសេចក្តីប្រកាសព័ត៌មាន ដើម្បីស្វែងរកយុត្តិធម៌ និង តម្លាភាព សំរាប់គ្រប់ភាគី🙏🙏🙏 ក្រុមគ្រួសារនៃសពចង់បានតែយុត្តិធម៌ជូនកូននិងជាប្អូនស្រីខ្ញុំតែប៉ុណ្ណោះ។ សូមអរគុណ បងប្អូនប្រជាពលរដ្ឋនិង ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ផងដែរ៕ 

ដោយ ៖ សិលា


ចែករំលែក៖