ព័ត៌មានទាន់ហេតុការណ៍៖

អ្នកវិភាគសង្គមសាទរកិច្ចព្រមព្រៀងសហប្រតិបត្តិការ កម្ពុជា-ចិន លើវិស័យ AI និង Drone  

ចែករំលែក៖

ភ្នំពេញ ៖ បណ្ឌិត កៅ មុយថង អ្នកវិភាគសង្គមសាទរ និង គាំទ្រកិច្ចព្រមព្រៀងសហប្រតិបត្តិការជាយុទ្ធសាស្ត្រ កម្ពុជា និង ចិន លើវិស័យបញ្ញាសិប្បនិម្មិត ឬ AI ព្រមទាំង យន្តហោះគ្មានមនុស្សបើក ឬ Drone។

ថ្មីៗនេះ ឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានបង្ហាញពីការអបអរសាទរយ៉ាងកក់ក្តៅ ចំពោះក្រសួងមហាផ្ទៃកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាយុទ្ធសាស្ត្រ នៅទីក្រុង ភ្នំពេញ ជាមួយសាកលវិទ្យាល័យវិជ្ជាជីវៈនិងបច្ចេកទេសណាននីង ប្រទេសចិន លើវិស័យបញ្ញាសិប្បនិម្មិត និង យន្តហោះដ្រូន។ ភាគីចិននឹងបន្តគាំទ្រដល់ការផ្លាស់ប្តូរឌីជីថល របស់ប្រទេសកម្ពុជា។

អ្នកវិភាគសង្គម បណ្ឌិត កៅ មុយថង ប្រាប់ នៅថ្ងៃទី៦ ខែឧសភានេះថា លោកសូមគាំទ្រឲ្យប្រទេសកម្ពុជាធ្វើបរិវត្តកម្មឌីជីថល ដោយការប្រើប្រាស់បច្ចេកវិទ្យា ដូចជា AI, Drone, Cloud ដើម្បីផ្លាស់ប្តូររបៀបធ្វើការ ឬ របៀបរស់នៅ។ បើតាមបញ្ញវន្ត រូបនេះដដែល, កិច្ចព្រមព្រៀង រវាងកម្ពុជា និង ចិន ផ្តល់អត្ថប្រយោជន៍ ៥ ចំណុចសំខាន់ៗ។

«ទី១) ការធ្វើនិម្មាបនកម្មឌីជីថល ព្រោះ កិច្ចព្រមព្រៀងនេះ គឺជាសញ្ញាវិជ្ជមាន ដែលឆ្លុះបញ្ចាំងពីការរៀបចំរចនាសម្ព័ន្ធបច្ចេកវិទ្យារបស់កម្ពុជា ក្នុងការបង្កើតឱ្យមានសង្គតិភាព រវាង “ប្រព័ន្ធបណ្តុះបណ្តាលជំនាញ” និង “គោលដៅយុទ្ធសាស្ត្រជាតិ”។ ទី២) កិច្ចសហការនេះ នឹងផ្តល់ឱកាសឱ្យមន្ត្រី និងយុវជនកម្ពុជា ទទួលបានការបណ្តុះបណ្តាលបច្ចេកទេសពិតប្រាកដ លើការបញ្ជាដ្រូន និងការសរសេរកម្មវិធី AI ដែលជាជំនាញមានតម្លៃខ្ពស់ក្នុងទីផ្សារការងារសកល។ ទី៣) ទោះបីជាកិច្ចព្រមព្រៀងនេះ ធ្វើឡើងជាមួយក្រសួងមហាផ្ទៃ (ដែលផ្តោតលើសន្តិសុខ ផ្ទៃក្នុង) ក៏ដោយ ប៉ុន្តែ AI និង Drone គឺជាបច្ចេកវិទ្យា ដែលគេអាចប្រើបាន ទាំងក្នុងវិស័យស៊ីវិល ដូចជា កិច្ចការពាណិជ្ជកម្ម កសិកម្ម ការកម្សាន្ត ឬ ការអភិវឌ្ឍសេដ្ឋកិច្ច ជាដើម។ សម្រាប់វិស័យសន្តិសុខ គេអាចប្រើវាសម្រាប់ការត្រួតពិនិត្យព្រំដែន ការបង្ក្រាបបទល្មើស និង ការប្រមូលព័ត៌មានសម្ងាត់ ជាដើម។ ទី៤) ការធ្វើទំនើបកម្មកងកម្លាំងសន្តិសុខ ព្រោះ ការចុះកិច្ចព្រមព្រៀងនេះ អាចចាត់ទុកថា ជាសញ្ញាមួយក្នុងការ បង្ហាញថា កម្ពុជាចាប់ផ្តើមងាកចេញពីការប្រើប្រាស់កម្លាំងមនុស្សបែបប្រពៃណី ទៅជាការប្រើប្រាស់ “បច្ចេកវិទ្យាបញ្ជាពីចម្ងាយ” ដែលជួយកាត់បន្ថយហានិភ័យ ដល់ជីវិតមនុស្ស និង បង្កើនប្រសិទ្ធភាពការងារខ្ពស់។ ទី៥) នេះគឺជាសញ្ញាល្អ ក្នុង “កម្រិតយុទ្ធសាស្ត្រ រយៈពេលមធ្យមនិងវែង” ដែលកម្ពុជាប្រើប្រាស់ យុទ្ធសាស្ត្រផ្លូវកាត់។ កម្ពុជាមិនចាំបាច់ចំណាយពេលសិក្សាស្រាវជ្រាវ ពីចំណុចសូន្យនោះទេ គឺអាចទាញយក ចំណេះដឹងផ្ទាល់ពីប្រទេសចិន ដែលមានការរីកចម្រើនខ្លាំង ខាង AI និង Drone ដូចជា ក្រុមហ៊ុន Da-Jiang Innovations គឺជាក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិន ដែលមានទីស្នាក់ការកណ្តាល នៅទីក្រុង Shenzhen ហើយ បច្ចុប្បន្ន គឺជា “ស្តេចត្រាញ់” នៅក្នុងពិភពដ្រូនស៊ីវិលជាដើម។

ទោះជាយ៉ាងណាក៏ដោយ លោកបណ្ឌិត កៅ មុយថង បានលើកឡើងថា កម្ពុជាក៏ត្រូវត្រៀមខ្លួន លើបញ្ហាសន្តិសុខទិន្នន័យ និងការរៀបចំច្បាប់គ្រប់គ្រងលំហអាកាស ឱ្យបានច្បាស់លាស់ ជាពិសេស ការបំពេញចន្លោះប្រហោងផ្នែកច្បាប់ ដែលបច្ចុប្បន្ន នៅផ្អែកលើច្បាប់អាកាសចរណ៍ស៊ីវិល និង សារាចរណែនាំនៅឡើយ។

«ជារួម កិច្ចសហប្រតិបត្តិការនេះ មិនត្រឹមតែជាការជួយជ្រោមជ្រែងផ្នែកបច្ចេកទេសប៉ុណ្ណោះទេ ប៉ុន្តែ ក៏ជានិមិត្តរូបនៃ “មិត្តភាពដែកថែប” ដែលជួយឱ្យកម្ពុជា សម្រេចបាននូវ “ភាពម្ចាស់ការ បច្ចេកវិទ្យា” នាពេលអនាគត»៕

ប្រភព ៖ (CCFR)


ចែករំលែក៖