ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌៖ វិធានការច្បាប់ ៣សំខាន់ៗដែលពិនិត្យ និងពិភាក្សាសម្រាប់ការអនុវត្តចំពោះករណីក្មេងទំនើង

ចែករំលែក៖

ភ្នំពេញ ៖ នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាអំពីក្របខ័ណ្ឌច្បាប់ដែលត្រូវអនុវត្តចំពោះករណីក្មេងទំនើង នៅក្នុងកិច្ចប្រជុំនេះធ្វើឡើងនៅទីស្តីការក្រសួងយុត្តិធម៌ ដែលមានការចូលរួមពីក្រសួង ស្ថាប័នពាក់ព័ន្ធជាច្រើន។

នាឱកាសនោះផងដែរ លោក កើត រិទ្ធ បានថ្លែងថា មានវិធានការច្បាប់ ៣សំខាន់ៗ ដែលត្រូវដាក់ឱ្យអនុវត្តចំពោះករណីក្មេងទំនើង ក្នុងនោះរួមមាន៖

១. ទោសការងារសហគមន៍ (ច្បាប់មានហើយ)។

២. ការព្យួរទោសសាកល្បង គឺជាវិធានការមួយដែលតុលាការព្យួរទោស តុលាការសម្រេចផ្ដន្ទាទោស ប៉ុន្តែទោសអត់អនុវត្តនោះទេ។ ហើយដាក់កាតព្វកិច្ចដើម្បីអនុវត្តរយៈពេលបីឆ្នាំ ហើយបើសាម៉ីខ្លួនទៅបំពេញការងារបានល្អ គឺមិនដល់៣ឆ្នាំគាត់អាចទទួលបានរបបនឹង។

៣. គឺការដោះលែងដោយមានលក្ខខណ្ឌ ចំពោះទណ្ឌិតដែលកំពុងតែជាប់ទោស អនុវត្តទោសបានចាប់ពី ២/៣ទៅ គឺច្បាប់អនុញ្ញាតឲ្យមានការដោះលែងដោយមានលក្ខខណ្ឌ។ លក្ខខណ្ឌសម្រាប់ការបំពេញការងារជាប្រយោជន៍សម្រាប់គាត់ផង និងជាប្រយោជន៍ដើម្បីបម្រើឲ្យប្រទេសជាតិផង។

សូមជម្រាបជូនថា សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានមានប្រសាសន៍ណែនាំឱ្យលោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក ស ថេត អគ្គស្នងការនគរបាលជាតិ លោក វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទសិក្សាផ្លូវច្បាប់ទាក់ទងរឿងក្មេងៗទំនើង ដើម្បីយកក្មេងទំនើងអស់ទាំងនោះទៅជួយដល់សកម្មភាពនៅសមរភូមិជួរមុខ។ សម្តេចធិបតី បានថ្លែងបែបនេះ នៅក្នុងពិធីជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈ ក្នុងឱកាសខួបអនុស្សាវរីយ៍ លើកទី ១៤០ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦៕

ដោយ ៖ សិលា


ចែករំលែក៖