ខេត្តក្រចេះ៖ ម៉ូតូអត់ពន្ឋនាំចូលជាច្រើនគ្រឿង និងច្រើនម៉ាកត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះ ដឹកនាំដោយស្ថប័នអយ្យការអមសាលាដំបូងខេត្តបានចុះឆែកឆែរ ហើយរកឃើញម៉ូតូគ្មានពន្ឋនាំចូលចំនួន១៣គ្រឿង ដែលកំពុងដាក់តាំងលក់នៅតាមហាងជាច្រើនកន្លែងនៅកណ្តាលក្រុងក្រចេះ និងបានដឹកទៅរក្សាទុកនៅទីស្នាក់ការគយ និងរដ្ឋករខេត្តដើម្បីបន្តចំណាត់ការនីតិវីធី ។
ការចុះបោសសំអាត និងចាប់បង្រ្កាបសារជីថ្មីម្តងទៀត របស់អាជ្ញាធរមានសមត្ថកិច្ច ក្រោមការដឹកនាំពីស្ថាប័នអយ្យការខេត្ត ជាមួយនិងមន្រ្តីរបស់សាខាគយ និងរដ្ឋករខេត្ត នាព្រឹកថ្ងៃទី១៩ ខែតុលា គឺសមត្ថកិច្ច បានឆែកឆែរលើទីតាំងទិញលក់ម៉ូតូមានចំនួន១៧កន្លែង នៅក្នុងទីប្រជុំជនខេត្ត ដែលកំពុងតែដាក់លក់ម៉ូតូមានពន្ឋ និងគ្មានពន្ឋ យ៉ាងអនាធិប្បតេយ្យ ក្នុងនោះរកឃើញម៉ូតូគ្មានពន្ឋនាំចូល ចំនួន១៣គ្រឿង ។
បើទោះជាបែបណា ក៏ការចុះមានវិធានការរបស់អាជ្ញាធរជំនាញសមត្ថកិច្ចពិសេស ក្រុមមន្រ្តីរបស់ស្ថាប័សាខាគយ និងរដ្ឋករខេត្តទៅលើទីតាំងទិញលក់ម៉ូតូគ្មានពន្ឋទាំងនេះ មិនត្រូវបានទទួលការសាទរពីមជ្ឈដ្ឋានក្នុងខេត្តនោះទេ ហើយពួកគាត់លើកឡើងថា ម៉ូតូដែលពួកគាត់ដាក់តាំងលក់នេះ គឺពួកគាត់បានទិញពីពលរដ្ឋជិះយកមកលក់ឱ្យពួកគាត់ដល់ហាងតែម្តង ។ ពួកគាត់លើកឡើងបន្តថា បើមិនចង់ឱ្យមានម៉ូតូអត់ពន្ឋនាំចូលមានលក់នៅលើទីផ្សារនោះ គួរណាស់ស្ថាប័សាខាគយ និងរដ្ឋករខេត្ត ត្រូវពង្រឹងការនាំចូលម៉ូតូអត់ពន្ឋពីប្រទេសជិតខាង ដូចជាប្រទេសវៀតណាមជាដើម ទើបវាត្រឹមត្រូវ មិនគួរមកពង្រឹង ឬចាប់បង្ក្រាបនៅតាមបណ្តាហាងលក់ម៉ូតូនោះទេ ហើយសព្វថ្ងៃនេះ គឺមានម៉ូតូអត់ពន្ឋរាប់សឹបគ្រឿងកំពុងនាំចូលពីប្រទេសវៀតណា មតាមច្រករបៀងជាច្រើនកន្លែងនៅក្នុងស្រុកកែវសីមា ខេត្តមណ្ឌលគិរី និងស្រុកស្នួល ខេត្តក្រចេះ ។
ការចុះមានវិធានការរបស់ក្រុមមន្រ្តីជំនាញទាំងនេះ ត្រូវបានគេមើលឃើញថា គឺធ្វើឡើងជាលើកទី៣ហើយ ចំនែកឯការដាក់លក់ ម៉ូតូគ្មានពន្ឋនាំចូល នៅតាមហាង ក៏នៅតែកើតមាន ដោយគេសង្ស័យថា អាចមានការត្រូវរូវគ្នាពីស្ថាប័នជំនាញ ៕ កោះទ្រុង