ខេត្តស្វាយរៀង៖ លោក ណុបចំរើន អភិបាលក្រុង បានលើកឡើងថា ការកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ គឺជាកត្តាសំខាន់ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ សម្រួលដល់ការធ្វើដំណើរ ការដឹកជញ្ជូន ក៏ដូចជាការបង្កើនសោភ័ណភាព និងការអភិវឌ្ឍមូលដ្ឋានឱ្យកាន់តែប្រសើរឡើង។
ការលើកឡើងបែបនេះធ្វើឡើង នាព្រឹកថ្ងៃព្រហស្បតិ៍ ៦រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ ខណៈដែលលោក អភិបាលក្រុង បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានកែលម្អផ្លូវដីក្រាលបេតុងអាម៉េ ប្រវែង ២៤៥ម៉ែត្រ ទទឹង ៤,៥ម៉ែត្រ ស្ថិតនៅភូមិគយត្របែក សង្កាត់គយត្របែក ក្រុងស្វាយរៀង ជាគម្រោងអនុវត្តដោយប្រើប្រាស់មូលនិធិសង្កាត់គយត្របែក ឆ្នាំ២០២៦។
លោកក៏បានណែនាំដល់ក្រុមហ៊ុនជាអ្នកទទួលការ ត្រូវយកចិត្តទុកដាក់អនុវត្តការងារឱ្យបានត្រឹមត្រូវតាមស្តង់ដាបច្ចេកទេស ធានាគុណភាព សុវត្ថិភាព និងបញ្ចប់ការសាងសង់តាមផែនការកំណត់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
សូមបញ្ជាក់ថា គម្រោងកែលម្អផ្លូវនេះ នឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយការលំបាកក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ជាពិសេសនៅរដូវវស្សា និងជួយជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅក្នុងមូលដ្ឋានឱ្យកាន់តែមានប្រសិទ្ធភាព៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច