ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន រំលឹកពីប្រវត្តិដោះស្រាយវិបត្តិទឹកសង្គ្រោះស្រូវជូនប្រជាកសិករនៅខេត្តតាកែវ

ចែករំលែក៖

ខេត្តតាកែវ ៖ នៅក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានានៃខេត្តតាកែវ នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី បានថ្លែងរំលឹកពីប្រវត្តិដោះស្រាយវិបត្តិទឹកសង្គ្រោះស្រូវជូនប្រជាកសិករនៅ ឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ កាលពីឆ្នាំ១៩៩៤ ដោយលើកឡើងពីទ្រឹស្តីដ៏ល្បីល្បាញថា «ច្រូតស្រូវក្នុងទឹកប្រសើរជាងគ្មានស្រូវច្រូត»។សម្តេចបន្តថា នៅថ្ងៃទី១៨-២០ ខែវិច្ឆិកា ឆ្នាំ១៩៩៤ ប្រជាកសិករនៅឃុំពត់សរ និងតំបន់ជិតខាងបានជួបវិបត្តិខ្វះទឹកស្រោចស្រពស្រូវ ហើយសម្តេចបានចុះទៅអន្តរាគមន៍បូមទឹកជួយសង្គ្រោះស្រូវ។ សម្តេចតេជោ ក៏បានថ្លែងសង្កត់ធ្ងន់ថា ទោះបីជាត្រូវច្រូតស្រូវក្នុងទឹក ក៏នៅតែប្រសើរជាងទុកឱ្យស្រូវងាប់ដោយសារខ្វះទឹក ព្រោះវានឹងមិនមានស្រូវសម្រាប់ប្រមូលផលសោះ។

នាឱកាសនោះផងដែរ សម្តេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា មន្ត្រីទាំងអស់ត្រូវបន្តរក្សានូវស្ថិរភាពជាតិ និងយកចិត្តទុកដាក់រក្សាសន្តិសុខសណ្ដាប់ធ្នាប់សង្គម ដោយបន្តអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព រួមមាន ការបង្ក្រាបនូវបទល្មើសផ្សេងៗ ដូចជា ចោរឆក់ ចោរប្លន់ ការជួញដូរគ្រឿងញៀន ព្រមទាំងការគាំទ្រដល់ការប្រមូលប្រាក់ចំណូលទាំងផ្នែកពន្ធគយ រួមទាំងទប់ស្កាត់ការរកស៊ីមិនបង់ពន្ធ ឬ រត់គេចពន្ធជាដើម។ ទន្ទឹមនេះ សម្ដេចតេជោ ក៏ឱ្យអាជ្ញាធរត្រូវយកចិត្តទុកដាក់ដោះស្រាយជម្លោះដីធ្លីជូនប្រជាពលរដ្ឋឱ្យបានរហ័ស និងមានប្រសិទ្ធភាព ជាពិសេសការដោះស្រាយក្រៅប្រព័ន្ធតុលាការ ដោយមិនត្រូវលំអៀងខាងភាគីណានោះទេ ហើយត្រូវយខិតខំគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ចជាពិសេសខណៈដែលប្រេងឥន្ធនៈឡើងថ្លៃ ត្រូវចេះសន្សំសំចៃលើការចំណាយដែលមិនចាំបាច់នានា។

ទន្ទឹមនោះផងដែរ សម្ដេចតេជោ ហ៊ុន សែន ក៏បានជំរុញឱ្យអាជ្ញាធរមូលដ្ឋានត្រូវចូលរួមទាំងអស់គ្នាក្នុងការថែរក្សាធនធានធម្មជាតិដែលមាននៅមូលដ្ឋាន ទប់ស្កាត់ការបំផ្លិចបំផ្លាញ និងរួមគ្នាក្នុងការថែរក្សាឱ្យបានគង់វង្ស។សម្ដេចតេជោក៏បានក្រើនរំលឹកដល់មន្ត្រីទាំងអស់ ជៀសវាងភាពអសកម្ម ឬការគៀបសង្កត់ណាមួយ និងត្រូវចាំថា «មន្ត្រីមិនមែនជាចៅហ្វាយរបស់ប្រជាជននោះទេ គឺជាអ្នកបម្រើដ៏ស្មោះត្រង់របស់ប្រជាជន» នឹងបម្រើប្រជាជនប្រកបដោយភាពស្មោះត្រង់។ នៅថ្ងៃនេះសម្តេចតេជោ ក៏បានរំលឹកឱ្យអាជ្ញាធរខេត្តតាកែវត្រូវបង្កើនកិច្ចសហប្រតិបត្តិការបន្ថែមទៀតតាមព្រំដែនជាមួយប្រទេសវៀតណាម ដើម្បីបង្កលក្ខណៈងាយស្រួលដល់ទំនាក់ទំនងប្រជាជន និងប្រជាជន នៃប្រទេសទាំងពីរ៕

ដោយ ៖ សិលា


ចែករំលែក៖