ភ្នំពេញះ នាព្រឹកថ្ងៃទី១៨ខែ តុលា ឆ្នាំ២០១៦ កម្លាំងនគរបាល និងប្រជាការពារខណ្ឌសែនសុខជាច្រើននាក់បានខឹងសម្បារនឹងមេក្រុមតន្ត្រីខនសឺតកុមារកំព្រាម្នាក់ឈ្មោះសុ វណ្ណារ៉ា ដែលបានរាយការណ៍បំភ្លើសទៅកាន់ផ្នែកវិទ្យុទាក់ទងនៃអធិការនគរបាលខណ្ឌពោធិ៍សែនជ័យថា មានកម្លាំងនគរបាលចូលទៅអុកឡុកទារលុយពីក្រុមតន្ត្រីរបស់ខ្លួនដល់កន្លែងប្រគំតន្ត្រីរបស់ខ្លួន ដែលការប្រគំតន្រ្តីនេះគឺ ដើម្បីប្រមូលថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ។
ការរាយការណ៍បំផ្លើសនេះធ្វើឲ្យ មន្ត្រីនគបាលប្រចាំបញ្ជាផ្នែកវិទ្យុទាក់ទងខាងលើ ប្រកាសឱ្យកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ និងនគរបាលប៉ុស្ដិ៍ចោមចៅ ចុះធ្វើការស្រាវជ្រាវ និងឲ្យមេប៉ុស្ដិ៍សាកសួរកូនចៅរបស់ខណ្ឌ តើមានរឿងពិតដូចជាការចោទរបស់មេក្រុមតន្ត្រីនោះដែរទេ ? ប៉ុន្តែពេលកម្លាំងនគរបាលបានចុះធ្វើការស្រាវជ្រាវព្រោះខ្លាចរឿងនេះបង្កឲ្យប៉ះពាល់ ដល់កិត្តិយស សេចក្ដីថ្លៃថ្នូរ និងវិន័យកងកម្លាំងនគរបាលជាតិ បែរជាអត់មានសោះ ។
សមត្ថកិច្ចឲ្យដឹងថា ពេលទៅស្រាវជ្រាវបែរជាឈ្មោះសុវណ្ណារ៉ា ប្រាប់ថាជាក្រុមប្រជាការពារខណ្ឌទេ ជាអ្នកមកទារលុយ ហើយករណីនេះបានធ្វើឱ្យកម្លាំងប្រជាការពារ ដែលមិនដឹងអីមានការខឹងសម្បារចំពោះឈ្មោះសុវណ្ណារ៉ា នោះយ៉ាងខ្លាំង ហើយមេក្រុមប្រជាការពារខាងលើ ក៏បានធ្វើហៅកូនចៅមកសាកសួរតែមិនមាននរណាម្នាក់បានដឹងនោះឡើយ ទើបទាំងនគរបាល និងប្រជាការពារ បានសម្ដែងប្រតិកម្មគ្រប់ៗគ្នា រួចបានទូរស័ព្ទទៅកាន់ឈ្មោះសុ វណ្ណារ៉ាមកជួបដើម្បីចង្អុលមុខអ្នកដែលទៅអុកឡុកនិងទារលុយ ពីខ្លួននោះ? បន្ទាប់មកកងកម្លាំងទាំងពីរខាងលើ បានណាត់ជួបគ្នាជាមួយ មេក្រុមតន្ត្រីម្នាក់នោះ នៅវេលាម៉ោង១២ និង១៥នាទីរសៀលថ្ងៃដដែលនៅក្នុងផ្សារបូរីញូវថោន ដែលមានទីតាំង ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៤ ក្នុងភូមិអង្គ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
សមត្ថកិច្ចឲ្យដឹងទៀតថាខណៈនោះ ខាងក្រុមប្រជាការពារ ខណ្ឌបានលើកគ្នាទៅទាំងអស់ប្រមាណ១០នាក់ ចំណែកនគរបាលប៉ុស្ដិ៍ចោមចៅ មានលោកថេង កុសល ដែលជានាយប៉ុស្ដិ៍ជាតំណាងឲ្យមន្ត្រីនគរបាលប៉ុស្ដិ៍ទាំងអស់ ទៅកន្លែងណាត់ជួបគ្នានោះ ។ ប៉ុន្តែ នៅពេលដែលទៅដល់ទីនោះ បានរង់ចាំច្រើនម៉ោងមិនបានឃើញ ឈ្មោះសុ វណ្ណារ៉ា ដែលជាមេក្រុមតន្ត្រីខនសឺតនោះ ទៅជួបតាមការណាត់នោះឡើយ ដោយមិនដឹងថា ជននោះមិនហ៊ានទៅជួប ព្រោះតែខ្លួននិយាយ គ្មានការពិតឬបែបណានោះទេ ។
បន្ទាប់មកកម្លាំងនគរបាល និងកម្លាំងប្រជាការពារបានស្រាវជ្រាវបន្ត ហើយបានរកឃើញថា ក្រុមតន្ត្រីខនសឺតរបស់ឈ្មោះសុ វណ្ណារ៉ា នោះបានចូលទៅប្រគំនៅក្នុងបូរីញូវថោននោះ ច្រើនថ្ងៃមកហើយ ដោយមិនបានសុំការអនុញ្ញាតពី អាជ្ញាធរខណ្ឌ សង្កាត់ និងនគរបាល ជាពិសេសចូលទៅ ប្រគំនៅក្នុងបុរីនោះមិនបានសុំការអនុញ្ញាត ពីម្ចាស់បូរីនោះទេ ។ មិនតែប៉ុណ្ណោះ បានអះអាងថាយកលុយពីប្រគំតន្រ្តីនេះយកលុយឧបត្ថម្ភមន្ទីពេទ្យគន្ធបុប្ផា តែមិនដឹងថាមែនឬមិនមែននោះទេ។ការប្រគំតន្រី្តនេះទៀតសោតក៏បានបង្កឱ្យមានភាព អនាធិបតេយ្យ បាត់បង់សណ្ដាប់ធ្នាប់ និងកកស្ទះតាមផ្លូវក្នុងបូរី និងប៉ះពាល់ដល់ផ្ទះប្រជាពលរដ្ឋក្បែរនោះខ្លាំងណាស់ ៕ សុខាសែនជ័យ