ព័ត៌មានទាន់ហេតុការណ៍៖

ស្រវឹងស្រាដើរដួលប្រឡាក់ភក់ ចុះលាងខ្លួនក្នុងព្រែកស៊ឹង បែរជាលង់ទឹកស្លាប់

ចែករំលែក៖

ខេត្តកណ្តាល៖ បុរសម្នាក់បានលង់ទឹកព្រែកស៊ឹងស្លាប់ ក្រោយពីដឹកគោទៅចងឲ្យស៊ីស្មៅរួចផឹកស្រាស្រវឹង ដើរដួលប្រឡាក់ភក់ រួចចុះលាងខ្លួនក្នុងព្រែកស៊ឹង ហើយបាត់ខ្លួនរហូត ។

ហេតុការណ៍ភ្ញាក់ផ្អើលឡើងនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៦ វេលាម៉ោងប្រមាណ៤រសៀលរហូតដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ ២០១៦ វេលាម៉ោង ១៥ :៣០នាទីទើបសាកសពអណ្តែតឡើង ស្ថិតនៅចំណុចមាត់ព្រែកស៊ឹង មុខរោងចាំចំការឈ្មោះដូ ធីហាំង ចម្ងាយពីផ្ទះជនរងគ្រោះប្រមាណ១៥០០ម៉ែត្រ ស្ថិតក្នុងភូមិព្រែកស៊ឹង ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល ។

ប្រភពព័ត៌មានពីសមត្ថកិច្ចឲ្យដឹងថា បុរសរងគ្រោះឈ្មោះ គិត ព្រឿន អាយុ៤៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិព្រែកស៊ឹង ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល ។

ប្រភពបន្តថា នៅមុនពេលកើតហេតុ ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៦ វេលាម៉ោងប្រមាណ១០ព្រឹក ជនរងគ្រោះបានដឹកគោរបស់ខ្លួន២ក្បាល ចេញផ្ទះយកទៅឲ្យស៊ីស្មៅនៅចំណុចកើតហេតុ ។ លុះពេលទៅដល់ បានចងគោឱ្យស៊ីស្មៅ បន្ទាប់មកជនរងគ្រោះ បានទៅផឹកស្រាជាមួយមិត្តភក្តិ ដែលទៅឃ្វាលគោក្របីដូចគ្នាអស់ស្រាស៣លីត្រ រហូតស្រវឹង ហើយបានដើរចេញពីវង់ផឹក ត្រឡប់មកផ្ទះ បានប្រមាណ២៥ម៉ែត្រ ក៏រអិលដួលប្រឡាក់ភក់ ពេលនោះជនរងគ្រោះ ក្រោកឡើងដើរទ្រេតទ្រោត លុះដល់ចំណុចរោងចម្ការរបស់ឈ្មោះ ដូ ធីហាំង ភេទស្រី ជនជាតិវៀតណាម ក៏ ចុះទឹកព្រែកស៊ឹងលាងខ្លួននៅត្រើយខាងត្បូង ស្រាប់តែបាត់ខ្លួន រហូតតែម្តង ។

តាមការបំភ្លឺរបស់ឈ្មោះ ដូ ធីហាំង ជាអ្នកឃើញហេតុការណ៍ផ្ទាល់បញ្ជាក់ថា បន្ទាប់មក គាត់បានប្រាប់ទៅបងប្អូនក្រុមគ្រួសារជនរងគ្រោះឲ្យមកជួយមុជរាវរក តែរកមិនឃើញ ។
លុះដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៦ វេលាម៉ោង១៥ ទើបឃើញសាកសពអណ្តែតឡើងពីក្នុងទឹកព្រែកស៊ឹង ខាងលិចច ម្ងាយ៥០ម៉ែត្រពីកន្លែងកើតហេតុ ។ បន្ទាប់មក បងប្អូនជនរងគ្រោះ បានលើកស្រង់សាកសពពីក្នុងទឹកដាក់ទូកនាំយកមកផ្ទះ រួចរាយការណ៍ជូនសមត្ថកិច្ចតែម្តង ។

សមត្ថកិច្ចបញ្ជាក់ថា ក្រោយពីបានទទួលព័ត៌មានខាងលើនេះភ្លាម ផ្នែកជំនាញនៃអធិការរដ្ឋាននគរបាលស្រុកកោះធំ បានទទួលបញ្ជាពីលោកអធិការ ឲ្យចុះទៅដល់ផ្ទះជនរងគ្រោះ បង្កើតគណៈកម្មការ មានអាជ្ញាធរមូលដ្ឋាន ប៉ុស្តិ៍នគរបាលរដ្ឋបាល គ្រូពេទ្យ ផ្នែកជំនាញ និងក្រុមគ្រួសារជនរងគ្រោះដើម្បីពិនិត្យសាកសពជនរងគ្រោះ លទ្ធផលរកឃើញថាៈ ជនរងគ្រោះ ពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ជាប់ពាក់ព័ន្ធនឹងករណីឃាតកម្មទ្បើយ គឺពិតជាស្លាប់ដោយការលង់ទឹកស្លាប់ប្រាកដមែន ។

ក្រោយការពិនិត្យរួច សមត្ថកិច្ចបានប្រគល់សាកសពជូនក្រុមគ្រួសារជនរងគ្រោះ យកទៅធ្វើបុណ្យតាមប្រពៃណី ៕

4 1 2 3


ចែករំលែក៖