ភ្នំពេញ ៖ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដោយផ្តោតអាទិភាពគន្លឹះទាំង៥ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។ ឈរលើមូលដ្ឋាននេះ រាជរដ្ឋាភិបាលបាននិងកំពុងបន្តកសាងប្រព័ន្ធគាំពារសង្គម មានលក្ខណៈប្រមូលផ្តុំ សង្គតិភាព ប្រសិទ្ធភាព សមធម៌ និងចីរភាព ដោយឈរលើស្មារតី មិនបោះបង់ពលរដ្ឋណាម្នាក់ និងផ្តោតលើកិច្ចអន្តរាគមន៍របស់រាជរដ្ឋាភិបាលដល់គ្រួសារក្រីក្រ និងងាយរងគ្រោះ តាមរយៈការធ្វើ ស្ថាបនូបនីយកម្មកម្មវិធីជាតិជំនួយសង្គម សម្រាប់គ្រួសារក្រីក្រ ក្រុមជនងាយរងគ្រោះនៅក្នុងគ្រួសារក្រីក្រ និង គ្រួសារងាយរងហានិភ័យ នៅក្នុងគ្រាមានវិបត្តិសេដ្ឋកិច្ច និងគ្រាមានគ្រោះអាសន្ន។
សម្តេចធិបតី បានលើកឡើងថា ៖ រាជរដ្ឋាភិបាលកម្ពុជាបាន ដាក់ចេញនូវកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ដឹកនាំអនុវត្តដោយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា ដែលមានមូលនិធិជាតិជំនួយសង្គមជាប្រតិបត្តិករ ដោយកម្មវិធីនេះរួមមាន៖
១.កម្មវិធីឧបត្ថម្ភ សាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ។២.កម្មវិធីអាហារូបករណ៍សម្រាប់សិស្សក្រីក្រនៅបឋម សិក្សា និងមធ្យមសិក្សាចំណេះទូទៅ ។
៣.កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនមានពិការភាព។
៤.កម្មវិធីឧបត្ថម្ភ សាច់ប្រាក់ជូនជនចាស់ជរា (អាយុ៦០ឆ្នាំឡើង) និងមានរួមបញ្ចូលការឧបត្ថម្ភគោលសម្រាប់គ្រួសារ និង ឧបត្ថម្ភសមាជិកគ្រួសារអ្នកផ្ទុកមេរោគអេដស៍ និងជំងឺអេដស៍។
សម្តេចបន្តថា ៖ បន្ថែមលើក្រុមគោលដៅខាងលើ រាជរដ្ឋាភិបាលបន្តគិតគូរផ្តល់អត្ថប្រយោជន៍ និងសម្រេចដាក់ចេញ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ ដល់ក្រុមគោលដៅថ្មីមួយទៀតគឺ ជនជាប់ឃុំជាស្ត្រី និងកូនអាយុក្រោម២ឆ្នាំ តាមម្តាយក្នុងពន្ធនាគារ តាមរយៈការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូន ជនជាប់ឃុំជាស្ត្រីមានផ្ទៃពោះ និងកូនអាយុក្រោម២ឆ្នាំតាមម្តាយនៅក្នុងពន្ធនាគារ។ ក្នុងអំឡុងវិបត្តិពីជម្លោះព្រំដែន កម្ពុជា-ថៃ ដែលបានបង្កផលប៉ះពាល់អវិជ្ជមានមកលើជីវភាពរបស់ប្រជាពលរដ្ឋ រាជរដ្ឋាភិបាលបានសម្រេច កែសម្រួលយន្តការអនុវត្ត និងលើកលែងលក្ខខណ្ឌអនុវត្តកម្មវិធីមួយចំនួន ដើម្បីធានាឱ្យបាននូវការបន្តទទួលបាន អត្ថប្រយោជន៍ពីកម្មវិធីជាតិជំនួយសង្គមក្នុងអំឡុងពេលមានវិបត្តិ។ ទន្ទឹមនេះ រាជរដ្ឋាភិបាលបាននិងកំពុងគិតគូរ ព្រមទាំង រៀបចំកម្មវិធីអន្តរាគមន៍ពិសេសសម្រាប់គ្រួសារដែលត្រូវបានជម្លៀសចេញពីភូមិសាស្ត្រជម្លោះព្រំដែន ពលករ និងកម្មករនិយោជិតដែលរងផលលំបាកពីវិបត្តិនេះផងដែរ។ ទាំងនេះ ស្តែងឱ្យឃើញច្បាស់ពីការយក ចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងការជំរុញនូវគុណតម្លៃនៃការលើកកម្ពស់ឧត្តមប្រយោជន៍របស់គ្រួសារ និង ការលើកស្ទួយកម្រិតជីវភាពរបស់ប្រជាជនគ្រប់រូប ដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ សាសនា ឋានៈតួនាទី និងនិន្នាការនយោបាយ ដើម្បីរក្សាបាននូវតុល្យភាពសង្គម និងស្ថិរភាពជាតិ។
សម្តេចធិបតី សូមសម្តែងនូវ ការកោតសរសើរចំពោះក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្នុងនាមជាប្រធានគណៈកម្មាធិការជាតិ ពិគ្រោះយោបល់គោលនយោបាយចំពោះគ្រួសារ ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី ដៃគូអភិវឌ្ឍ អង្គការជាតិ និងអន្តរជាតិ និងសប្បុរសជននានា ដែលបានរួមចំណែកយ៉ាងសកម្មគាំទ្រដល់ការធ្វើឱ្យប្រសើរឡើងនូវជីវភាព និងភាពសុខដុមនីយកម្មរបស់គ្រួសារកម្ពុជានៅទូទាំងប្រទេស។
សម្តេចសូម កោតសរសើរដោយស្មោះចំពោះកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលបានចូលរួមយ៉ាងសកម្មប្រកបដោយឆន្ទៈ មោះមុតជាមួយរាជរដ្ឋាភិបាល ក្នុងការអប់រំបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់យុវជន លើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ ទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងការជួញដូរស្ត្រីនិងកុមារ ការលើកស្ទួយសិទ្ធិជាមូលដ្ឋាន របស់កុមារ ការឆ្លើយតបបានទៅនឹងគ្រោះមហន្តរាយនានា ជាពិសេសការជួយរំលែកទុក្ខលំបាករបស់ប្រជាជន ដែលរងគ្រោះ និងងាយរងគ្រោះនៅទូទាំងប្រទេស ស្របតាមតម្រូវការជាក់ស្តែងក្នុងសង្គមជាតិយើង ៕

ដោយ ៖ សិលា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច