ព័ត៌មានទាន់ហេតុការណ៍៖

មន្ទីរអប់រំខេត្ដបន្ទាយមានជ័យ បំផុសស្មារតីសិស្សថ្នាក់ទី១២ឱ្យត្រៀមខ្លួនសម្រាប់សម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ត្រូវខិតខំរៀន

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ដើម្បីពង្រឹងគុណភាពអប់រំ និងជំរុញសន្ទុះ នៃការរៀនសូត្ររបស់យុវជនកម្ពុជា នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ លោក ឈូ ប៊ុនរឿងប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តបន្ទាយមានជ័យ បានអញ្ជើញចុះជួបសំណេះសំណាលផ្ទាល់ជាមួយសិ ស្សានុសិស្សថ្នាក់ទី១២ នៅវិទ្យាល័យ ហ៊ុន សែន ខ្លាកូន ស្ថិតក្នុងក្រុងសិរីសោភ័ណ ដើម្បីផ្តល់ជាកម្លាំងចិត្ត និងតម្រង់ទិសដៅសិក្សាឆ្ពោះទៅរកជោគ ជ័យ ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ដែលនឹងខិតជិតមកដល់នាពេលខាងមុខ។

ក្នុងពិធីសំណេះសំណាលដែលប្រារព្ធឡើងយ៉ាងស្និទ្ធស្នាលក្នុងបរិវេណវិទ្យាល័យ លោកប្រធានមន្ទីរបានសង្កត់ធ្ងន់លើចំណុចគន្លឹះសំខាន់ៗ ដើម្បីឱ្យសិស្សានុសិស្សយកទៅអនុវត្ត ការពង្រឹងសមត្ថភាព និងវិន័យសិក្សាលោក ឈូ ប៊ុនរឿង បានលើកទឹកចិត្តឱ្យសិស្សានុសិស្សទាំងអស់ ត្រូវចេះបែងចែកពេលវេលាឱ្យបានច្បាស់លាស់ ក្នុងការស្វ័យសិក្សា និងការរៀនជាក្រុម។ សម័យប្រឡងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ខាងមុខនេះ គឺជាវេទិកាវាស់ស្ទង់សមត្ថភាពដ៏សំខាន់បំផុត ដូច្នេះការត្រៀមខ្លួនបានល្អនៅថ្ងៃនេះ គឺជាគ្រឹះនៃលទ្ធផលដ៏គាប់ប្រសើរនៅថ្ងៃស្អែក។

ទន្ទឹមនឹងការជំរុញការសិក្សា លោកប្រធានមន្ទីរ ក៏បានក្រើនរម្លឹកយ៉ាងម៉ឺងម៉ាត់ ដល់ក្មួយៗសិស្សានុសិស្សទាំងអស់ ត្រូវដើរឱ្យឆ្ងាយពីគ្រឿងញៀន និងមិត្តភក្តិដែលអូសទាញទៅក្នុងផ្លូវខុស។ លោកមានប្រសាសន៍ថា យុវជនគឺជាសសរទ្រូងនៃប្រទេសជាតិ បើក្មួយៗមានសុខភាពល្អ និងបញ្ញាភ្លឺស្វាង នោះក្មួយៗនឹងអាចកសាងអនាគតខ្លួនឯង គ្រួសារ និងសង្គមជាតិបានយ៉ាងរឹងមាំ។

ជាមួយនោះ  លោកប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តបន្ទាយមានជ័យក៏បានជួយតម្រង់ទិសដល់សិស្សានុសិស្ស ឱ្យយល់ដឹងពីសារៈសំខាន់នៃការជ្រើសរើសជំនាញនៅសកលវិទ្យាល័យ ក្រោយពេលប្រឡងជាប់។ ការកំណត់គោលដៅច្បាស់លាស់ ចាប់ពីពេលនេះតទៅ នឹងធ្វើឱ្យពួកគេមានការតាំងចិត្តខ្ពស់ក្នុងការជម្នះរាល់ឧបសគ្គនៃការរៀនសូត្រ។

      សូមបញ្ជាក់ថា វិទ្យាល័យ ហ៊ុន សែន ខ្លាកូន ដែលស្ថិតក្នុងសង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ គឺជាគ្រឹះស្ថានសិក្សាមួយដែលតែងតែទទួលបានការយកចិត្តទុកដាក់ខ្ពស់ពីមន្ទីរអប់រំខេត្ត។ វត្តមានរបស់លោកប្រធានមន្ទីរនាពេលនេះ បានធ្វើឱ្យសិស្សានុសិស្សមានក្តីរំភើប និងប្តេជ្ញាចិត្តខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បីដណ្តើមយកនិទ្ទេសល្អប្រសើរជូនខេត្តបន្ទាយមានជ័យ ក្នុងឆ្នាំសិក្សា ២០២៥-២០២៦ នេះ៕

ដោយ ៖ សំរិត


ចែករំលែក៖