ព័ត៌មានទាន់ហេតុការណ៍៖

លោក រស់ វាសនា ចុះអប់រំណែនាំអាជីវករ លក់ដូរតាមបណ្ដោយផ្លូវជាតិលេខ១ ចាប់ពីស្ពានកន្ទុយវ៉ៃ រហូត មកដល់ទំនប់តាណេងច្រាំងរាហុលនៅក្រុងស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀង៖ លោក រស់ វាសនា អភិបាលរងក្រុងស្វាយរៀង  សំណូមពរ ដល់បងប្អូនអាជីវករ រៀបចំសម្ភារ កន្លែងលក់ដូរ មិនត្រូវឱ្យរំលោភលើចិញ្ចើមផ្លូវសាធារណៈ ដែលបង្កឱ្យមានការកកស្ទះចរាចរណ៍ ឬប៉ះពាល់ដល់អ្នកធ្វើដំណើរថ្មើរជើងឡើយ។

នេះបើតាមការអោយដឹង នាព្រឹកថ្ងៃទី១២ខែឧសភាឆ្នាំ២០២៦ បន្ទាប់ពីលោក រស់វាសនា តំណាងលោក ណុបចំរើនអភិបាលក្រុងស្វាយរៀង ដឹកនាំក្រុមការងាចំរុះ រួមមានកម្លាំងអធិការក្រុងស្វាយរៀង  និងការិយាល័យពាក់ព័ន្ធ ចុះអប់រំណែនាំអាជីវករលក់ដូរតាមបណ្ដោយផ្លូវជាតិលេខ១ ចាប់ពីស្ពានកន្ទុយវ៉ៃ រហូតមកដល់ទំនប់តាណេងច្រាំងរាហុលក្រុងស្វាយរៀង។

ក្នុងឱកាសនោះ លោកអភិបាលរងក្រុង បានជួបសំណេះសំណាលដោយផ្ទាល់ និងធ្វើការណែនាំដល់អាជីវករទាំងអស់នូវចំណុចសំខាន់ៗមួយចំនួនដូចជាការរក្សាសណ្តាប់ធ្នាប់៖ ការរៀបចំសម្ភារ កន្លែងលក់ដូរ និងបាន ណែនាំឱ្យបងប្អូនអាជីវករត្រូវវេចខ្ចប់កាកសំណល់ និងសម្រាមឱ្យបានត្រឹមត្រូវ ដើម្បីធានាបាននូវសោភ័ណភាពតាមដងទន្លេវ៉ៃគោ ដែលជាកន្លែងសម្រាកលំហែកាយដ៏សំខាន់របស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ។

ជាចុងបញ្ចប់ លោក ក៏បានស្នើឱ្យបងប្អូនអាជីវករចូលរួមសហការជាមួយអាជ្ញាធរ ដើម្បីប្រែក្លាយក្រុងស្វាយរៀងឱ្យកាន់តែមានភាពស្រស់បំព្រង និងមានរបៀបរៀបរយ។

សូមបញ្ជាក់ថា សកម្មភាពទាំងអស់នេះ បង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់រដ្ឋបាលក្រុងស្វាយរៀង ក្នុងការគ្រប់គ្រងសណ្តាប់ធ្នាប់សាធារណៈ ជាពិសេសការអភិវឌ្ឍន៍តំបន់មាត់ទន្លេវ៉ៃគោឱ្យស័ក្តិសមជាទីក្រុងស្អាត និងគួរឱ្យចង់រស់នៅ៕

ដោយ៖ សុថាន


ចែករំលែក៖