ខេត្តកណ្តាល៖ ករណីគ្រោះថ្នាក់ចរាចរណ៍១បានកើត ឡើងថ្ងៃព្រហស្បតិ៍១៤កើតខែពិសាខ ឆ្នាំមមីអដ្ឋស័កព.ស២៥៧០ត្រូវនឹងថ្ងៃទី១៤ខែឧសភា ឆ្នាំ ២០២៦ វេលាម៉ោង ០៣:១០នាទីនៅចំនុចផ្លូវជាតិលេខ១ចន្លោះគីឡូម៉ែត្រលេខ១៩-២០ស្ថិតនៅភូមិគគីរ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល បណ្ដាលបុរសម្នាក់ស្លាប់។
លោកព្រំ សំអុល នាយផ្នែកចរាចរណ៍ នៃអធិការដ្ឋាននគរបាលស្រុកកៀនស្វាយបានឱ្យដឹងថា នៅមុនពេលកើតហេតុមានប្រជាពលរដ្ឋនៅជិតកន្លែងកើតហេតុឃើញមានរថយន្តម៉ាកSSANGYONG ISTANA ពណ៌ស ប្រភេទដឹកអ្នកដំណើរពាក់ផ្លាកលេខភ្នំពេញ 2o-17.44 បើកបរដោយឈ្មោះសាត់ យាន ភេទប្រុសអាយុ៣០ឆ្នាំមានទីលំនៅភូមិក្រសាំងជ្រុំ ឃុំគ្រួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ដែលបើកបរមានទិសដៅក្នុងទិសដៅពីភ្នំពេញទៅអ្នកលឿង(ពីលិចទៅកើត)តាមផ្លូវជាតិលេខ១។
ពេលមកដល់កន្លែងកើតហេតុខាងលើ បានបុកជាមួយអ្នកថ្មើរជើងម្នាក់ ឈ្មោះ ហេង ប៉ូល ភេទប្រុសអាយុ៧៣ ឆ្នាំអនិកជនខ្មែរ-អាមេរិក ស្នាក់នៅភូមិកោះបៀរ ឃុំគគីរស្រុកកៀនស្វាយខេត្តកណ្តាល ដែលកំពុងដើរឆ្លងកាត់ផ្លូវជាតិលេខ១ពីជើងទៅត្បូងបណ្តាលឲ្យស្លាប់នៅកន្លែងកើតហេតុ។
សាកសពជូនរងគ្រោះបានប្រគល់ឲ្យគ្រួសារសពយកទៅធ្វើបុណ្យតាមប្រពៃណី។
ក្រោយបង្កគ្រោះថ្នាក់ រថយន្តបានបើករត់គេចទៅដល់ខេត្តស្វាយរៀង ទើបសមត្ថកិច្ចនគរបាលខេត្តស្វាយរៀងឃាត់អ្នកបើកបរប្រគល់ ឲ្យសមត្ថកិច្ចនគរបាលស្រុកកៀនស្វាយ សាកសួរបន្តនិតិវិធី។
ចំពោះរថយន្តបានយកមកអធិការដ្ឋាននគរបាលស្រុកកៀនស្វាយដើម្បីបន្តនិតិវិធី៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច