ខេត្តតាកែវ ៖ កម្លាំងកងរាជអាវុធហត្ថ ខេត្តតាកែវបានឲ្យដឹង នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ ថា ដោយទទួលបានបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តតាកែវ និងសម្របសម្រួលនីតិវិធី ដោយឯកឧត្តម ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ នៅវេលាម៉ោង ៩និង៥៥នាទីព្រឹក ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ កម្លាំងមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស សហការជាមួយ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រៃកប្បាស ដឹកនាំដោយលោកអនុសេនីយ៍ឯក ជួន តូរៈតៈ នាយការិយាល័យប្រឆាំងគ្រឿងញៀន បានចុះប្រតិបត្តិការបង្ក្រាបករណីរក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅភូមិផ្សារជ្រែ ឃុំអង្គាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ ។
កងរាជអាវុធហត្ថបានបន្តថា លុះវេលាម៉ោង ១១និង១០នាទី ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ បន្តពន្លាតដែនសមត្ថកិច្ចទៅខេត្តកណ្តាល សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសំពៅពូន និងសម្របសម្រួលនីតិវិធីដោយ ឯកឧត្តម គុជ គីមឡុង ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តកណ្តាល បានចុះបង្ក្រាបជាក់ស្តែងនៅចំណុចចំការស្វាយស្ថិតនៅភូមិព្រែកសុឹង សង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្តាល ។
ក្នុងប្រតិបត្តិការខាងលេីនេះ កម្លាំងអាវុធហត្ថឃាត់ខ្លួនជនសង្ស័យ ៖ បានសរុបចំនួន ០៥ នាក់ ប្រុស
ទី១. ឈ្មោះ ស៊ាង លីវណ្ណា ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិទួលក្រសាំងក ឃុំអង្គរបូរី ស្រុកអង្គរបូរី ខេត្តតាកែវ ។
ទី២. ឈ្មោះ ធី ទីន ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិ ក្រាំងព្រែកផ្តៅ ឃុំក្រាំងតាយ៉ង ស្រុកពាមជរ ខេត្តព្រៃវែង ។
ទី៣. ឈ្មោះ គង់ សុជាតិ ហៅកាក់ ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិក្រាំងព្រៃផ្តៅ ឃុំក្រាំងតាយ៉ង ស្រុកពាមជរ ខេត្តព្រៃវែង ។
ទី៤. ឈ្មោះ ភី សុភាព (ហៅ រី) ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដរស់នៅភូមិស្តី ឃុំត្រលាស់ ស្រុកមោងឬស្សី ខេត្តបាត់ដំបង ។
និងទី៥. ឈ្មោះ ស ចាន់ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិជប់រំដេង ឃុំក្រទួត ស្រុកស្វាយលើ ខេត្តសៀមរាប ។
វត្ថុតាងចាប់យករួមមាន ៖
១. ម្សៅក្រាមពណ៌សថ្លាចំនួន ១៣ កញ្ចប់ ទម្ងន់៣៤៣.៨៩ក្រាម(ថ្លឹងទាំងសំបកថង់)
២. ជញ្ជីងថ្លឹងថ្នាំញៀនចំនួន ១ គ្រឿង
៣. ដាវដែកចំនួន ២ ដើម
៤. ទូរស័ព្ទ ៨ គ្រឿង
៥. ម៉ូតូចំនួន ២ គ្រឿង
៦. ថង់វេចខ្ចប់ ថ្នាំញៀនមួយចំនួន ។
បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាង ការិយាល័យជំនាញ កំពុងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តតាកែវ ចាត់ការតាមនីតិវិធី៕

ដោយ៖សុខាសែនជ័យ
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច