ខេត្តបាត់ដំបង ៖ ក្មេងទំនើង២ក្រុមបានដេញវាយគ្នា និងគប់ដោយដុំថ្ម យ៉ាងប្រសេកប្រសាចនៅម៉ោងជាង១២រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៨ ឧសភា នៅលើផ្លូវខាងកើតស្ពានវត្តគរត្រើយខាងកើត ស្ថិតក្នុងភូមិវត្តតាមិម ឃុំអូរដំបង១ ស្រុកសង្កែ ប៉ុន្តែគិតត្រឹមម៉ោង១២ថ្ងៃ ត្រង់ (១២ម៉ោង) សមត្ថកិច្ចស្រុកនេះ នៅមិនទាន់ទទួលបានដំណឹងស្ដីពីអំពើ «ហិង្សា» រវាងពួកជនអន្ធពាលទាំង០២ក្រុមនេះនៅឡើយទេ ។
តាមរយៈឃ្លីបវីដេអូរខ្លី ដែលគេថតបានពីសកម្មភាពពួកក្មេងទំនើងទាំង០២ក្រុមនេះដេញវាយគ្នា គេឃើញភាគីម្ខាងបានព្យាយាមរត់ចូលផ្ទះគេនៅក្បែរនោះ ខណៈភាគីម្ខាងដែលមានគ្នាច្រើន ខ្លះបានជិះម៉ូតូដេញតាមវាយ និងខ្លះទៀតដេញគប់ដោយដុំថ្មទៅលើភាគីដែលប្រឹងរត់ ។ នៅក្នុងឃ្លីបវីដេអូរ គេឃើញជនម្នាក់ ដែលមានពាក់មួកសុវត្ថិភាពផង បានស្ទុះរត់ចេញពីខាងមុខផ្ទះគេដែលមានរថយន្តប៉ុន្មានគ្រឿងចតនៅទីនោះផង។
វីដេអូរឃ្លីបដដែលបានបង្ហាញពីសកម្មភាពអ្នករត់ និងអ្នកជិះម៉ូតូដេញតាមវាយ ។ គេឃើញជនម្នាក់នោះបានប្រឹងរត់យ៉ាងត្រដាបត្រដួសដួលប្រកាច់ប្រកិនច្រើនដងនៅលើផ្លូវ ដែលទំនងត្រូវនឹងដុំថ្មផង ខណៈភាគីម្ខាងដែលមានគ្នាច្រើនជាង បានព្យាយាមជិះម៉ូតូដេញតាមវាយ និងគប់យ៉ាងស្អិតមិនបន្ធូរដៃ ។ ប៉ុន្តែបើតាមអ្នកឃើញហេតុការណ៍និយាយថា ភាគីដែលឈ្នះបានយកដុំថ្មតាមគប់អ្នករត់ តែគប់ខុសមនុស្ស ស្រាប់តែទៅត្រូវចំរថយន្តស៊េរីទំនើប១គ្រឿង ដែលចតនៅកន្លែងប្រយុទ្ធគ្នានោះ ដែលទំនងម្ចាស់រថយន្តនោះពុំបានដឹងដឹងទេ។
រសៀលថ្ងៃទី១៨ ឧសភា អធិការស្រុកសង្កែ លោក យុត តុងហូ បានប្រាប់ថា លោកមិនទាន់ទទួលបានព័ត៌មានស្ដីពីអំពើ «ហិង្សាដែលបង្កឡើងដោយពួកក្មេងទំនើង០២ក្រុម»ខាងលើនេះនៅឡើយទេ សូម្បីតែមន្ត្រីប៉ុស្ដិ៍រដ្ឋបាល ក៏មិនទាន់ដឹងដែរ ។ ប៉ុន្តែយ៉ាងណា លោកអធិការបានបញ្ជាក់ថា ពេលនេះ មន្ត្រីជំនាញរបស់លោក និងមន្ត្រីមូលដ្ឋានបាននិងកំពុងធ្វើការស្រាវជ្រាវ និងចុះសួរនាំដល់ចំណុចកើតហេតុហើយ ៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច