ខេត្តបន្ទាយមានជ័យ ៖ កម្លាំងជំនាញអគ្គស្នងការដ្ឋាននគរបាលជាតិ និងកម្លាំងគណៈបញ្ជាការឯកភាពខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦នេះ បានបើកប្រតិបត្តិការត្រួតពិនិត្យជាក់ស្ដែងទីតាំងសង្ស័យ លបលួចធ្វើសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅអគារមួយកន្លែង ស្ថិតនៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយរកឃើញជនជាតិវៀតណាមជាង១០០នាក់។
ប្រតិបត្តិការនេះធ្វើឡើងដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, លោកឧត្តមសេនីយ៍ឯក យឹម លាង អគ្គស្នងការរងនគរបាលជាតិ និងលោក អ៊ុំ រាត្រី ប្រធានគណៈបញ្ជាការឯកភាពខេត្ត ក្រោមការសម្របសម្រួលពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ។
សម្រាប់កម្លាំងគណៈបញ្ជាការឯកភាពខេត្តបន្ទាយមានជ័យដឹកនាំដោយលោក លៀម សុដា អភិបាលរងខេត្តបន្ទាយមានជ័យ និងមានការចូលរួមពីកម្លាំងនគរបាលខេត្តដឹកនាំលោកឧត្ដមសេនីយ៍ត្រី នូ ជីវ័ន្ត ស្នងការរងនគរបាល ទទួលផែនព្រហ្មទណ្ឌ និងកម្លាំងអាវុធហត្ថដឹកនាំដោយលោកវរសេនីយ៍ឯក ប៊ុន ណាំអៀង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ក្រោមការដឹកនាំសម្របសម្រួលនីតិវិធីពីលោក សំរឹទ្ធ សុខុន ព្រះរាជអាជ្ញារងអម សាលាដំបូងខេត្តបន្ទាយមានជ័យ។
ក្នុងប្រតិបត្តិការនោះ កម្លាំងសមត្ថកិច្ច បានរកឃើញវៀតណាម សរុបចំនួន១០១នាក់ (ស្រី៣៨នាក់)។ បច្ចុប្បន្នកម្លាំងជំនាញកំពុងធ្វើការសួរនាំបន្ដ ដើម្បីចាត់ការតាមនីតិវិធី។
សូមបញ្ជាក់ថា នៅព្រឹកថ្ងៃនេះកម្លាំងគណៈបញ្ជាការឯកភាពខេត្ត ក៏បានចុះបង្ក្រាបមួយករណីដែរនៅចំណុចអគារកម្ពស់៥ជាន់ មាន៤៦បន្ទប់ ស្ថិតក្នុងភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយរកឃើញជនជាតិថៃចំនួន៣៤នាក់ ក្នុងនោះមានស្រី១៧នាក់ផងដែរ៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច