ព័ត៌មានទាន់ហេតុការណ៍៖

ឌូទឺរទេ និយាយថា «លាហើយអាមេរិក» ពេលទស្សនកិច្ចនៅចិន

ចែករំលែក៖

កាលពីថ្ងៃទី១៩ ខែតុលា ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គេ ឌូទឺរទេ បានទៅដល់ទីក្រុងប៉េកាំង នៅទីនោះ លោកបានបញ្ជាក់ថា «ដល់ពេលដែលនិយាយថា លាអាមេរិក» មិនតែប៉ុណ្ណោះ លោកបានរិះគន់យ៉ាងខ្លាំងដល់ប្រធានាធិបតី អូបាម៉ា ទៀតផង ។

សារព័ត៌មាន Inquirer បានដកស្រង់សម្តីលោកឌូទឺរទេ បញ្ជាក់ថា «អស់លោកបាននៅក្នុងប្រទេសខ្ញុំ ដើម្បីផលប្រយោជន៍របស់ខ្លួន ។ ពេលនេះ គឺជាពេលវេលាដែលនិយាយថា លាហើយមិត្តរបស់ខ្ញុំ» ។ លោកបញ្ជាក់ទៀតថា លោកនឹងមិនទៅកាន់អាមេរិកទៀតឡើយ ដោយសារតែនៅទីនោះ លោកទទួលបានតែការបំពាន មិនឲ្យតម្លៃ ។ មិនតែប៉ុណ្ណោះ លោកឌូទឺរទេ បានហៅប្រធានាធិបតីអូបាម៉ាជា «កូនប្រុសស្រីសំផឹង»ថែមទៀតផង ។

ប្រធានាធិបតីហ្វីលីពីន កំពុងតែទស្សនកិច្ចរយៈពេល៤ថ្ងៃ នៅក្នុងប្រទេសចិន គឺជាដំណើរទស្សនកិច្ច ដែលទីក្រុងម៉ានីល រំពឹងថា នឹងមានការីកចំរើននៅក្នុងទំនាក់ទំនង និងបង្វែទិសដៅពីអាមេរិកមកកាន់ចិនវិញ ទាំងនោះជាគោលដៅថ្មីរបស់ហ្វីលីពីន ។

នៅក្នុងការសន្ទនាជាមួយសហគមន៍ជនជាតិហ្វីលីពីន នៅក្នុងប្រទេសចិន លោកឌូទឺរទេ បានបញ្ជាក់ថា ទីក្រងម៉ានីល ទទួលបានតិចតួចណាស់ពីសម្ព័ន្ធមិត្តយូរឆ្នាំរបស់ខ្លួន គឺទីក្រុងវ៉ាស៊ីនតោន ជាប្រទេស ដែលធ្លាប់ធ្វើអាណានិគមន៍មកលើហ្វីលីពីន ។

សារព័ត៌មាន Global Times របស់ចិនបានផ្សាយថា កាលពីថ្ងៃទី១៩ ខែតុលា នៅអត្ថបទមួយ បញ្ជាក់ថា ទីក្រុងវ៉ាស៊ីនតោនចាត់ទុកហ្វីលីពីន គឺជាកូនអ៊ុក មិនដែលឲ្យតម្លៃដល់ហ្វីលីពីនឡើយ ។

ការដែលលោកឌូទឺរទេ កែប្រែនយោបាយការបរទេសឡើងវិញ គឺដើម្បីផលប្រយោជន៍ប្រជាជនហ្វីលីពីន។

ក្នុងរយៈពេលនៅទីក្រុងប៉េកាំង លោកឌូទឺរទេនឹងជួបពិភាក្សាជាមួយប្រធានាធិបតីចិនស៊ីជីងពីន និងនាយករដ្ឋមន្ត្រីលីឃឺជាំង ។ លោកឌូទឺរទេ សង្ឃឹមថា ចិននឹងលុបចោលទណ្ឌកម្មហាមនាំចូលចេកពីប្រទេសហ្វីលីពីន ។

ការបោះបង់សម្ព័ន្ធមិត្តឆ្ងាយចាប់យកដៃគូរជិត គឺជាគោលនយោបាយជួយដល់សេដ្ឋកិច្ចរបស់ហ្វីលីពីនកាន់តែប្រសើរ ជាជាងការប្រឈមមុខ ដែលមិនទទួលបានផលប្រយោជន៍អ្វី ហើយថែមទាំងខាតបង់ជាច្រើនទៀតផង ។

ចាប់តាំងពីលោក ឌុយទែរតេ ឡើងកាន់តំណែងទំនាក់ទំនងរវាងហ្វីលីពីននឹងអាមេរិកមិនដូចជាពេលមុនទៀតឡើយ ។ គោលនយោបាយការបរទេសរបស់លោកមានការផ្លាស់ប្តូរទាំងស្រុង ដោយលោកសុខចិត្តបោះបង់សម្ពន្ធមិត្ត នៅឆ្ងាយចាប់យកដៃគូជិតងាយស្រួលជួយដល់សេដ្ឋកិច្ចប្រទេសនេះ ។

លោក ឌុយទែរតេ បាន បញ្ជាក់ថាចេកក្រអូបរបស់ហ្វីលីពីនបើនាំដល់អាមេរិកប្រាកដជាស្អុយរលួយជាមិនខានដូច្នេះមានតែទីផ្សារប្រទេសចិន ប៉ុណ្ណោះ ទើបទាន់ពេលវេលា ។ ទាំងនោះជាអ្វីដែលលោក ឌុយទែរតេ ចង់បានក្នុង ពេលដែលលោកកាន់អំណាច ។

អាមេរិកជាសម្ពន្ធមិត្តយុទ្ធសាស្ត្រប្រពៃណីរបស់ហ្វីលីពីន កាលពីជំនាន់មុនទំនាក់ទំនងរវាងអាមេរិក និងហ្វីលីពីនមានភាពល្អប្រសើរ ហើយអាមេរិកប្រើប្រាស់ហ្វីលីពីនដើម្បីគ្រប់គ្រង់ចិន ។ ផ្ទុយទៅវិញ លោកឌុយទែរតេ បានកាត់បន្ថយទំនាក់ទំនងជាមួយអាមេរិកងាកទៅរកចិនវិញ ។ ប្រធានាធិបតិហ្វីលីពីនសង្ឃឹមថា ចិននឹងមិនដើរឆ្ងាយជាងនេះ នៅក្នុងការឈ្លានពានហ្វីលីពីនទុកឲ្យហ្វីលីពីនមានឱកាសបានរស់នឹងគេ ។

ពាក់ព័ន្ធនឹងវិវាទដែនសមុទ្រវិញ តាមអ្នកវិភាគតុលាការអន្តរជាតិ ក៏ដូចជាអ្នកវិភាគភាគច្រើនយល់ថា ហ្វីលីពីនជាអ្នកត្រូវសោះ បែរជាតត្រុកសុំការសន្តោស ប្រណីពីចិន ដែលជាអ្នកមកបំពានគេទៅ វិញ។ អ្នកតំណាងរាស្ត្រហ្វីលីពីនម្នាក់ មកពីខាងគណបក្សប្រឆាំងយល់ថា ជំហរបែបឱបជើងចិនរបស់ប្រធានាធិបតីហ្វីលីពីននាពេលនេះ នឹងជះផលអាក្រក់មកលើហ្វីលីពីននៅថ្ងៃពេលក្រោយ ។ ចិននឹងកាន់តែបានចិត្តសង្កត់កហ្វីលីពីនលើគ្រប់វិស័យដើម្បីការពារប្រយោជន៍របស់គេ ហើយលោករ៉ូឌ្រីហ្គោ ឌុយទែរតេ វិញ ខ្លាចលោក ស៊ី ជីងពីង ដូចឆ្មាត្រូវទឹក។

សម្រាប់អ្នកវិភាគខ្លះនៅសាកលវិទ្យាល័យវិទ្យាសាស្ត្រនយោបាយហ្វីលីពីនវិញយល់ថា បន្ទាត់នយោបាយបែរទៅខាងចិននាពេលនេះ វាជារឿងចាំបាច់ក្នុងបរិបទនយោបាយបច្ចុប្បន្ន ដែលហ្វីលីពីនត្រូវការរកបង្អែកថ្មី ព្រោះសហរដ្ឋអាមេរិកកំពុង អស់ឥទ្ធិពលបណ្តើរៗទៅហើយ នៅតំបន់ អាស៊ីប៉ាស៊ីហ្វិក។គ្មាននរណាម្នាក់អាច គេចពីក្រញ៉ាំរបស់ចិនបានទេ។ ជាងនេះ ទៅទៀតក្នុងអាណត្តិទាំងពីររបស់លោក អូបាម៉ា សហរដ្ឋអាមេរិក ហាក់បានកាត់បន្ថយមិនចង់ធ្វើអន្តរាគមន៍ ឬចេញមុខឈ្លោះ ជាមួយអ្នកណាដើម្បីការពារកូនចៅដូចកាលពីជំនាន់មុនទេ។

ដូច្នេះបើហ្វីលីពីនទៅតទល់ជាមួយចិនតែម្នាក់ឯងគឺមិនខុសពីយកពងមាន់ទៅជល់នឹងថ្មឡើយ។ ការបត់ក្បាលទៅរកចិននាពេលនេះជាការយល់ពីកាលៈទេសៈជាក់ស្តែង។ វិស័យ ពាណិជ្ជកម្ម ជំនួយវិនិយោគទាំងអស់នេះដែលហ្វីលីពីនត្រូវការចិនបានផលពីចិន ជាជាងបង្កជម្លោះជាមួយចិន ៕ ម៉ែវ សាធី

Philippine President Rodrigo Duterte, front, walks with Chinese President Xi Jinping during a welcome ceremony outside the Great Hall of the People in Beijing, China, Thursday, Oct. 20, 2016. (AP Photo/Ng Han Guan)

philippines-says-lifetime-sea-row-no-barrier-to-thawing-china-ties

maxresdefault


ចែករំលែក៖