ភ្នំពេញ ៖ ជនសង្ស័យប្រុសស្រី០៩នាក់ ត្រូវបានកម្លាំងសមត្ថកិច្ច ជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ ធ្វេីការកសាងសំណុំរឿងបញ្ចូនទៅតុលាការ នាថ្ងៃទី១៨ ខែឧសភា ឆ្នាំ ២០២៦ ដេីម្បីផ្ដន្ទាទោសតាមច្បាប់ ពាក់ព័ន្ធ ករណីធ្វើសកម្មភាពប្រើដុំថ្ម ដងឆ័ត្រ និងដាវ កាប់ទៅលើជនរងគ្រោះ ០៦នាក់ឲ្យរងរបួស និងកាប់យកផ្លាកលេខម៉ូតូ ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង១៩និង០០នាទី ជនរងគ្រោះឈ្មោះ រ៉េត វិសាល ភេទប្រុស អាយុ២១ឆ្នាំ បានជិះម៉ូតូ០១គ្រឿងម៉ាក HONDA DREAM C125 ពណ៌ខ្មៅ សេរីឆ្នាំ២០១៩ ពាក់ផ្លាកលេខភ្នំពេញ1HZ-7108 ចេញផ្ទះស្ថិតនៅភូមិព្រែកហូរលិច១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល ដើម្បីមកមើលប្រដាល់នៅប៉ុស្តិ៍លេខ៥ ។ ពេលមកដល់ជនរងគ្រោះឈ្មោះ រ៉េត វិសាល ក៏បានជួបជនរងគ្រោះឈ្មោះ ប៉ន ពេជ្រពន្លឺ ភេទប្រុស អាយុ២១ឆ្នាំ និងមិត្តភក្តិចំនួន០៤នាក់ទៀត ១/ឈ្មោះ ផល សីហា ភេទប្រុស អាយុ១៩ឆ្នាំ ២/ឈ្មោះ ភា ភក្តី ភេទប្រុស អាយុ២២ឆ្នាំ ៣/ឈ្មោះ ប៉ែត ភេទប្រុស អាយុ២៧ឆ្នាំ, ៤/ឈ្មោះ ថាច ភេទប្រុស អាយុ២៣ឆ្នាំ ហើយក៏បានបបួលគ្នាទៅអង្គុយលេងនិងទិញស្រាបៀផឹក នៅចំណុចផ្លូវបេតុងច្រកចូលបុរីចន្ទគិរីជាប់មាត់ស្ទឹងស្ពានបាក់ ស្ថិតនៅភូមិព្រែកថ្លឹង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយបានអង្គុយផឹកស៊ីបណ្ដើរ និងមើលកម្មវិធីប្រដាល់ ដែលគេចាក់បញ្ចាំងពីចម្ងាយតាមស្លាយរបស់ស្ថានីយ៍ទូរទស្សន៍ប៉ុស្ដិ៍លេខ៥បណ្តើរ។ រហូតមកដល់វេលាម៉ោង២២និង៣០នាទី ថ្ងៃខែឆ្នាំដដែល កម្មវិធីប្រដាល់បានបិទបញ្ចាំងស្លាយ ជនរងគ្រោះនិងមិត្តភក្តិក៏បាននៅផឹកស៊ីបន្ត រហូតដល់វេលាម៉ោង០១និង០០នាទី ឈានចូលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦ ស្រាប់តែមានជនសង្ស័យមួយក្រុមមានគ្នាចំនួនប្រហែល២៤នាក់ ជិះម៉ូតូប្រហែល១២គ្រឿង មកដល់ រួចក្រុមជនសង្ស័យបានធ្វើសកម្មភាពប្រើដុំថ្ម ដងឆ័ត្រ និងដាវ កាប់ទៅលើជនរងគ្រោះឈ្មោះ ប៉ន ពេជ្រពន្លឺ បណ្ដាលឱ្យរងរបួសក្បាល (ដេរចំនួន១០ថ្នេរ) និងកាប់បំផ្លាញម៉ូតូម៉ាក HONDA DREAM C125 ពណ៌ខ្មៅ សេរីឆ្នាំ២០១៩ ពាក់ផ្លាកលេខភ្នំពេញ1HZ-7108 របស់ជនរងគ្រោះឈ្មោះ រ៉េត វិសាល បណ្ដាលឱ្យខូចខាត ហើយក្រុមជនសង្ស័យក៏បានកាប់យកផ្លាកលេខម៉ូតូភ្នំពេញ1HZ-7108 និងទូរស័ព្ទដៃម៉ាក IPHONE 14 PROMAX ពណ៌ស្វាយ របស់ជនរងគ្រោះឈ្មោះ រ៉េត វិសាល ដែលទុកនៅលើផ្លូវបេតុងកន្លែងផឹកស៊ី រួចក្រុមជនសង្ស័យក៏បាននាំគ្នាជិះម៉ូតូគេចខ្លួន ។ ពេលនោះកម្លាំងសមត្ថកិច្ចប៉ុស្ដិ៍នគរបាលរដ្ឋបាលព្រែកកំពឹស បានជិះម៉ូតូល្បាត ឃើញក្រុមជនសង្ស័យជិះម៉ូតូប្រដេញគ្នាចេញពីកន្លែងកើតហេតុ ដោយមានកាន់ដាវ ដុំថ្ម និងដងឆ័ត្រ អូសបែកផ្កាភ្លើងលើផ្លូវបេតុង សមត្ថកិច្ចក៏បានធ្វើការអន្តរាគមន៍ ដេញតាមឃាត់ខ្លួនជនសង្ស័យបានចំនួន០៩នាក់ ១/ឈ្មោះ មួន រិទ្ធីស័ក្ត ភេទប្រុស អាយុ១៩ឆ្នាំ, ២/ឈ្មោះ សុង ពិសី ភេទប្រុស អាយុ១៤ឆ្នាំ,៣/ឈ្មោះ គីម សុផាន់និត ភេទប្រុស អាយុ១៥ឆ្នាំ, ៤/ឈ្មោះ គីម សុផាត់នុ ភេទប្រុស អាយុ១៤ឆ្នាំ, ៥/ឈ្មោះ រីន ហ៊ួ ភេទប្រុស អាយុ១៩ឆ្នាំ, ៦/ឈ្មោះ ជា សីហា ភេទប្រុស អាយុ១៧ឆ្នាំ,៧/ឈ្មោះ ស្រី សុវណ្ណា ភេទប្រុស អាយុ១៧ឆ្នាំ, ៨/ឈ្មោះ ភី ចន្នី ភេទប្រុស អាយុ២១ឆ្នាំ, ៩/ឈ្មោះ ហ៊ុន សុខហៀង ភេទស្រី អាយុ១៩ឆ្នាំ រួមនិងវត្ថុតាង យកមកធ្វើការសាកសួរនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលព្រែកកំពឹស តាមនីតិវិធីច្បាប់ ។
ក្រោយធ្វើការសាកសួរ ជនសង្ស័យបានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថា ពួកខ្លួន (ជនសង្ស័យ) និងបក្ខពួក១៥នាក់ទៀត ១/ឈ្មោះ រាជ ភេទប្រុស អាយុ១៩ឆ្នាំ ២/ឈ្មោះ តូច ភេទប្រុស អាយុ១៩ឆ្នាំ និង១៣នាក់ទៀតមិនស្គាល់ឈ្មោះ ភេទប្រុស (គេចខ្លួន) ពិតជាបានយកដងឆ័ត្រតាមខ្លួន ធ្វើដំណើរតាមផ្លូវជាតិលេខ២ ដល់ចំណុចស្ពានបាក់ ស្ថិតនៅភូមិព្រែកថ្លឹង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ ក៏មានគេគប់ដុំថ្មមកលើពួកខ្លួន ទើបពួកខ្លួនបានរើសដុំថ្មគប់ទៅវិញប្រាកដមែន ។ បន្ទាប់មកជនរងគ្រោះឈ្មោះ រ៉េត វិសាល និងឈ្មោះ ប៉ន ពេជ្រពន្លឺ ក៏បានមកមើលមុខជនសង្ស័យ រួចបានអះអាងថា ក្រុមជនសង្ស័យដែលមានឈ្មោះខាងលើ ពិតជាក្រុមជនសង្ស័យ ដែលបានធ្វើសកម្មភាពប្រើដងឆ័ត្រ ដុំថ្ម និងដាវកាប់ជនរងគ្រោះឈ្មោះ ប៉ន ពន្លឺពេជ្រ បណ្តាលឱ្យរងរបួសក្បាល និងកាប់បំផ្លាញ ម៉ូតូ រួចកាប់យកផ្លាកម៉ូតូ និងទូរស័ព្ទដៃរបស់ជនរងគ្រោះឈ្មោះ រ៉េត វិសាល ទៅបាត់ប្រាកដមែន រួចជនរងគ្រោះទាំងពីរនាក់ក៏បានដាក់ពាក្យបណ្ដឹងចំឈ្មោះជនសង្ស័យ និងបក្ខពួក ដើម្បីឱ្យសមត្ថកិច្ចចាត់ការតាមនីតិវិធីច្បាប់តែម្ដង៕

ដោយ ៖ ភារ៉ា ដង្កោ
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច